ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាជឺជិតស៊ូ កូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា រកបានមេដាយមាស ដោយប្រកួត៥លើក បំបាក់គូរប្រកួត ក្នុងលទ្ធផល ១០០-០

107


ហ្សាការតា៖គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី២៤សីហានេះ បានប្រកាសថា កីឡា​ការិនី ខាន់ ចេសា ឈ្នះ​មេដាយ​មាស​ហើយ ក្រោយផ្ដួល​កីឡាការនី អារ៉ាប់រួម Mahra ក្នុង​លទ្ធផល​ពិន្ទុ​ខ្ពស់​បំផុត ឬ ឈ្នះ​ដាច់ ១០០-០ លើ​វិញ្ញសា​ចំបាប់​ជីជិត​ស៊ូ។ ក្នុងការប្រកួតចំនួន៥លើក ខាន់ ចេសា បានផ្តួលគូរប្រកួត ក្នុងលទ្ធផល ឈ្នះ​ដាច់ ១០០-០ ។

ទីបំផុត ! កីឡាការិនី ខាន់ ចេសា ឈ្នះមេដាយមាសហើយ ក្រោយផ្ដួលកីឡាការនី អារ៉ាប់រួម Alhinaai Mahra ក្នុងលទ្ធផលពិន្ទុ​ឈ្នះដាច់ ១០០-០ លើវិញ្ញសាចំបាប់ជីជិតស៊ូ នា​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​លើក​ទី ១៨ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។​

ក្រោយ​ទទួល​បាន​​​ជ័យជម្នះ​នេះ ខាន់ ចេសា ដែល​មាន​វ័យ ទើប ១៩ ឆ្នាំ​ នឹងទទួលបានប្រាក់រង្វាន់ ៨០ លានរៀលពីរាជរដ្ឋាភិបាល ចេញដោយអនុក្រឹត្រ ហើយ​ក្នុង​នោះ សម្ដេច​តេជោ ហ៊ុន សែន ក៏សន្យាឧបត្ថម្ភដែរ​បើ​សិន​ឈ្នះ​មេដាយ​កម្រិត​ទ្វីប​នេះ។ កន្លងមកសម្ដេច នាយករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភលុយផ្ទាល់ខ្លួន ១ ម៉ឺនដុល្លារ ដល់ ស៊ន សៀវ ម៉ី ក្រោយឈ្នះមេដាយមាសកីឡាតេក្វាន់ដូកាលឆ្នាំ ២០១៤ ហើយ​នៅ​​មាន​ឧបត្ថម្ភ​ការ​រៀន​សូត្រ​របស់ សៀវម៉ី ទៀត​ផង។

នេះជាមេដាយ​មាស​ទី២ ក្នុងរយៈពេល ៤ ឆ្នាំ ក្រោយ សៀវម៉ី ឈ្នះមេដាយមាសកាលឆ្នាំ ២០១៤ នៅកូរ៉េខាងត្បូង ​ហើយ ​មេដាយ​​​នេះ​ត្រូវ​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​កម្ពុជា ក្នុង​ការ​ប្រកួត​កីឡា​​កម្រិត​ទ្វីប​ដែល​មាន ៤៥ ​ប្រទេស​ចូល​រួម។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេសកកម្ម បានឲ្យដឹងពីប្រទេសឥណ្ឌូណេស៊ីថា នេះគឺជាមោទនភាពថ្មីមួយទៀត សម្រាប់គ្រួសារកីឡាជាតិកម្ពុជា ដែលដណ្ដើមបានមេដាយមាស នៅក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដងនេះ។ នេះជាមេដាយមាសទី២ ក្នុងប្រវត្តិសាស្ដ្រ បន្ទាប់ពីវីរកីឡាការិនី ស៊ន សៀវម៉ី ដែលដណ្ដើមបានមេដាយមាសលើកដំបូង ក្នុងការប្រកួតកីឡា Asian Games លើកទី១៧ នៅសាធារណរដ្ឋកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៤។ ប៉ុន្តែលើកនេះ សៀវម៉ី បានធ្លាក់ហើយ។

កីឡាការិនី ខាន់ ចេសា បានឆ្លងកាត់ការប្រកួត ៦លើក ក្នុងនោះប្រកួតទី១ ឈ្នះកីឡាការិនីថៃ ១០០-០ពិន្ទុ។ ប្រកួតទី២ ឈ្នះកីឡាការិនីចិន ដោយស្វ័យប្រវត្តិ បន្ទាប់ពីកីឡាការិនីចិន បោះបង់ការប្រកួត។ ប្រកួតទី៣ ឈ្នះពិន្ទុដាច់លើកីឡាការិនីអីរ៉ង់។ ប្រកួតទី៤ ឈ្នះកីឡាការិនីហ្វីលីពីន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងពិន្ទុ ១០០-០ និងចុងក្រោយផ្ដួលកីឡាការិនី អារ៉ាប់រួម ក្នុងពិន្ទុ ១០០-០ ដោយដណ្ដើមបានមេដាយមាស៕

អត្ថបទដែលជាប់ទាក់ទង