ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី កំណត់យកវត្តចំនួន៤ សម្រាប់បូជាសពអ្នកកើតជំងឺកូវីដ សាច់ញាតិ១០នាក់ប៉ុណ្ណោះ អាចចូលរួមបុណ្យបាន

72

 

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចកំណត់យកវត្តចំនួន៤ សម្រាប់បូជាសពអ្នកកើតជំងឺកូវីដ១៩ ហើយបងប្អូនប្រជាពលរដ្ឋ ក្រុមគ្រួសារអាចទទួលយកសពទៅបូជានៅទីកន្លែង ដែលបានកំណត់ ក្រោយពីមន្រ្តីសុខាភិបាល បានវេចខ្ចប់សពអ្នកជំងឺកូវីដ១៩ បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសរួចរាល់ ដោយក្នុងនោះ​ក្រុមគ្រួសារសាច់ញាតិ របស់សពអ្នកកើតជំងឺកូវីដ១៩ ត្រូវបានអនុញ្ញាតឲ្យចូលរួម ក្នុងពិធីបុណ្យសពបានត្រឹមតែ១០នាក់ប៉ុណ្ណោះ។ នេះបើតាមសេចក្ដីជូនដំណឹង លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។

ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ក្រោយពីមន្រ្តីសុខាភិបាលបានវេចខ្ចប់សពអ្នកជំងឺកូវីដ១៩បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសរួចរាល ក្រុមគ្រួសារអាចទទួលយកសពទៅបូជានៅទីកន្លែង ដែលបានកំណត់។ វត្តចំនួន៤ ដែលត្រូវបានកំណត់យកសម្រាប់បូជាសពអ្នកកើតជំងឺកូវីដ១៩ រួមមាន ១) វត្តអង្គតាមិញ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ២) វត្តគោកបញ្ជាន់ ស្ថិតនៅផ្លូវវែងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ៣) វត្តជន្លង់ម្លូ ស្ថិតនៅភូមិព្រៃងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល និង៤) វត្តក្រាំងធ្នង់ ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

លោក ងី មានហេង បានបញ្ជាក់ទៀតថា ក្រុមគ្រួសារសាច់ញាតិរបស់សពអ្នកកើតជំងឺកូវីដ១៩ ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងពិធីបុណ្យសពបានត្រឹមតែ១០នាក់ប៉ុណ្ណោះ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង