ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ជាតំបន់រ៉ាមសារ ដែលបានផ្តល់ជាធនធានធម្មជាតិសម្រាប់ពលរដ្ឋប្រើប្រាស់ និងជាទីជម្រកសត្វស្លាប

48

 

ខេត្តតាកែវ ៖ ក្រសួងបរិស្ថានរៀបចំដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ជាតំបន់រ៉ាមសារដោយសារតែ បានផ្តល់ធនធានធម្មជាតិសម្រាប់ទ្រទ្រង់ដល់ជីវភាព ប្រជាសហគមន៍ និងជាទីជម្រកសម្រាប់សត្វស្លាបទឹក និងសត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ។

ក្រសួងបរិស្ថានបរិស្ថាន បាននិងកំពុងរៀបចំដាក់តំបន់ ការពារទេសភាពបឹងព្រែកល្ពៅស្ថិតនៅក្នុងខេត្តតាកែវ ជា«តំបន់រ៉ាមសារ» ដោយសារតែភាពសំខាន់នៃតំបន់នេះ ដែលបានផ្តល់ជាធនធានធម្មជាតិសម្រាប់ពលរដ្ឋប្រើប្រាស់ និងជាទីជម្រកសត្វស្លាបជាច្រើនប្រភេទ ដែលជាប្រភេទសត្វកម្រ។ នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នេះ។

ឯកឧត្តមបានថ្លែងថា ការដាក់តំបន់ដីសើមមួយជាតំបន់រ៉ាមសារ គឺត្រូវមានការសិក្សា និងប្រមូលទិន្ន័យពីជីវចម្រុះ សេវាកម្មអេកូឡូស៊ី និងសក្តានុពលនៃតំបន់ដីសើមនោះដើម្បីរៀបចំឯកសារព័ត៌មាន និងទាមទារឱ្យមានការពិគ្រោះយោបល់ និងទទួលការគាំទ្រពីអ្នកពាក់ព័ន្ធទាំងនៅមូលដ្ឋាន ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។ បើតំបន់ការពារទេសភាពបឹងព្រែកល្ពៅត្រូវបានដាក់តំបន់រ៉ាមសារ នោះកម្ពុជានឹងមាន តំបន់រ៉ាមសារសរុបចំនួន ៦។ តំបន់រ៉ាមសារទាំង ៥ របស់កម្ពុជារួមមាន តំបន់រ៉ាមសារស្ទឹងត្រែង កោះកាពិ បឹងទន្លេឆ្មារ ព្រែកទាល់ និងស្ទឹងសែន។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅស្ថិត នៅក្នុងខេត្តតាកែវ បានផ្តល់ជាធនធានធម្មជាតិ សម្រាប់ទ្រទ្រង់ដល់ជីវភាព ប្រជាសហគមន៍ និងជាទីជម្រកសម្រាប់សត្វស្លាបទឹក និងសត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ជាពិសេសសត្វក្រៀលដែលជាប្រភេទសត្វស្លាប កំពុងទទួលរងការគំរាមកំហែង។ នៅថ្មីៗនេះផងដែរ ឧទ្យានុរក្សនៃក្រសួងបរិស្ថានក៏បានកត់ត្រាពីវត្តមាន ចាបព្រៃវែង ដែលជាប្រភេទសត្វទេសន្តរប្រវេសន៍ ផ្លាស់ទីរវាង ស៊ីបេរី និងអាស៊ីអាគ្នេយ៍ តាមផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី។

ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក៏មានវត្តមាន សត្វត្រដក់ធំ ដែលជាប្រភេទសត្វស្លាបជិតផុតពូជ និងប្រភេទសត្វស្លាបទឹកមួយចំនួនដូចជា ត្រយងខ្លួនស ត្រយងខ្លួនរលោង រនាលពណ៌ ចង្កៀលខ្យង ទុងប្រផេះជាដើមដែលបានចុះមករកចំណីក្នុងតំបន់នេះ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានផ្តល់ជាអត្ថប្រយោជន៍សំខាន់ៗជាច្រើន ដែលបានគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈសេវាកម្មប្រព័ន្ធអេកូឡូស៊ីយ៉ាងសម្បូរបែបរបស់វាដូចជា៖ សេវាកម្មផ្គត់ផ្គង់ដោយផ្តល់ជាប្រភពទឹក អាហារ ឱសថ ត្រី ធនធាន ពន្ធុ ដីល្បាប់ និងធនធានធម្មជាតិផ្សេងៗទៀត សេវាកម្មនិយ័តកម្ម ដោយទប់ស្កាត់គ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត និយ័តកម្មអាកាសធាតុក្នុងតំបន់ និងនៅសាកល បន្សុទ្ធទឹក ជាដើម សេវាកម្មវប្បធម៌ ដោយផ្តល់ជាតម្លៃសោភ័ណភាព ទេសចរណ៍ធម្មជាតិ ការកម្សាន្ត តម្លៃបេតិកភណ្ឌវប្បធម៌ សាសនា ទំនាក់ទំនងសង្គម ការអប់រំ និងសិក្សាស្រាវជ្រាវ និងសេវាកម្ម គាំទ្រ ដូចជាផ្តល់ជាទីជម្រកដល់ជីវចម្រុះ ការកកើតដីល្បាប់ សារធាតុរ៉ែ សារធាតុសរីរាង្គ ផ្តល់ជាផលិតកម្មបឋម គាំទ្រដល់វដ្តទឹក និងវដ្តចំណីអាហារ។ល។

«ទាំងនេះគឺបានបញ្ជាក់ពីសារៈសំខាន់ជាអន្តរជាតិរបស់តំបន់ការពារទេសភាពនេះ។ ដូចនេះទើប ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំដាក់តំបន់ការពារទេសភាព បឹងព្រែកល្ពៅនេះទៅជាតំបន់ រ៉ាមសារដែលនឹងផ្តល់តម្លៃដល់តំបន់ដីសើមនេះជាអន្តរជាតិ»។ នេះគឺជា ការថ្លែងបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយបន្ថែមថា ក្រសួងរំពឹងថាការដាក់ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ នឹងធ្វើឡើងក្នុងពេលវេលាសមស្របខាងមុខនេះ។

ទាក់ទងនឹងសារៈប្រយោជន៍ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ការដាក់តំបន់ការពារទេសភាពបឹងព្រែល្ពៅជាតំបន់រ៉ាមសារ គឺបង្ហាញឱ្យឃើញថា តំបន់ដីសើមនេះមានសារៈសំខាន់ ជាអន្តរជាតិ និងមានការទទួលស្គាល់ជាអន្តរជាតិ ដោយអនុសញ្ញារ៉ាមសារ ដែលមានលេខាធិការដ្ឋានរ៉ាមសារ នៅប្រទេសស្វីស។ ការដាក់តំបន់ការពារទេសភាពបឹងព្រែល្ពៅជាតំបន់រ៉ាមសារ ក៏មានអត្ថប្រយោជន៍ផ្សេងៗទៀតដូចជា៖ ១)បង្កើនការយល់ដឹងជាសាធារណៈពីសារៈសំខាន់ នៃតំបន់ដីសើម ២)បង្កើនការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការគ្រប់គ្រងតំបន់ដីសើម ៣)មានការគាំទ្រកាន់តែច្រើនជាងមុនក្នុងការ ការពារនូវតំបន់ទាំងនោះក៏ដូចជាតំបន់នៅជុំវិញ ៤)បង្កើនមូលនិធិសម្រាប់អភិរក្សទាំងក្នុងនិងក្រៅប្រទេស ៥) ពង្រឹងកាលានុវត្តន៍ភាព ក្នុងការជំរុញការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត និងអេកូទេសចរណ៍។

លោក ស្រី ស៊ុនលាង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថានបានថ្លែងថា ប្រទេសកម្ពុជា បានអនុម័តយល់ព្រមលើអនុសញ្ញារ៉ាមសារ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ និងបានចូលជាសមាជិកពេញសិទ្ធិនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩៩។ អនុសញ្ញារ៉ាមសារធ្វើការលើសសរស្តម្ភចំនួន ៣ សំខាន់គឺ ១)ការប្រើប្រាស់តំបន់ ដីសើមប្រកបដោយភាពឈ្លាតវៃ ២)កំណត់និងបង្កើតតំបន់ដីសើមជាលក្ខណៈអន្តរជាតិ និង៣)កិច្ចសហការអន្តរជាតិ។ បច្ចុប្បន្ននេះ តំបន់ដីសើមដែលត្រូវបានដាក់បញ្ចូល ជាតំបន់រ៉ាមសារមានចំនួន ២៤២៤ នៅលើពិភពលោក គ្របដណ្តប់លើផ្ទៃដីចំនួន ២៥លានហិកតា ដែលក្នុងនោះកម្ពុជាមានចំនួន ៥ កន្លែងសរុបមានផ្ទៃដីទំហំ ៤២.២៥៧ ហិកតា៕

អត្ថបទដែលជាប់ទាក់ទង