កងកម្លាំងពិសេស អាហ្វហ្គានីស្ថាន បានទទួលរងការវាយប្រហារ យ៉ាងសាហាវ ពីពួកតាលីបង់ កំឡុងពេលធ្វើការឆ្លើយតបការសុំជំនួយសង្គ្រោះ
Afghanistan៖ នាមុនពេលព្រលឹម បន្ទាប់ពីត្រឡប់ពីបេសកកម្មកាលពីថ្ងៃអង្គារ៍ បានត្រឹមតែរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ក្បួននៃកងកម្លាំងពិសេសអាហ្វហ្គានីស្ថានដែលបានហត់នឿយ បានចាកចេញពីមូលដ្ឋានរបស់ពួកគេវិញ ដើម្បីព្យាយាមសង្គ្រោះនគរបាលម្នាក់ ដែលរងរបួស ដោយសារការវាយប្រហារដោយក្រុមឧទ្ទាមតាលីបង់នៅជាយក្រុង Kandahar ។
ការចេញទៅប្រតិបត្តិការនៅពេលមានភាពតានតឹងប៉ុន្តែស្ងប់ស្ងាត់។ ប្រតិបត្តិការនេះផ្តោតទៅលើភាគខាងត្បូងដែលជាបន្ទាយពួកតាលីបង់ មុនពេលចលនានេះត្រូវបានបណ្តេញចេញពីអំណាចក្នុងឆ្នាំ ២០០១។
បើយោងតាមអ្នកយកព័ត៌មានរ៉យទ័រធ្វើដំណើរជាមួយពួកគេនៅពេលពួកគេទៅដល់ប៉ុស្តិ៍ត្រួតពិនិត្យដែលនគរបាលឈ្មោះ Ahmad Shah បានជាប់ក្នុងនោះតែម្នាក់ឯងអស់រយៈពេល ១៨ ម៉ោង កងកម្លាំងពិសេសប្រហែល ៣០ ទៅ ៤០ នាក់ នៅក្នុងក្បួនរថយន្ត Humvees ត្រូវបានបាញ់ប្រហារដោយអាវុធស្វ័យប្រវត្តិ។
ការប្រយុទ្ធដោយកាំភ្លើងបានផ្ទុះឡើង នៅពេលដែលក្បួនយោធាបានព្យាយាមទៅដល់ទីតាំងរបស់លោក Shah ហើយយកគាត់ទៅដាក់ចូលទៅក្នុងរថយន្តមួយ។
បន្ទាប់មកមានការផ្ទុះខ្លាំងៗ ជាបន្តបន្ទាប់ រថយន្ត Humvees ចំនួនបីដែលដឹកនាំក្បួនក្នុងចំណោម រថយន្តចំនួន ០៨ ត្រូវបានវាយប្រហារដោយគ្រាប់រ៉ុក្កែតដែលបណ្តាលរងការខូចខាតយ៉ាងដំណំ និងមិនអាចបន្តដំណើរបាន។
ខណៈដែលកំពុងច្របូកច្របល់ កងកម្លាំងពិសេសនៅខាងក្នុងរថយន្តដែលខូច បានប្រញាប់ប្តូរទៅឡានដឹកទំនិញ។ ការបាញ់កាំភ្លើងហាក់ដូចជាមកពីគ្រប់ទិសទី ដោយបាញ់ចេញពីទីបញ្ចុះសពមួយទៅខាងឆ្វេង និងពីចម្ការដើមប្រេងខ្យល់ ដែលនៅខាងស្តាំ ៕