ជំរុញឲ្យស្នងការនគរបាលខេត្តកែប ដែលតែងតាំងថ្មី បន្ដរក្សាសាមគ្គីភាពផ្ទៃក្នុង បម្រើពលរដ្ឋ មិនត្រូវប្រកាន់បក្ខពួក
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានជំរុញស្នងការនគរបាលខេត្តកែប ដែលទើបប្រកាសតែងតាំងថ្មី ត្រូវបន្ដរក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹង និងបង្កើតសមត្ថភាពរបស់មន្ដ្រីទាំងអស់ មិនត្រូវប្រកាន់បក្ខពួក ឬក្រុមណាឡើយ។ លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការរងនគរបាលខេត្តព្រះសីហនុ ត្រូវបានតែងតាំង ជាស្នងការនគរបាលខេត្តកែប ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ដែលបានផ្លាស់ទៅកាន់ជាប្រធាននាយកដ្ឋាន កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល។
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៨នេះ ដោយបានប្រកាសផ្ទេរភារកិច្ច និង តែងតាំងមុខតំណែង ជូនលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការរងខេត្ត ព្រះសីហនុ ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប ក្រោមអធិបតីភាព លោកនាយឧត្ដមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងប្រធាននាយកដ្ឋានបុគ្គលិក និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់អគ្គស្នងការនគរបាលជាតិ ដែលមានការអញ្ជើញរួម ពីសំណាក់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងមន្ត្រីរាជការក្រោមឱវាទយ៉ាងច្រើនកុះករផងដែរ។
នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានជំរុញស្នងការនគរបាលខេត្តកែប ទើបប្រកាសថ្មីត្រូវសិក្សា ស្វែងយល់ពីភូមិសាស្ត្រ និងថ្នាក់ក្រោមតើកងកម្លាំងចង់បានអ្វី ហើយចំពោះថ្នាក់ក្រោមវិញ ក៏ត្រូវស្វែងយល់ និងគោរពថ្នាក់លើរបស់ខ្លួនវិញដែរ ទាំងអស់នេះហើយ សម្រាប់សម្រួលដល់ការងារឲ្យបានជោគជ័យ និងដំណើរការងារដោយរលូន និង បន្ដរក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹង និងបង្កើតសមត្ថភាពរបស់មន្ដ្រីទាំងអស់ មិនត្រូវប្រកាន់បក្ខពួក ឬក្រុមណាឡើយ។
លោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល បានមានប្រសាសន៍ថា “មន្ត្រីនគរបាលខេត្តរកែបទាំងអស់ ត្រូវសាមគ្គីផ្ទៃក្នុង និងបញ្ចៀសឲ្យបានពីការប្រកាន់បក្ខពួកនិយម នៅក្នុងអង្គភាព និងត្រូវរួមគ្នាធ្វើការបម្រើប្រជាពលរដ្ឋ”។
សូមជំរាបដែលថា ការប្រកាសចូលកាន់តំណែងជាស្នងការ របស់លោក ឧត្តមសេនីយ៍បែន តារា នេះ បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល អតីតជាស្នងការខេត្តកែប បានផ្លាស់ទៅកាន់តំណែង ជាប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃវិញ៕