ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្តាយសកម្មជនក្រុមប្រឆាំង ហេង ណុប ហៅបាលី បង្ហាញភស្តុតាង សំបុត្រកំណើត ដើម្បីដាស់ស្មារតីកូនខ្លួនឡើងវិញ ក្រោយកូនប្រកាសមិនស្គាល់ម្តាយ

100

ភ្នំពេញ៖ លោកស្រី ស៊ូ សូរី ដែលជាមេភូមិ៥ សង្កាត់វាលវង់ ខណ្ឌ៧មករា ដែលជាម្តាយ របស់សកម្មជនក្រុមប្រឆាំងម្នាក់ឈ្មោះ ហេង ណុប ហៅអ្នកគ្រូបាលី នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញវីដេអូមួយទៀត ដែលជាការបង្ហាញភស្តុតាងកាន់តែច្បាស់ (សំបុត្រកំណើត និងរូបថត) ដើម្បីដាស់ស្មារតីកូនខ្លួនឡើងវិញ ក្រោយពេលដែល សកម្មជនក្រុមប្រឆាំងនេះ ប្រកាសមិនទទួលស្គាល់ម្តាយ។

សកម្មជនក្រុមប្រឆាំងម្នាក់ឈ្មោះ ហេង ណុប ហៅអ្នកគ្រូបាលី គឺជាអ្នកបង្កើតពាក្យចចាមអារ៉ាមថា «សម្តេចតេជោហ៊ុន សែន ទទួលមរណភាព» បន្ទាប់ពីទទួលភាពល្បីល្បាញ ដោយសារ ការជេរប្រមាថ តាមបណ្តាញសង្គម។ ស្រ្តីរូបនេះអះអាងថា ខ្លួនរស់នៅប្រទេសបារាំង ហើយមានស្វាមី ជនជនបរទេសផងដែរ។

កាលពីម្សិលមិញ លោកស្រី ស៊ូ សូរី បានចេញមុខ សុំអភ័យទោសសម្តេចតេជោ ហ៊ុន សែន ជាសាធារណៈជំនួសកូនស្រី។ ក្នុងវិដេអូ សុំអភ័យទោសនេះ លោកស្រី ស៊ូ សូរី ដែលជាម្តាយ របស់ស្រ្តីឈ្មោះ ហេង ណុប ជាសកម្មជនក្រុមប្រឆាំង នៅក្រៅប្រទេស បានអះអាងថា កូនស្រីរបស់លោកស្រី មិនសូវជាដឹងខុស ត្រូវនោះទេ។

លោកស្រីបានពន្យល់ទៅ កាន់កូនស្រីថា ការរស់រានមាន ជីវិតរបស់នាងសព្វថ្ងៃនេះ ក៏ដោយសារតែ គុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានរំដោះប្រទេស ឱ្យរួចផុតពី របបប្រល័យពូជសាសន៍ ប៉ុលពតផងដែរ។ លោកស្រីបានរំលឹកអំពី គុណបំណាច់ របស់សម្តេចតេជោ ហ៊ុន សែន ចំពោះជាតិមាតុភូមិ ដែលនាំមកនូវភាព សុខសន្តិភាពដល់សព្វថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង