សម្ព័ន្ធ DGB សម្រេចពង្រីក ទុនវិនិយោគលើវិស័យហិរញ្ញវត្ថុ នៅកម្ពុជាបន្ថែមទៀត ជាមួយនិងការពង្រីកខ្លួនជាធនាគារពាណិជ្ជ
កូរ៉េ៖ សម្ព័ន្ធ DGB បានសម្រេចពង្រីកទុនវិនិយោគលើវិស័យហិរញ្ញវត្ថុរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត និងបានពង្រីកខ្លួនជាធនាគារពាណិជ្ជ ជាមួយនិងការជ្រើសរើសអគ្គនាយកធនាគារជាជនជាតិខ្មែរផងដែរ។ ក្រៅពីនេះធនាគារសម្រេចបញ្ចុះអត្រាការប្រាក់ពិសេសប្រមាណ៤ភាគរយ សម្រាប់ប្រជាជនខ្មែរនៅប្រទេសកូរ៉េ។
ការជ្រើសរើសបុគ្គលិកខ្មែរបន្ថែមទៀតនេះ គឺដើម្បីបំពេញការងារនៅក្នុងធនាគារ និងបានឧបត្ថមថវិកា ២ម៉ឺននដុល្លាអាមេរិក ដល់គម្រោងផ្សព្វផ្សាយវិស័យអប់រំសម្រាប់យុវជននៅកម្ពុជាផងដែរ។
ការសម្រេចរបស់សម្ព័ន្ធ DGB ខាងលើបានធ្វើឡើង កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ ខណៈដែល លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានជួបពិភាក្សាការងារដោយឡែកជាមួយនឹងប្រធានសម្ព័ន្ធDGB Financial Group និងអគ្គនាយកធនាគារ DGB Daegu Bank ។
ការជួបពិភាក្សានេះ ផ្តោតទៅលើការវិនិយោគបន្ថែមនៅប្រទេសកម្ពុជា លើវិស័យហិរញ្ញវត្ថុ ការបញ្ចុះអត្រាការប្រាក់ពិសេសសម្រាប់សហគមន៍ខ្មែរនៅប្រទេសកូរ៉េ ការផ្ដល់ឱកាសការងារដល់និស្សិតកម្ពុជាដែលបានរៀនចប់នៅប្រទេសកូរ៉េ ដើម្បីបម្រើការងារនៅក្នុងធនាគារ និងការឧបត្ថមគាំទ្រផ្នែកមនុស្សធម៌ទាំងនៅកម្ពុជា និងប្រទេសកូរ៉េ ដល់ប្រជាជនកម្ពុជា។
មន្ត្រីទូត បានអោយដឹងថា លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត និងសហការី បន្តបន្ថែមសមិទ្ធិផល ទាំងកិច្ចការងារការទូតសេដ្ឋកិច្ច និងការងារសហគមន៍ខ្មែរ ក្នុងបេសកកម្មទៅទិសខាងត្បូង នៃប្រទេសកូរ៉េ រយៈពេល ២ថ្ងៃ។
នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ លោកទូត ឡុង ឌីម៉ង់ និងសហការីបានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគាំពារស្រ្តីបរទេសក្នុងទីក្រុងថេហ្គូ ជាមួយ ប្រធានសម្ព័ន្ធប្រធានDGB Financial Group និង អភិបាលខណ្ឌសហ្គូ ដោយមជ្ឈមណ្ឌលនេះ មានការឧបត្ថមពីធនាគារ DGB Daegu Bank។
ស្រ្តីខ្មែរដែលបានរៀបការ និងកំពុងរស់នៅជាមួយគ្រួសារកូរ៉េជាច្រើន រួមនឹងស្រ្តីបរទេសដៃទៀត បាននឹងកំពុងសិក្សា និងទទួលការបណ្ដុះបណ្ដាលលើជំនាញវិជ្ជាជីវៈពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគាំពារស្រ្តីបរទេសក្នុងទីក្រុងថេហ្គូ ដូចជា ច្បាប់គាំពារស្រ្តីអន្ដោប្រវេសន៍ ជំនាញកាត់ដេរ សម្អាង វិជ្ជាមេផ្ទះ ជំនាញបកប្រែបណ្ដុះបណ្ដាលមូលដ្ឋានគ្រិះសម្រាប់បំពេញការងារ បើកបររថយន្ដ ជំនាញរដ្ឋបាលកុំព្យូទ័រ។ល។
ថ្លែងទាំងញញឹមក្នុងពិធីសម្ពោធមជ្ឈមណ្ឌល លោកទូត ឡុង ឌីម៉ង់ បាននិយាយដោយមោទនភាពអំពីសមិទ្ធផលថ្មីនេះបន្ថែមទៀត នៃកិច្ចការងារការទូតសេដ្ឋកិច្ចរវាងស្ថានទូតកម្ពុជា និងសម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group បន្ទាប់ពីបានចុះMOU៕