ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេល៨ខែ បង្រ្កាបគ្រឿងញៀន បាន ៤០ករណី វត្ថុតាង គ្រឿងញៀន ៤០០ គីឡូក្រាម

79


​ភ្នំពេញ ៖ គ្រឿងញៀន គឺជា​បញ្ហា​សកល និង​ជា​បទឧក្រិដ្ឋ​ឆ្លងដែន​ដ៏​ធំ​មួយ​ដែល​ពិភពលោក​ទាំងមូល​កំពុង​ប្រឈមមុខ​យ៉ាង​ស្រួចស្រាវ រួមគ្នា​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​ទៅនឹង​បញ្ហា​នេះ​។ ទន្ទឹមនឹងនេះ​ផងដែរ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​ផែនការ​ជាតិ​៣​ឆ្នាំ​(២០១៦-២០១៨) ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន និង​ការចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុ​វ​តិ្ថ​ភាព និង​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៣(១​មករា ដល់ ៣១ ខែធ្នូ ឆ្នាំ​២០១៨) អនុវត្ត​កន្លងមក បានកត់សម្គាល់​ពីស​ភា​ព​ការណ៍​គ្រឿងញៀន និង​អនុវត្ត​ការងារ​ក្នុង​ឆមាស​ទី​១ គឺ​ទទួលបាន​លទ្ធផល​ប្រសើរ ។​

កិច្ចប្រតិបត្តិការបទល្មើសគ្រឿងញៀនករណីធំៗ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ បង្រ្កាបបាន ៤០ករណី ឃាត់ខ្លួន ៦៥នាក់ (ស្រី១៦នាក់) វត្ថុតាង គ្រឿងញៀន ៤៤៥ គីឡូក្រាម និង ៤២៥,០៦ក្រាម និង រុក្ខជាតិស្លឹក KHAT ៣២២៧ គីឡូក្រាម ។ ក្នុងនោះតាមច្រកផ្លូវគោក ១៩ករណី ២០ក្រុម ឃាត់ខ្លួន ៤៤នាក់(ស្រី៨នាក់) ជនបរទេស ៨នាក់(ស្រី ១នាក់) និងរឹបអូសបានគ្រឿងញៀន ២៥៧គីឡូក្រាម ៤០៦,៨២ក្រាម, តាមច្រកប្រៃសណីយ៍ បង្រ្កាបបាន ១៨ករណី ឃាត់ខ្លួន ១៧នាក់(ស្រី ៥នាក់) ជនបរទេស ១២នាក់ រឹបអូសគ្រឿងញៀន ១៨០គីឡូក្រាម ៧៥២,៦០ក្រាម និងស្លឹករុក្ខជាតិ KHAT ២៩៣៧,៣៦ គីឡូក្រាម, តាមផ្លូវអាកាស បង្រ្កាបបាន ៣ករណី ឃាត់ខ្លួន ៤នាក់(ស្រី ៣នាក់) ជនជាតិថៃ ២នាក់(ស្រី) ប៊ែលហ្សិក ១នាក់ វៀតណាម ១នាក់(ស្រី) រឹបអូសគ្រឿងញៀន ៧គីឡូក្រាម ២៦៥,៤៤ក្រាម ។

លោកឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​លើកឡើង​​ថា គ្រឿងញៀន​ជា​បញ្ហា​សកល ដែល​បាន​បង្ក​នូវ​ផលវិបាក​ដល់​សង្គមមនុស្ស​ជាតិ​ទូទៅ និង​ដល់​គ្រួសារ​ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម​ដោះស្រាយ​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ក្នុងសង្គម និង​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ ។ ​បទល្មើស​គ្រឿងញៀន​តាម​តំបន់ ពុំមាន​ការថយចុះ កម្ពុជា​នៅតែ​បន្ត​ទទួលរង​នូវ​ឥទ្ធិពល​ពី​ការផលិត និង​ការ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់ ដែល​បានធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​រងគ្រោះ​ដោយសារ​ការប្រើប្រាស់​រាល​ដាល​ទៅដល់​ជនបទ ។ តាម​ការ​ជំរឿន​ស្ថិតិ​អ្នកប្រើប្រាស់​គ្រឿងញៀន ដែល​ស្នាក់​នៅតាម​លំនៅដ្ឋាន និង​កំពុង​នៅក្នុង​មជ្ឈមណ្ឌល​អប់រំ​ស្តារនីតិសម្បទា​មាន​សរុប ១៨.៥៥៩​នាក់​(​ស្រី​៣០១​នាក់​)​។​

ឧ​ត្ត​ម​សេនីយ៍​ឯក​នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដដែល​ក៏បាន​លើកឡើងថា ទោះបី​ការខិតខំ​ប្រឹងប្រែង​ទទួលបាន​លទ្ធផល​បែបនេះ​ក្តី ប៉ុន្តែ​យើង​នៅតែមាន​ការខ្វះខាត​និង​បញ្ហា​ប្រឈម​មួយចំនួន ដែល​ទាមទារ​ឲ្យ​​ត្រូវ​រួមគ្នា​ធ្វើការ​ពិនិត្យ និង​ពិភាក្សា​ដើម្បី​ស្វែងរក​ចំណុចខ្លាំង និង​ដំណោះស្រាយ​សម្រាប់​អនុវត្ត​ទិសដៅ​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ឆមាស​ទី​២ ឆ្នាំ​២០១៨ ឲ្យ​ទទួលបាន​ប្រសិទ្ធភាព​ថែមទៀត​។ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ ក៏បាន​លើកឡើង​នូវ​ស្នាដៃ​ជាក់ស្តែង​ថ្មីៗ​នេះ មានការ​ដឹកជញ្ជូន និង​ជួញដូរ​នូវ​រុក្ខជាតិ​ញៀន​ឈ្មោះ ខាត​(KHAT) ដែល​នាំ​ពី​ប្រទេស​អេ​ព្យូ​ពី ចូលមក​កម្ពុជា ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​បង្ក្រាបបាន​ទាន់ពេល រឹបអូស​រុក្ខជាតិ​ញៀន​ខាត​ទម្ងន់​៣២២៧​គីឡូក្រាម ។ អ្វីដែល បញ្ហា​ថ្មី​លេចធ្លោ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​មន្ទីរ​ប្រ​ឆាង​គ្រឿងញៀន​បង្ក្រាប​ករណី​ជួញដូរ​ធំ​២​ករណី ចាប់ពី​១០​គីឡូក្រាម​ឡើង រឹបអូស​បាន​គ្រឿងញៀន​ជាង​៤៨​គីឡូក្រាម ។​

​ជាមួយគ្នានេះ​លោកនាយឧត្តមសេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏បានមានប្រសាសន៍ថា ការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ​បានធ្វើ​ឲ្យ​បទល្មើស​មានការ​ថយចុះ និង​ធ្វើ​ឲ្យ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​មាន​ភា​ព​ល្អប្រសើរ ។ បើ​សមត្ថកិច្ច​បង្ក្រាបបាន​ជន​ប្រើប្រាស់ និង​អ្នក​ចែកចាយ​គ្រឿងញៀន​បានល្អ ទីផ្សារ​គ្រឿងញៀន​វា​ក៏​ថយចុះ​និង​មានការ​លំបាក ។ បើ​ទីផ្សារ​គ្រឿងញៀន​មានការ​ថយចុះ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​វា​ខិតខំ​ពង្រីក​ទីផ្សារ ។ លោក​អគ្គលេខាធិការ​ក៏បាន​ឲ្យ​ក្រុម​សមត្ថកិច្ច​ត្រូវខិតខំ​បន្ថែម ​ក្នុងការ​រឹតបន្តឹង ​ស្របតាម​ការលើកឡើងរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​ថា បន្ទុក​ទ្វេ​ដង​នៃ​គ្រឿងញៀន​នេះ ។ បើ​ទីផ្សារ​គ្រឿងញៀន​ថយចុះ ចឹ​ង​ពួកឧក្រិដ្ឋជន​គ្រឿងញៀន​វា​ខិតខំ​ពង្រីក​ទីផ្សារ​របស់​វា ស្រប​ពេលដែល​ពិភពលោក​នៅមាន​ការកើនឡើង​ទីផ្សារ​គ្រឿងញៀន ។

លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល គឺនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ជាពិសេសអាជ្ញាធរមូលដ្ឋាន ដូចនេះហើយមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល អាចងាយស្រួលក្នុងការទំនាក់ទំនង ជាមួយប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ក្នុងការគ្រប់គ្រងលើបុគ្គល ឬមុខសញ្ញា ដែលធ្លាប់ប្រើប្រាស់ កំពុងតែប្រើប្រាស់គ្រឿងញៀន និងការចុះប្រតិបត្តិការផ្ទាល់ លើការបង្រ្កាបអ្នកប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀនក្នុងមូលដ្ឋាន ។
លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានមានប្រសាសន៍បន្តទៀត ថា មុខសញ្ញាប្រើប្រាស់តូចៗនេះ ដែលជាតំរុយក្នុងការស្វែងរកចាប់ខ្លួន ដល់អ្នកចែកចាយ ជួញដូរ ជាពិសេសមេខ្លោងធំៗតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង