ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយកដ្ឋានព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ បង្ហាញពីវិធីសាស្រ្តការពារ និងល្បិចឆបោក របស់ជនខិលខូច តាមប្រព័ន្ធអ៉ីនធើណិត

89

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហាញពីវិធីសាស្រ្តទប់ទល់នឹងល្បិចរបស់ជនខិតខូចតាមប្រព័ន្ធអ៉ីនធើណិត ដែលទូទៅជនខិលខូចតែងតែអូសទាញជនរងគ្រោះ ដោយប្រើប្រាស់វិធីសាស្ត្រផ្តល់ជូននូវប្រយោជន៍ហិរញ្ញវត្ថុ សម្ភារៈ កិត្តិយស ឬអំណោយ ដែលមានតម្លៃជាដើម។

នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា ក្រុមការងារបច្ចេកទេសខ្លួន បានសង្កេតឃើញនូវ លើបណ្តាញអ៉ិនធើណិត និងទទួលបានសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋជាបន្តបន្ទាប់ អំពីបទល្មើសអ៉ិនធើណិតថ្មីៗ ប្លែកៗ និងមួយចំនួនផ្សេងទៀត ជាប្រភេទបទល្មើសដែលធ្លាប់បានកើតឡើងកន្លងមក ។

ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា ក៏ធ្វើការចែករំលែកនូវវិធីសាស្ត្រមួយចំនួន ជាជំនួយស្មារតីជូនប្រជាពលរដ្ឋទូទៅ ដើម្បីអនុវត្តបង្ការទប់ស្កាត់ និងការពារខ្លួនកុំឱ្យក្លាយជាជនរងគ្រោះនៃបទល្មើសឆបោកប្រាក់ ដោយប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យាអ៉ិនធើណិត ។

ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា បានលើកយក កម្មវិធីមួយចំនួនដែលជាល្បិចកលអូសទាញទូទៅរបស់ជនខិលខូច ក្នុងគោលបំណងទុច្ចរិតណាមួយ ដែលក្នុងនោះមានដូចជា ៖

* ជាទូទៅជនខិលខូចតែងតែអូសទាញជនរងគ្រោះ ដោយប្រើប្រាស់វិធីសាស្ត្រផ្តល់ជូននូវប្រយោជន៍ហិរញ្ញវត្ថុ សម្ភារៈ កិត្តិយស ឬអំណោយ ដែលមានតម្លៃ និងងាយស្រួលក្នុងការទទួលបាន ជាមួយនឹងលក្ខខណ្ឌងាយៗ។

* ល្បិចឆបោកមួយចំនួនជ្រកក្រោមស្លាកសញ្ញាក្រុមហ៊ុន ក្នុងទម្រង់ជំនួញបែបពីរ៉ាមីត ឬបណ្តាញនៃការលក់ជាប្រព័ន្ធ (Multi-level Marketing, Network Marketing, Paramid Selling)។

* ប្រើប្រាស់ល្បិចសម្លុត គម្រាមកំហែងជនរងគ្រោះជាថ្នូរនឹងការផ្តល់ប្រាក់ ឬវត្ថុមានតម្លៃ។

ជាមួយគ្នានេះ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបង្ហាញវិធីសាស្ត្រការពារខ្លួនជាបឋមមានចំនួន ៤ដូចខាងក្រោម៖
១៖ ត្រូវមានការប្រុងប្រយ័ត្នចំពោះការទិញទំនិញ ឬសេវាដែលមានតម្លៃថោកជាងទីផ្សារ ព្រោះអាចជាទំនិញក្លែងក្លាយ ឬជាល្បិចអូសទាញឆបោកប្រាក់។

២៖ ត្រូវពិចារណា និងរកការប្រឹក្សាយោបល់ មុនពេលផ្តល់ប្រាក់ ឬវត្ថុមានតម្លៃ ក្នុងទម្រង់វិនិយោគផ្សេងៗ ដែលអ្នកពុំបានដឹង ពុំបានយល់អំពីហានិភ័យនៃការវិនិយោគនោះ។

៣៖ កុំបណ្តោយខ្លូនឲ្យធ្លាក់ក្នុងល្បិចសម្លុត ឬគម្រាមកំហែងពីជនខិលខូច ដោយធ្វើការប្រឹក្សាយោបល់ជាមួយបងប្អុន មិត្តភក្តិដែលអ្នកទុកចិត្ត ឬអាជ្ញាធរមានសមត្ថកិច្ច មុនពេលសម្រេចចិត្តផ្សេងៗ។

៤៖ ធ្វើសេចក្តីរាយការណ៍ជូនសមត្ថកិច្ចជំនាញ ឬអាជ្ញាធរមូលដ្ឋានដែលអ្នកស្នាក់នៅ ប្រសិនអ្នកជួប ឬប្រទះឃើញសង្ស័យជាករណីឆបោក ដូចបានរៀបរាប់ខាងលើ។

នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ៖ ល្បិចឆបោកមួយចំនួន ក៏ធ្វើឡើងក្នុងគោលបំណងលួចព័ត៌មានអត្តសញ្ញាណបុគ្គល ឬព័ត៌មានហរិញ្ញាវត្ថុពីជនរងគ្រោះ ដើម្បីយកទៅប្រើប្រាស់ទាញយកផលប្រយោជន៍ហិរញ្ញវត្ថុផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង