សូមអញ្ជើញមកលេងល្បែងសុីសង ដុះស្នឹម នៅសង្កាត់ព្រែកប្រា, ខាងគណៈបញ្ជាការឯកភាព ខណ្ឌច្បារអំពៅ មិនរំខាននោះទេ…???
ភ្នំពេញ ៖ បើយោងតាមសេចក្ដីរាយការណ៍ នៅថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២១នេះ មានពួកញៀនល្បែងសុីសង កំពុងប្រមូលផ្ដុំគ្នាបើកលេងល្បែងសុីសង ដោយរលូននៅក្រុមទី១ មណ្ឌល២ ផ្លូវបេតុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ហើយកន្លែងបើកលេងល្បែងសុីសងនោះ គឺក្រុមញៀនល្បែង បានបើកលេងល្បែងសុីសង ដោយប្រមូលផ្ដុំគ្នាបើកលេងយ៉ាងចាស់ដៃ ចាប់ពីថ្ងៃរសៀលរហូត ដល់យប់ជារៀងរាល់ថ្ងៃ ហើយការលេងល្បែងសុីសងនោះ គឺអ្នកញៀនល្បែងទាំងអស់នោះ ដៃទូលាយណាស់ចាក់មួយៗដៃ លុយច្រើនៗ គឺមិនចាញ់អ្នកចូលលេង តាមការសុីណូប៉ុន្មានឡើយ។ នេះបើយោងតាមសេចក្ដីរាយការណ៍ ប្រាប់មកភ្នាក់ងារគេហទំព័រភ្នំពេញរីផតធ័រ នៅថ្ងៃនេះ(១៨ .០៧ .២០២១)។
សេចក្ដីរាយការណ៍ដដែលនោះ បានអោយដឹងទៀតថា កន្លែងលេងល្បែងសុីសងនោះ បើចង់មកលេង គឺមិនពិបាករកនោះទេ ដោយធ្វើដំណើរតាមផ្លូវលេខ៣៦៩ ចុះពីច្បារអំពៅទី១ រួចបត់មកខាងឆ្វេងដៃកែងផ្លូវលេខ៣៦៩ ត្រង់កន្លែងដេប៉ូលក់សាំងដប ផ្លូវបេតុងមួយខ្សែ ចូលទៅក្នុងភូមិមកខាងកើត ចំងាយជិត១០០០ម៉ែត្រ រួចបត់មកស្ដាំដៃតាមផ្លូវបេតុង ទៅត្រង់ដល់ច្រកផ្លូវបេតុងទី៥ រួចឃើញផ្ទះកូនកាត់វីឡា បែរមុខទៅខាងជើង ដោយខាងម្ខាស់ផ្ទះគាត់ជួលអោយអ្នកញៀនល្បែង បើកលេងល្បែងសុីសង ក្នុងមួយថ្ងៃៗ២០ដុល្លារ។
ហើយពួកញៀនល្បែងសុីសងទាំងអស់នោះ ភាគច្រើនជាមនុស្សស្រី ដោយអ្នកខ្លះមានប្ដី, មានកូនផងដែរ។ ឮថាអ្នកញៀនល្បែងសុីសងទាំងអស់នោះ ភាគច្រើនអ្នកច្បារអំពៅ និងមកពីកន្លែងផ្សេងៗឯទៀត ដោយប្រមូលផ្ដុំគ្នាបើកល្បែងសុីសង នៅផ្ទះខាងលើនោះជាយូរយារណាស់មកហើយ ពោលគឺបើកលេងល្បែងសុីសងខាងលើនោះ ឡើងដុះស្នឹមដោយ មិនភ័យខ្លាចជំងឺកូវីដ១៩ឡើយ និង ក្រុមសមត្ថកិច្ច នៃគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅសោះឡើយ នេះពិតជាសឿងបឿងមែនៗ ពួកញៀនល្បែងសុីសងអើយ។
ដូចនេះមហាជនទូទៅពួកគាត់ បានស្នើទៅដល់ខាងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ល្មមដល់ពេលប្រើកណ្ដាប់ដៃដែក ចុះបង្រ្កាបបនល្បែងសុីសងខាងលើនេះផង អោយស្របតាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ពោលគឺគ្មានល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ។
ចំពោះបងប្អូនប្រជាជនទូទៅ ដែលមានលំនៅស្ថាននៅ ម្ដុំបនល្បែងសុីសងខាងលើនោះ គឺពួកគាត់បានសម្ដែង នូវក្ដីព្រួយបារម្ភជាខ្លាំង ពីសុវត្ថិភាពពួកគាត់ ដោយមិនចូលចិត្តទេ កូនចៅផ្ទះបើកល្បែងសុីសងខាងលើនោះ តែងតែមកលេងជាមួយកូនអ្នកស្រុក នៅទីនោះហើយពួកអ្នកស្រុក ភ័យខ្លាចឆ្លងជំងឺកូវីដ១៩ ទៅដល់កូនៗពួកគាត់ ព្រោះអីអ្នកញៀនល្បែងសុីសងទាំងអស់នោះ គឺពួកគាត់មកប្រមូលផ្ដុំគ្នា លេងល្បែងសុីសងខុសច្បាប់ ដោយមិនខ្លាចឆ្លងជំងឺកូវីដឡើយ៕