ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាំកុងត្រូល​ ចុះ​ពិនិត្យ​តាមផ្សារ​ ដកហូត​ ​ទំនិញខូចគុណភាព និងយកទៅដុតកម្ទេចចោល

151


​ខេត្តមណ្ឌលគិរី​៖ សាខា​កាំកុងត្រូល​ខេត្តមណ្ឌលគិរី បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម ចុះ​ត្រួតពិនិត្យ​ទំនិញ​តាម​ផ្ទះ និង​ម៉ា​ត នានា នៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា រកឃើញ និង​ដកហូត​ទឹកក្រូច​ខូចគុណភាព ចំនួន​១៨១​កេះ​។​

​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ក្រុមការងារ​បាន​ចុះ​ពិនិត្យ​នៅតាម​ម៉ាក និង​ធ្វើតេស្ត​លើ​បន្លែស្រស់ៗ សរសៃ​គុយទាវ មី នំ បញ្ចុក មី​លឿង ជ្រក់ត្រសក់ ជ្រក់ស្ពៃ ជ្រក់​ឆៃថាវ​។ ជាល​ទ្ឋ​ផល​មិនឃើញ​ផលិតផល​ណាមួយ​មាន​លាយ​សារធាតុ​គីមី​ហាមឃាត់​ទេ ប៉ុន្តែ​មន្ត្រី​យើង​បាន​រកឃើញ​ទឹកក្រូច​ចំនួន​១៨១​កេះ ស្មើនឹង​៤៣៤៤​ដប ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ត្រូវបាន​ដកហូត​ទុក​ដុត​កំទេចចោល​។​ ​

លោក ជ័យ សាមឿន បានឱ្យដឹងថា ការចុះត្រួតពិនិត្យនេះ គឺផ្តោតសំខាន់ទៅលើ ទំនិញ វេចខ្ចប់ស្រាប់ ភេសជ្ជៈ និងចំណីអាហារដែលអាជីវករដាក់តាំងលក់ នៅតាមផ្ទះ លក់គ្រឿងទេសនានា ដើម្បីពិនិត្យគុណភាព សុវត្ថិភាពចំណីអាហារ ក្នុងគោលបំណង ការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ និងបានធ្វើការចុះអប់រំណែនាំដល់អាជីវករទាំងអស់ឱ្យ​ចៀសវាងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ហើយត្រូវរៀបចំទំនិញលក់ដូរឱ្យ មានសណ្តាប់ធា្នប់ទៅតាមប្រភេទទំនិញនីមួយៗ។ លើសពីនេះមន្ត្រីជំនាញក៏បានបិទរូបភាព ដែលរៀបចំដោយអគ្គនាយកដ្ឋានកាំងកុងត្រូល ស្តីពី សូមពិចារណាមុននឹងជ្រើសរើសផលិតផលម្ហូបអាហារណាមួយមកបរិភោគ ជូនដល់អ្នកលក់ដូរ និងអ្នកប្រើប្រាស់។

ចំណែកនៅខេត្តពោធិ៍សាត់ ថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០១៨​ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យ ទំនិញម្ហូបអាហារ នៅផ្សារទីរួមខេត្តពោធិ៍សាត់ ដោយបានធ្វើតេស្តបឋមលើ ផ្អក ប្រហុក ត្រីងៀត សសៃរគុយទាវ សាច់ក្រក លតស្វិត បាញ់ឌុក តៅកឺ និងត្រួតពិនិត្យទំនិញវេចខ្ចប់ស្រេចដទៃទៀត។ ជាលទ្ធផល យើងរកឃើញ លតស្វិត៣គីឡូក្រាម និង នំបាញ់ឌុក​ ៣គីឡូក្រាម​ ដែលមានផ្ទុកសារធាតុគីមីបូរ៉ាក់​ និងបានដកហូត ធ្វើការកម្ទេចចោល នៅនឹងកន្លែងតែម្តង

ក្នុងថ្ងៃដដែល នៅខេត្តបន្ទាយមានជ័យ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានធ្វើការដុតកម្ទេចចោលនូវទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ ដែលរឹបអូសបាននៅតាមផ្សារ​ និងតាមច្រកទ្វារកន្លងមកចំនួន ១.១០០គីឡូក្រាមក្នុងនោះក៏មានការចូលរួម ជាកិត្តិយសពី លោក ស៊ុំ ណារុន អគ្គនាយករង​ នៃអគ្គនាយកដ្ឋានកាំកុងត្រូល លោក លី សារី អភិបាលរងខេត្ត និងលោក សេង គឹមឡាក់​ ព្រះរាជអជ្ញាររង ខេត្តបន្ទាយមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង