កិច្ចប្រជុំកំពូល អាស៉ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ សម្រេចជាផ្លូវការ រៀបចំនៅចុងខែវិច្ឆិកា តាមប្រព័ន្ធវីដេអូ
ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះ បានសម្រេចជាផ្លូវការ នឹងរៀបចំនៅចុងខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែកក្កដា ។
ក្រសួងការបរទេសបញ្ជាក់ថា កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ (ASEM13) បានធ្វើជាសហប្រធានជាមួយសហភាពអឺរ៉ុប ដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីអាស៉ី-អឺរ៉ុប (ASEM SOM) កាលពីថ្ងៃទី០៧ និងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ មានការចូលរួមពីឧត្តមមន្ត្រីនៃ បណ្តាប្រទេសជាដៃគូ ASEM ចំនួន ៥១រូបរួមទាំងតំណាងមកពីសហភាពអឺរ៉ុប លេខាធិការដ្ឋានអាស៊ាន និងមូលនិធិអាស៉ី-អឺរ៉ុប (ASEF) ផងដែរ។
«ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ កំពុងរីករាលដាលខ្លាំង រួមនឹងការលេចឡើងនៃវីរុសបំប្លែងថ្មីៗបានបង្កើតឱ្យមានរលកនៃការឆ្លងថ្មីនៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងកម្ពុជាផងនោះលោក លុយ ដាវីត រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៉ី-អឺរ៉ុប បានប្រកាសជាផ្លូវការថា កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១តាមរយៈប្រព័ន្ធវីដេអូ»។ នេះបើតាមសេចក្តីប្រកាសរ បស់ក្រសួងការបរទេស។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់យ៉ាងដូច្នេះ៖ «សេចក្តីសម្រេចនេះ ធ្វើឡើងស្របតាមអនុសាសន៍ណែនាំរបស់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយបានបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំកំពូលជាលក្ខណៈរូបវ័ន្ត គឺនឹងមិនមានសុវត្ថិភាពដល់បណ្តាថ្នាក់ដឹកនាំនៃប្រទេសដៃគូ ASEM ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំនោះឡើយ ហើយវាក៏មិនអាចប្រព្រឹត្តទៅបានផងដែរ ព្រោះជំងឺរាតត្បាតនេះបាននិងកំពុងបន្តរីករាលដាលខ្លាំង ស្របពេលដែលបណ្តាប្រទេសជាច្រើនលើសកលលោកបានដាក់ចេញនូវការរឹតត្បិតលើការធ្វើដំណើរសារជាថ្មី»។
កិច្ចប្រជុំបានពិភាក្សាយ៉ាងលម្អិតលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយជំងឺកូវីដ-១៩ ដែលវានឹងក្លាយជាឯកសារមួយក្នុងចំណោមឯកសារលទ្ធផលដ៏សំខាន់ចំនួនពីរដែលនឹងត្រូវអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣។ សេចក្តីថ្លែងការណ៍នេះឆ្លុះបញ្ចាំងពីគោលដៅរួមគ្នារបស់ថ្នាក់ដឹកនាំ ASEM ទាំងអស់ក្នុងការធានាឱ្យបានគោរស្តារឡើងវិញ ក្រោយការរាតត្បាតជំងឺកូវីដ-១៩ ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់។ ឧត្តមមន្ត្រី ASEM បានឯកភាពឱ្យមានការជួបពិភាក្សាគ្នាម្តងទៀតនៅក្នុងខែនេះ ដើម្បីសម្រេចជាស្ថាពរនូវសេចក្តីថ្លែងការណ៍នេះ។
កិច្ចប្រជុំបានស្វាគមន៍ និងសារទរដល់ប្រទេសស្លូវេនីទទួលរៀបចំកិច្ចប្រជុំឧត្តមមន្ត្រី ASEM មួយទៀត នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីពិភាក្សាសេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13 ៕