ឯកអគ្គរដ្ឋទូតឥណ្ឌា ស្នើសុំអោយក្រសួងកសិកម្ម ជួយជំរុញ និងសម្រួលដល់ ការវិនិយោគ របស់ក្រុមហ៊ុនឯកជនឥណ្ឌា ក្នុងវិស័យកសិកម្មនៅកម្ពុជា
ភ្នំពេញ៖ លោកជំទាវឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា បានស្នើសុំអោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជួយជំរុញ និងសម្រួលដល់ការវិនិយោគ របស់ក្រុមហ៊ុនឯកជនឥណ្ឌា ដែលបានវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា។
នៅថ្ងៃអង្គារ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត Devyani Khobragade, ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវីដេអូ conference។ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកជំទាវឯកអគ្គរដ្ឋទូតដែលបានមកបំពេញបេសកកម្មការទូតថ្មីនៅកម្ពុជា។
លោកជំទាវឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីដែលបានឆ្លៀតពេលដ៏មមាញឹកដើម្បីជួបពិភាក្សាការងារក្នុងគោលបំណងដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងកម្ពុជា និងឥណ្ឌា ជាពិសេសក្នុងវិស័យកសិកម្ម។ លោកជំទាវបានគូសបញ្ជាក់ពីការផ្តល់នូវថវិកាជំនួយបច្ចេកទេសក្នុងកម្មវិធី Quick Impact Project និងស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរៀបចំនូវគម្រោងស្នើសុំផ្សេងៗដែលមានថវិកា ៥០ ០០០ ដុល្លារក្នុងគម្រោងនីមួយៗ។ លោកជំទាវក៏បញ្ជាក់ផងដែរអំពីកម្មវិធីពង្រឹងសមត្ថភាពរបស់ឥណ្ឌា និងស្នើអោយក្រសួងកសិកម្មបញ្ជូនមន្ត្រីបច្ចេកទេសដើម្បីចូលរួមអោយបានច្រើន។ លោកជំទាវបានជម្រាបផងដែរអំពីកិច្ចសហប្រតិបត្តិការពហុភាគីរវាងអាស៊ាន និងឥណ្ឌា ដោយបានបង្កើតនូវមូលនិធិអាស៊ាន ឥណ្ឌា ដែលប្រទេសកម្ពុជាក៏អាចលើកនូវគម្រោងវិនិយោគផ្សេងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគីនៃមូលនិធិអាស៊ានឥណ្ឌា។ លោកជំទាវស្នើសុំអោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជួយជំរុញ និងសម្រួលដល់ការវិនិយោគរបស់ក្រុមហ៊ុនឯកជនឥណ្ឌាដែលបានវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់លោកជំទាវដែលបានបន្តជួយជ្រោមជ្រែងដល់វិស័យកសិកម្ម និងផ្តល់ឳកាសដល់ក្រសួងដើម្បីស្នើសុំថវិកាអនុវត្តគម្រោង Quick Impact Project និងគម្រោងវិនិយោគក្នុងវិស័យកសិកម្មក្នុងក្របខ័ណ្ឌមូលនិធិអាស៊ានឥណ្ឌា។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើអោយលោកជំទាវជួយដល់កម្ពុជានូវបច្ចេកទេសថ្មីៗដូចជា Soil Health Card និងបច្ចេកវិជ្ជាកសិកម្មទំនើបៗផងដែរ និងសូមអោយជួយជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរថែមទៀត ជាពិសេសការជំរុញការធ្វើពាណិជ្ចកម្មក្នុងវិស័យកសិកម្ម។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចាត់លោកប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិដើម្បីទំនាក់ទំនងជាមួយស្ថានទូតដើម្បីជំរុញនូវការរៀបចំកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២អោយបានដំណើរការក្នុងពេលដ៏ខ្លីខាងមុខ។
លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ និងគាំទ្រទាំងស្រុងដល់ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី និងឯកភាពនឹងចាត់ អោយមន្ត្រីស្ថានទូតសហការ ជាមួយនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ ដើម្បីធ្វើយ៉ាងណា អោយកិច្ចសហប្រតិបត្តិការ កាន់តែមានប្រសិទ្ធភាព។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរ ទោះជាក្នុងពេលដ៏លំបាកដោយវិបត្តិកូវិដ១៩ក្តី តែយើងអាចជួបគ្នាជាប្រចាំតាមរយៈកិច្ចប្រជុំពិភាក្សារ online ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាង កម្ពុជាឥណ្ឌា និងពិសេសស្នើសុំអោយ ឥណ្ឌាជួយដល់វិស័យ គ្រឿងយន្តកសិកម្មនៅកម្ពុជាផងដែរ៕