កញ្ចប់បារី នឹងមានសារព្រមានសុខភាពថ្មី ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ តទៅ កញ្ចប់បារីទាំងអស់ ដែលចរាចរលើទីផ្សារ ត្រូវតែមានសារព្រមានថ្មី ជារូបភាពនិងជាអក្សរ ដែលបានកំណត់ ដោយក្រសួងសុខាភិបាល។ យោងតាមប្រកាសរបស់ក្រសួងសុខាភិបាល សារព្រមានសុខភាព ត្រូវផ្ដាស់ប្ដូររៀងរាល់ ២ឆ្នាំម្ដង។ អនុលោមតាមប្រកាសនេះក្រសួងសុខាភិបាល បានជូនដំណឹង និងផ្ដល់រូបភាពថ្មី ដល់ក្រុមហ៊ុនថ្នាំជក់ តាំងពីខែធ្នូឆ្នាំ២០២០ ដែលមានរយៈពេល ៩ខែ គិតដល់ថ្ងៃកំណត់ ១ សីហា ២០២១។
បើតាមសេចក្តីប្រកាសពត៌មាន របស់អង្គការចលនាដើម្បីសុខភាពកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ការរឹតបន្តឹងការបោះពុម្ពសារព្រមានសុខភាព ជារូបភាពលើកញ្ចប់បារី ឲ្យបានទៀងទាត់ ជំរុញអ្នកជក់បារីឲ្យផ្ដាច់បារី និងបង្ការស្រី្ត យុវជន និងកុមារ កុំឲ្យចាប់ផ្ដើមជក់បារី។
ការផ្ដាច់បារីរបស់ប្រជាពលរដ្ឋ រួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ពីព្រោះ ការជក់បារីបង្កើនឱកាស នៃការឆ្លងជំងឺនេះ ហើយប្រសិនបើអ្នកជក់ឆ្លងជំងឺនេះ គាត់នឹងប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរ ជាងអ្នកមិនជក់។
មានការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តជាច្រើនបង្ហាញថា ការដាក់សារព្រមានសុខភាព ជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ ជាវិធានការអប់រំដែលមានប្រសិទ្ធភាពខ្ពស់។ ជាក់ស្ដែង ការសិក្សានៅប្រទេសថៃឆ្នាំ២០១៨ អំពីប្រសិទ្ធភាព នៃសារព្រមានសុខភាព ជារូបភាពមានទំហំ ៨៥% នៃកញ្ចប់បារីបានបង្ហាញថា រូបភាពព្រមានសុខភាពធំ មានប្រសិទ្ធភាពខ្ពស់ក្នុងការបង្កើនភាពភ័យខ្លាច និងបង្ការការផ្ដើមជក់បារី ក្នុងចំណោមអ្នកមិនជក់បារី រីឯក្នុងចំណោមអ្នកជក់បារី រូបភាពព្រមានសុខភាពធំ មានប្រសិទ្ធភាពធ្វើអោយមានការភ័យខ្លាច និងធ្វើឲ្យអ្នកជក់មានបំណងផ្ដាច់បារី (Sirichotiratana, Sujirarat, et al, 2018)។
ស្រដៀងនេះដែរ ការសិក្សាមួយរបស់ក្រសួងសុខាភិបាលអូស្រាលី អំពីប្រសិទ្ធភាពនៃកញ្ចប់បារីលាត បានបង្ហាញថា កញ្ចប់បារីដែលដាក់សារព្រមានសុខភាពរូបភាព មិនមានការរចនាលំអនានា លើកញ្ចប់បារី មានប្រសិទ្ធធ្វើឲ្យអ្នកប្រើប្រាស់ថ្នាំជក់ យល់ដឹងពីផលប៉ះពាល់ នៃការជក់បារី ធ្វើអោយអ្នកជក់បារី ចាប់ផ្ដើមព្រួយបារម្ភ អំពីសុខភាពរបស់ខ្លួន និងធ្វើឲ្យអ្នកជក់បារីមានបំណងផ្ដាច់បារី (Essence, 2018)
ទោះជាបែបនេះក្តី ប្រសិទ្ធភាពនៃសារព្រមានសុខភាព និងថយចុះដោយសារតែភាពស៊ាំ នឹងរូបភាពដដែលៗ ក្នុងរយៈពេលវែង ហេតុនេះហើយបានជាក្រសួងសុខាភិបាល បានកំណត់ឲ្យមានការផ្លាស់ប្ដូរ សារព្រមានជារូបភាពថ្មី រៀងរាល់២ឆ្នាំម្ដង។
ការខកខានការផ្លាស់ប្តូរសារព្រមានសុខភាព នឹងធ្វើឲ្យការប្តេជ្ញាចិត្តឈប់ជក់បារី របស់ប្រជាពលរដ្ឋថយចុះ។
ថ្នាំជក់ជាផលិតផល ដែលមានគ្រោះថ្នាក់ ដោយហេតុថា ពាក់កណ្ដាល នៃអ្នកប្រើប្រាស់ថ្នាំជក់ ធ្លាក់ខ្លួនឈឺ ពិការ និងស្លាប់មុនអាយុកំណត់។ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥ ០០០បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជម្ងឺបង្កពីការប្រើប្រាស់ថ្នាំជក់។ ថវិកាប្រមាណ ១,៤ ទ្រីលានដុល្លារអាមេរិក ត្រូវបានខាតបង់ដោយសារការប្រើប្រាស់ថ្នាំជក់ (WHO FCTC Investment Case for Cambodia, 2019)៕