កងទ័ពបានចូលរួមយ៉ាងសកម្ម ដើម្បីសង្គ្រោះជាតិពីគ្រោះអាសន្ននានា ជាពិសេសដំណាកកាលជំងឺកូវីដ១៩
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ មិនត្រឹមតែបានដើរតួនាទីចម្បងក្នុងការស្វែងរក និងបន្តថែរក្សាសន្តិភាពដែលទទួលបានយ៉ាងលំបាកប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្ម ដើម្បីសង្គ្រោះជាតិពីគ្រោះអាសន្ននានា ជាក់ស្ដែងកងទ័ពបានចូលរួមអស់កម្លាំងកាយចិត្ត ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ការបញ្ជាក់បែបនេះ របស់សម្តេចរដ្ឋមន្ត្រីរដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើងបន្ទាប់កងយោធពលខេមរភូមិបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ព្រមទាំងបណ្តាខណ្ឌ និងបន្តចាក់ជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តផ្សេងៗទៀត ជាដើម។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កងយោធពលខេមរភូមិន្ទ មិនត្រឹមតែបានដើរតួនាទីចំបង ក្នុងការស្វែងរក និងបន្តថែរក្សាសន្តិភាពដែលយើងទទួលបានយ៉ាងលំបាកប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្ម ដើម្បីសង្គ្រោះជាតិពីគ្រោះអាសន្ននានា។ ជាក់ស្ដែង កងទ័ពបានចូលរួមអស់កម្លាំងកាយចិត្ត ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»៕