ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន សម្រេចដកតំណែងលោក ឌុច សុវណ្ណារី

55

 

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចដកលោក ឌុច សុវណ្ណារី រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចេញពីតំណែង។ ​ សម្តេចសម្តែងការខឹងសម្បាជាខ្លាំងចំពោះលោក ឌុច សុវណ្ណារី ដែលបានប្រមាថចំពោះសពលោក ហុង ថែម ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចដែលទទួលមរណភាពដោយសារជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើហ្វេសប៊ុកនៅថ្ងៃសុក្រនេះ បានចូលរួមរំលែកមរណទុក្ខចំពោះមរណភាពនេះ តាមរយៈលោកស្រី ម៉ែន សំអន ចំពោះមរណភាពលោក ហុង ថែម ។

សម្តេចតេជោ បានបញ្ជាក់លើហ្វេសប៊ុកថា «ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ ម៉ែន សំអន ចំពោះមរណភាព បង ហុង ថែម ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩។
ខ្ញុំមិននឹកស្មានដល់សោះថាខ្ញុំមានមន្ត្រីមួយរូប ថ្នាក់រដ្ឋលេខាធិការបង្ហោះសារផ្ជាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវ ម៉ែន សំអនសុំឲ្យដកចេញក៏មិនព្រមដកដែរ។ ខ្ញុំមិនអាចទុក លោក ឌុច សុវណ្ណារី អោយនៅជារដ្ឋលេខាធិការក្រសួង បានតទៅទៀតទេ គឺត្រូវដកចេញពីតំណែង ព្រោះលោកមិនស័ក្ដិសមជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌»។

លោក ហុង ថែម បានទទួលមរណភាព កាលពីថ្ងៃម្សិលមិញនេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លោក ហុង ថែម ជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩។

លោក ឌុច សុវណ្ណារី បានបង្ហោះសារប្រមាថចំពោះមរណភាពនេះ។ លោក ឌុច សុវណ្ណារី បានបង្ហោះសារលើហ្វេសប៊ុកថា «ថ្ងៃនេះ ខ្ញុំបានទទួលដំណឹងថា មនុស្សម្នាក់ដែលតែងតែអគតិចំពោះកូនចៅ ក៏ដូចជារូបខ្ញុំ បានលាចាកលោកទៅហើយ។ ដោយសារកូវីដ ខ្ញុំមិនបានចូលរួមជូនដំណើរទេ ហើយក៏សូមអហោសកម្មជូនគាត់ ហើយសូមបួងសួង បើជាតិក្រោយគាត់មានសំណាង បានកើតជាមនុស្ស សូមឲ្យមានចិត្តទូលាយ ដឹងខុស ដឹងត្រូវជាងនេះ កុំត្រចៀកស្រាលដូចជាតិនេះទៀត»៕

អត្ថបទដែលជាប់ទាក់ទង