ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តបុកម៉ូតូ នៅស្រុកភ្នំស្រួច បណ្តាលអោយបុរសម្នាក់ស្លាប់

246

កំពង់ស្ពឺ៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៣នឹង៥០នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ65-66 ត្រង់ចំណុចភូមិត្រពាំងអត់ទឹក ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានឡើងរវាងរថយន្តនិងម៉ូតូបណ្តាលឱ្យមនុស្សម្នាក់បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្ត១គ្រឿង ម៉ាក SCANIA ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 3A-9963 សណ្តោងស៊ឺមីរ៉ឺម៉ក់ ពាក់ស្លាកលេខកំពង់ស្ពឺ 4A-0443 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(ចុះរត់គេចខ្លួនបាត់) បើកបរពីទិសខាងលិចទៅទិសខាងកើតដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿង ម៉ាកC90 ពណ៌ទឹកប៊ិច ពាក់ស្លាកលេខកំពង់ស្ពឺ1J-7519 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ដែលកំពុងបើកបរស្របទិស បណ្តាលឲ្យអ្នកបើបរម៉ូតូស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង កម្លាំងជំនាញកំពុងស្រាវជ្រាវរកសាច់ញាតិ។

ករណីនេះមិនបណ្តាលឲ្យស្ទះចរាចរណ៍ឡើយ កម្លាំងនគរបាលកំពុងសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ។ ចំពោះវត្ថុតាងទាំងពីរយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីដោះស្រាយតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង