ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការជីកស្តារប្រឡាយម័ល សម្រេចបាន ៨០ ភាគរយហើយ ទោះបីអាជ្ញាធរខណ្ឌដង្កោមិនសហការយ៉ាណាក្តី គ្រោងរួចរាល់ក្នុងខែសីហា

60

 

ភ្នំពេញ៖ បើទោះបីជួបការលំបាកមួយចំនួន ពិសេសមិនមានផ្លូវសងខាងសម្រាប់ដាក់គ្រឿងចក្រចូលកាយស្តារ ស្ពានកាត់ទទឹងប្រឡាយច្រើន និងអាជ្ញាធរខណ្ឌដង្កោមិនជួយសហការ ក្នុងការជីកស្តារប្រឡាយម័ល នៅក្នុងភូមិសាស្រ្តភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលមានប្រវែងជិត៣គីឡូម៉ែត្រយ៉ាងណាក្តី ក៏ក្រុមការងារអនុវត្តតាមបទបញ្ជារបស់អភិបាលរាជធានី មកដល់ពេលនេះ សម្រេចបានប្រមាណ៨០ភាគរយហើយ គ្រោងរួចរាល់នៅខែសីហា ខាងមុខ ។

លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី១៩ កក្កដា នេះថា ៖ ក្រោមការណែនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយម័ល ដោយចាប់ផ្តើមស្តារ កាលពីថ្ងៃទី១៨កុម្ភៈឆ្នាំ២០២១ មានប្រវែង២៨១៥ម៉ែត្រ និងទទឺងចាប់ពី២០ម៉ែត្រទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ហើយបើគិតមកដល់ថ្ងៃទី១៩ កក្កដា នេះ ការងារស្តារប្រឡាយម័លសម្រេចបាន ៨០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅចុងខែសីហាឆ្នាំ២០២១ខាងមុខនេះ ដើម្បីរំដោះការលិចលង់ ភូមិដ្ខានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ។
លោក ម៉ៅ ប៊ុនធឿន បានបន្តថា៖ ការជីកស្តារប្រឡាយម័លនៅពេលនេះ គឺពិតជាមានការលំបាកខ្លាំង ដោយសារតែ មិនមានផ្លូវសងខាង សម្រាប់ដាក់គ្រឿងចក្រចូលជីក ស្តារ ស្ពានកាត់ទទឹងប្រឡាយច្រើន ។ លោកស្នើសុំឱ្យអាជ្ញាធរខណ្ឌដង្កោជួយសហការក្នុងការសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យការងារនេះបានរួចរាល់ទៅតាមគម្រោងដែលបានគ្រោងទុក។
លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់ផងដែរថា ៖ប្រឡាយម័លនេះពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីភូមិដ្ឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀងមួយផ្នែកខ្លះនៃខណ្ឌដង្កោ ខណ្ឌពោធិសែនជ័យនិងខណ្ឌមានជ័យ ។
គួរបញ្ជាក់ថា ៖អាជ្ញាធររាជធានីភ្នំពេញ បើទោះបីរាជធានីភ្នំពេញបាននឹងកំពុងរីករាលដាលនៃជម្ងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែសកម្មភាពស្តារនិងអភិវឌ្ឍមូលដ្ឋានរាជធានីនៅតែបន្តដដែល មានន័យថា ដៃម្ខាងធ្វើការអភិវឌ្ឍនិងដៃម្ខាងទៀត បង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង