ប្រតិភូ និងអត្តពលិកកម្ពុជា នឹងចេញទៅប្រកួតកីឡាអូឡាំពិក-ទីក្រុងតូក្យូ នាថ្ងៃទី២០-កក្កដា
CAMSOC-ភ្នំពេញ៖ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា នឹងត្រូវចាកចេញពីមាតុភូមិ ទៅចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Game 2020) នៅប្រទេសជប៉ុន នាថ្ងៃទី២០ ខែកក្កដាសប្ដាហ៍ក្រោយនេះហើយ ក្រោមការដឹកនាំរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយបេកកម្ម ។
លោក ញាណ សុខវិសាល នាយរងបេសកកម្ម បានឲ្យដឹងថា ប្រតិភូកម្ពុជា ដែលត្រូវបំពេញបេសកកម្មខាងលើ នឹងដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន នាយបេកកម្ម អមដំណើរដោយលោកស្រីវេជ្ជបណ្ឌិត ហួត ចាន់ធានី និងរូបលោក ។ រីឯកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា មាន ៣រូប រួមមានកីឡាហែលទឹក ២រូប គឺកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួតវិញ្ញាសាហែល ៥០ម៉ែត្រសេរីដូចគ្នា និងកីឡាករអត្តពលកម្មម្នាក់ គឺកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ ។
នាយរងបេសកកម្មដដែលបញ្ជាក់ថា ប្រតិភូ និងអត្តពលិកកម្ពុជា ត្រូវចេញដំណើរទៅប្រទេសជប៉ុន នាថ្ងៃទី២០ ខែកក្កដាខាងមុខ ដើម្បីត្រៀមចូលរួមពិធីបើកការប្រកួតផ្លូវការព្រឹត្តិការណ៍ Tokyo Olympic Game 2020 នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។ ប៉ុន្ដែកម្មវិធីប្រកួតរបស់អត្តពលិកកម្ពុជា ត្រូវរង់ចាំដល់ថ្ងៃទី០១ ខែសីហាដូចគ្នា ហើយក្រោយចប់ការប្រកួត ប្រតិភូ និងអត្តពលិកកម្ពុជា គ្រោងត្រឡប់មកមាតុភូមិវិញភ្លាមៗ ដោយមិនរង់ចាំនៅពិធីបិទការប្រកួតឡើយ ព្រោះកត្ដាសុវត្ថិភាព និងពិបាកស្វែងរកជើងហោះហើរត្រឡប់មកវិញ ។
គួរដឹងថា កម្ពុជាបានទទួលសិទ្ធអនុគ្រោះ ក្នុងការបញ្ជូនអត្តពលិក ២ប្រភេទកីឡា គឺកីឡាហែលទឹក និងកីឡាអត្តពលកម្ម ចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេស ដែលបានលើកពេលពីឆ្នាំមុន មករៀបចំឆ្នាំនេះ ចាប់ពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ខាងមុខ ៕