ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញឱ្យមន្ត្រីជំនាញ ពន្លឿនការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីកំពង់ផែ ឱ្យបានឆាប់រហ័ស

333

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញដល់ក្រុមការងារជំនាញពាក់ព័ន្ធនឹងការរៀបចំសេចក្តីព្រាងច្បាប់ ស្ដីពីកំពង់ផែ ចូលរួមផ្តល់ធាតុចូល គំនិតមតិយោបល់ឱ្យបានផុលផុសដើម្បីបំពេញបន្ថែម ទៅលើចំណុចខ្វះខាត និងខិតខំពន្លឿន ការរៀបចំសេចក្តីព្រាងច្បាប់នេះ ឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ដើម្បីដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងនាពេលខាងមុខ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញដូចនេះ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួង ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្ដីពីកំពង់ផែ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយ ពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាលើការប្រមូលធាតុចូល ក៏ដូចជាកែសម្រួលអត្ថន័យ ពាក្យពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធនៃសេចក្តីព្រាងច្បាប់ស្ដីពីកំពង់ផែ ដើម្បីឱ្យការរៀបចំច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយបម្រើឱ្យឧត្ដមប្រយោជន៍ជាតិ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃច្បាប់ស្តីពីកំពង់ផែ និងប្រព័ន្ធគ្រប់គ្រងកំពង់ផែ ដើម្បីធានាដល់ការអភិវឌ្ឍន៍វិស័យកំពង់ផែ ប្រកបដោយចីរភាព និងធានាឱ្យបានកាន់តែប្រសើរនូវប្រសិទ្ធភាព និងសមត្ថភាពកំពង់ផែ ដែលអាចផ្ដល់សេវាដល់អ្នកប្រើប្រាស់ប្រកបដោយទំនុកចិត្ត មានភាពងាយស្រួលឆាប់រហ័ស តម្លៃសមស្រប មានសន្តិសុខ និងសុវត្ថិភាពដល់នាវាទំនិញ និងអ្នកដំណើរចូលរួមចំណែកការពារបរិស្ថាន ដើម្បីមានសមត្ថភាពប្រកួតប្រជែងជាមួយកំពង់ផែ នៅក្នុងតំបន់និងអន្តរជាតិ។

នៅក្នុងកិច្ចប្រជុំខាងលើនេះ ក៏បានពិភាក្សាកែសម្រួលលើមាត្រា១ វាក្យសព្ទ មាត្រា៨ និងមាត្រា៩ និងបានឯកភាពលើខ្លឹមសារនៃគោលបំណងរបស់ច្បាប់នេះថា ច្បាប់នេះមានគោល បំណង គ្រប់គ្រង និងអភិវឌ្ឍកំពង់ផែ ក្នុងគោលដៅរក្សាសណ្ដាប់ធ្នាប់ ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើសេវាកំពង់ផែ ផ្ដល់កាលានុវត្តភាពវិនិយោគកំពង់ផែ និងប្រកួតប្រជែង ប្រកបដោយសមធម៌ ធានាសុវត្ថិភាពសន្តិសុខកំពង់ផែ រួមចំណែកការពារបរិស្ថានដើម្បីបម្រើពាណិជ្ជកម្មជាតិនិងអន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

គួរកត់សម្គាល់ថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពង់ផែទន្លេ មានសរុបទាំងអស់ចំនួន៧៨កំពង់ផែ ឋិតនៅតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងបណ្ដាខេត្តនានា ដោយឡែកកំពង់ផែសមុទ្រមានចំនួន២៧។ មុខងារកំពង់ផែទាំងនោះ ត្រូវបានបែងចែកចេញជាកំពង់ផែពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងផែប្រេងជាដើម និងត្រូវបានគ្រប់គ្រងដោយរដ្ឋផង និងឯកជនផង។ កំពង់ផែទាំងនោះមានតួនាទីជំរុញសកម្មភាពពាណិជ្ជកម្មគ្រប់ប្រភេទ ក្នុងដំណើរការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ តំបន់ និងអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង