រដ្ឋមន្ត្រីការបរទេសឥណ្ឌា និងកម្ពុជា នឹងចុះហត្ថលេខា ឯកសារចំនួនបី ក្នុងនោះលើគម្រោងការអភិរក្ស/ជួសជុលប្រាសាទព្រះវិហារ
ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចរបស់ លោកស្រី ស៊ុសម៉ា ស្វារ៉ាច ( Sushma Swaraj ) រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌា មកកាន់ព្រះរាជាណាចក្រកម្ពុជា នឹងមានចុះកិច្ចព្រមព្រៀង និងអនុស្សរណៈចំនួនបី ជាមួយនឹងលោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨
តបតាមការអញ្ជើញរបស់លោក ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី ស៊ុសម៉ា ស្វារ៉ាច រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌា នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោកស្រី នឹងចូលជួបសម្តែងការគួរសម ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រី ស៊ុសម៉ា ស្វារ៉ាច នឹងពិភាក្សាទ្វេភាគីជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន អំពីបញ្ហាជាច្រើនទាក់ទង នឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយនឹងផ្លាស់ប្តូរយោបល់គ្នា អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការ ចាប់អារម្មណ៍ដូចគ្នា។ បន្ទាប់ពីជំនួបទ្វេភាគី នឹងមានការចុះហត្ថលេខា លើឯកសារចំនួន៣ ដែលក្នុងនោះរួមាន ៖ ១- កិច្ចព្រមព្រៀងរវាង រដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌា និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិរក្ស/ជួសជុលប្រាសាទព្រះវិហារ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រទេសកម្ពុជា។ ២- អនុស្សរណៈនៃ កិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាល និងកិច្ចការគ្រួសារ នៃសាធារណរដ្ឋឥណ្ឌា និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យសុខភាព និងឱសថ។ ៣- អនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានការបរទេស នៃក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌា។
នៅក្នុងទស្សនកិច្ចនៅកម្ពុជានេះដែរ លោកស្រី ស៊ុសម៉ា ស្វារ៉ាច គ្រោងអញ្ជើញទស្សនាប្រាសាទបុរាណមួយចំនួន នៅក្នុងខេត្តសៀមរាប រួមទាំងគម្រោងជួសជុល ប្រាសាទតាព្រហ្ម ដែលគាំទ្រដោយរដ្ឋាភិបាលឥណ្ឌា។ ដំណើរទស្សនកិច្ចផ្លូវការនេះ នឹងពង្រឹងថែមទៀត នូវទំនាក់ទំនងមិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងកម្ពុជា និងឥណ្ឌា៕