សំណុំរឿងថ្មី ៖ អ្នកស្រី ទេព វន្នី និងសកម្មជនបឹងកក់៥រូប ត្រូវតុលាការផ្ទន្ទាទោសជាប់ពន្ធនាគារម្នាក់ៗ៦ខែ តែត្រូវព្យួរទោស
ភ្នំពេញ៖ សកម្មជនដីធ្លីដ៏ឆ្នើមអ្នកស្រី ទេព វន្នី ដែលទើបចេញពីពន្ធនាគារព្រៃសរយៈពេលពីរថ្ងៃនោះ រួមនឹងបក្ខពួក ៤នាក់ទៀត ត្រូវបានចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ កោះហៅទៅបំភ្លឺនៅតុលាការ ពាក់ព័ន្ធនឹងសំណុំរឿងមួយផ្សេងទៀត គឺបណ្តឹងរបស់ លោកស្រី លី មុំ ដែលជាអតីតសកម្មជនដីធ្លីបឹងកក់ដូចគ្នា នាពេលកន្លងមក។ បន្ទាប់ពីសាកសួរ អស់ពេលមួយព្រឹកថ្ងៃទី២៤សីហានេះ លោក ប៊ុន ធី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស អ្នកស្រីទេព វន្នី រួមទាំងសកម្មជនបឹងកក់ ៥រូប ផ្សេងទៀត ឱ្យជាប់ពន្ធនាគាររយៈពេល៦ខែ ពាក់ព័ន្ធនឹងករណី “គំរាមថានឹងសម្លាប់” ដែលប្តឹងដោយ អតីតស្ត្រីបឹងកក់ លោកស្រី លី មុំ ប៉ុន្តែទៅទាំងអស់នេះ តុលាការមិនឱ្យអនុវត្តនោះទេ គឺត្រូវព្យួរទាំងអស់។
អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីតំបន់បឹងកក់ ដែលទើបត្រូវបានដោះលែង ចេញពីពន្ធនាគារ រួមទាំងសកម្មជនបឹងកក់៣រូបទៀត ក្នុងចំណោមជនជាប់ចោទ៦នាក់ បានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញជាថ្មី នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ដើម្បីតទល់ក្នុងសវនាការនៃសំណុំរឿងមួយផ្សេងទៀត ដែលចោទប្រកាន់ពួកគេពីបទ ពាក់ព័ន្ធនឹងករណី “ប្រមាថ និងគំរាមថានឹងសម្លាប់” ដែលប្តឹងដោយ អតីតស្ត្រីបឹងកក់ លោកស្រី លី មុំ។
ក្រុមស្ត្រីបឹងកក់៦នាក់ ដែលជាជនជាប់ចោទនៅក្នុងសំណុំរឿងនេះ រួមមានអ្នកស្រី ទេព វន្នី លោកស្រី ហេង មុំ លោកស្រី ង៉ែត ឃុន លោកស្រី ឆេង លាភ លោកស្រី គង់ ចាន់ថា និងលោកស្រី តុល ស្រីពៅ ដែលត្រូវបានលោកស្រី លី មុំ ដាក់ពាក្យប្ដឹងពីបទជេរប្រមាថជាសាធារណៈ និងគំរាមថានឹងសម្លាប់ កាលពីឆ្នាំ២០១២ កន្លងទៅ។
នៅក្នុងពេលបើកសវនាការជំនុំជម្រះនេះ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលុបចោលការចោទប្រកាន់ពីបទជេរប្រមាថជាសាធារណៈ ប៉ុន្តែកាត់ទោសជនជាប់ចោទទាំង៦នាក់ ដាក់ពន្ធនាការម្នាក់ចំនួន៦ខែ ពីបទ គំរាមថានឹងសម្លាប់ ប៉ុន្តែទោសនេះ ត្រូវព្យួរ មិនអនុវត្តនៅក្នុងពន្ធនាគារឡើយ។
អ្នកស្រី ទេព វន្នី ជាជនជាប់ចោទម្នាក់ ក្នុងចំណោម៦នាក់ ពុំសុខចិត្តទៅនឹងសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញនោះទេ។ អ្នកស្រី បានប្រាប់អ្នកសារព័ត៌មាន ក្រោយពេលចេញពីសវនាការថា អ្នកស្រីនឹងប្តឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍ នៅពេលខាងមុខនេះ៕