ជនជាតិបរទេសដែលរស់នៅ ក្នុងខេត្តសៀមរាបទទួលបាន ចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ដោយឥតគិតថ្លៃ
ខេត្តសៀមរាប៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ គឺជាយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនដល់ជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុង ខេត្តសៀមរាបហើយ ដែលប្រព្រឹត្តទៅនៅក្នុង បរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយមិនគិតថ្លៃគ្រប់ៗគ្នា។
ក្នុងនាមរដ្ឋបាលខេត្តសៀមរាប បានជម្រាបថា អនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនដល់ជនបរទេសក្នុងខេត្តសៀមរាបនោះ គឺផ្តល់ជូនដល់តែចំពោះ ជនបរទេសណា ដែលបានធ្វើសំណើមក កាន់រដ្ឋបាលខេត្តសៀមរាប នារយៈពេលកន្លងមក ដែលមានចំនួនប្រមាណ ជាង២ពាន់នាក់ ពិសេសគឺធ្វើឡើងតាមគោល ការណ៍មិនគិតថ្លៃ និង ស្របតាមគោលការណ៍ស្ម័គ្រចិត្ត និង ត្រូវចាក់ជូនឲ្យបានគ្រប់ៗគ្នា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ។
ថ្ងៃនេះជាថ្ងៃទី១ នៃការចាក់វ៉ាក់ជូនជនជាតិបរទេស ក្រុមការងារបានចាក់វ៉ាក់សាំង ជូនជនជាតិបរទេសសរុបបានចំនួន ៧៤៥នាក់ ស្រី ២៨៧នាក់។
សូបញ្ជាក់ផងដែរថា តាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលខេត្តសៀមរាបស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ជនបរទេសក្នុងខេត្តសៀមរាប បានបញ្ជាក់ថា ចំពោះជនបរទេសទាំងអស់ដែល មានបំណងចង់ទៅទទួលការ ចាក់វ៉ាក់សាំងការពារកូវីដ-១៩ សូមភ្ជាប់ជាមួយនៅ ឯកសារពាក់ព័ន្ធដែលមានដូចជា ៖ លិខិតឆ្លងដែន ដែលទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជា នៅមានសុពលភាព (គិតត្រឹមថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២១ ) ហើយចំពោះជនបរទេស ទាំងឡាយណាដែល មានទិដ្ឋាការនៃការស្នាក់នៅ ក្នុងប្រទេសកម្ពុជាហួសសុពលភាព ហើយមានបំណងចង់ចាក់វ៉ាក់សាំង គឺត្រូវទៅធ្វើការពន្យាទិដ្ឋាការ នៃការស្នាក់នៅក្នុងប្រទេសកម្ពុជា ស្របតាមនីតិវិធីដែលមានជាធរមាន និងលិខិតបញ្ជាក់សុខភាព ឬ វេជ្ជបញ្ជានៃការប្រើប្រាស់ថ្នាំនានា ដែលកំពុប្រើប្រាស់ ជារៀងរាល់ថ្ងៃប្រសិនបើមាន។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋ និងជនជាតបរទេដែលកំពុងស្នាក់នៅខេត្តសៀមរាបសូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូពី សុខភាពប្រជាពលរដ្ឋ ក៏ដូចជាជនជាតិបរទេស ដោយពុំគិតពីនិន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរឡើយ៕