ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនផ្តល់ជំនួយចំនួន២.៥លានដុល្លារ សម្រាប់គាំទ្រកិច្ចការបោសសម្អាតមីន នៅក្នុងប្រទេសកម្ពុជា

82

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃពុធនេះ បានឲ្យដឹងថា ថ្មីៗនេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)មានប្រសាសន៍ថា រដ្ឋាភិបាលចិនបានផ្តល់ជំនួយសរុប២.៥លានដុល្លារអាមេរិកជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រកិច្ចការសម្អាតមីនក្នុងកម្ពុជាសម្រាប់ឆ្នាំ២០២២។

ប្រភពដដែល បានបន្តថា នាឆ្នាំ២០២២នឹងចាត់បញ្ជូនក្រុមការងារចំនួន៣០០នាក់បំពេញកិច្ចការខាងលើក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង សៀមរាប និងកំពង់ធំ ដែលមានផ្ទៃដីសរុបប្រមាណ១៧០០ហិចតា។

ឯកឧត្តម ហេង រតនា សូមអបអរសាទរនិងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលបានសំរេចផ្តល់ជំនួយឥតសំណងចំនួន២,៥លានដុល្លារ (ពីរលាន៥សែនដុល្លារអាមេរិក)ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាម របស់អង្គភាពសុីម៉ាក់សម្រាប់រយ:ពេល១២ខែឆ្នាំ២០២២។

រដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន បានសម្រេចផ្តល់ ជំនួយឥតសំណងមានទឹកប្រាក់សរុបចំនួន២,៥០០,០០០ ដុល្លារអាមេរិក ជូនដល់ រាជរដ្ឋាភិបាលកម្ពុជា តាមរយ:ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដេីម្បីគាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អង្គភាពសុីម៉ាក់ ស្ថិតនៅកងឯកភាពកម្ចាត់មីនទី៦ ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង និងកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប និងខេត្តកំពង់ធំ ដែលមានកម្លាំងប្រតិបត្តិការ សរុបចំនួនជិត៣០០នាក់។

សូមជម្រាបថា គម្រោងនេះ មានរយៈពេល ១២ខែ ចាប់ពីខែមករាដល់ខែធ្នូ ឆ្នាំ២០២២ និងមានផែនការត្រូវរំដោះផ្ទៃដីចំការមីន និងចំការសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង១៧០០ហិកតា និងសកម្មភាពអប់រំយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីនចំនួន៧ខេត្ត។

សូមរំលឹកជម្រាបជូនថា លទ្ធផលរយ:ពេល៦ខែ ឆ្នាំ២០២១នេះ គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ដែលបានផ្តល់ជំនួយឥតសំណង មានទំហំថវិកាដូច២០២២ដែរ នោះ និងបានរំដោះដីចំការមីន/គ្រាប់សំណល់ជាតិផ្ទុះចំនួ នជិត១០៨៣ហិកតា រុករកឃេីញកម្ទេចគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង៥០០០គ្រាប់។

ឆ្លៀតក្នុងឱកាសនេះ សូមគោរពអរគុណជាអនេកចំពោះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ដែលបានជំរុញសំណេី គាំទ្រថវិកានេះជាមួយប្រធានាធិបតីចិន ហេីយជាបន្តបន្ទាប់រដ្ឋាភិបាលចិន បានឆ្លេីយតបតាមសំណូមពរ របស់សម្តេចតេជោ។ ក្នុងឱកាសនេះដែរ តាងនាមអង្គភាពសុីម៉ាក់ក៏ដូចជនរងគ្រោះដោយសារមីន សូមសំដែងនូ វការដឹងគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបានគាំទ្រថវិកាមនុស្សមនុស្សធម៌ ដ៏មានសារសំខាន់នេះ សម្រាប់ទ្រទ្រង់សកម្មភាពអង្គភាពសុីម៉ាក់ ក្នុងការរំដោះគ្រាប់មីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាម ផ្តល់សុខសុវត្ថិភាព និងគាំទ្រការអភិវឌ្ឍនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង