លោក អ៊ុំ សំអាន ចាកចេញពីពន្ធនាគារហើយ
ភ្នំពេញ៖ នៅវេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ លោក អ៊ុំ សំអាន អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ ត្រូវបានដោះលែងចេញពីពន្ធគារព្រៃសហើយ ទទួលបានដីកាបង្គាប់ឲ្យដោះលែង ពីសាលាដំបូងរាជធានីភ្នំពេញ។
លោក អ៊ុំ សំអាន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់លើកលែងទោស នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ តាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ព្រះរាជក្រឹត្យត្រាស់បង្គាប់៖ មាត្រា១៖ ត្រូវបានលើកលែងទោសឲ្យទណ្ឌិតឈ្មោះ អ៊ុំ សំអាន ភេទប្រុស អាយុ៤០ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើងតាមអំណាចសាលដីកាលេខ ៥៤ ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ របស់តុលាការកំពូល។
ដីការបស់តុលាការបានបញ្ជាក់ថា តាមអំណាចព្រះរាជក្រឹត្យខាងលើ ឈ្មោះ អ៊ុំ សំអាន កើតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៧៦ ត្រូវបានលើកលែងទោស គប្បីធ្វើការដោះលែងឲ្យមានសេរីភាពវិញ។
គួរបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីសហរដ្ឋអាមេរិក មកដល់ប្រទេសកម្ពុជា តាមច្រកព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។
លោក អ៊ុ សំអាន ត្រូវបានតុលាការចេញដីកាចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ (លេខ៥៤) សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ និងពិន័យជាប្រាក់ចំនួន៤លានរៀល ក្រោមការចោទប្រកាន់ចំនួន ពីរបទល្មើសគឺបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទ ញុះញង់ឱ្យមានការរើសអើង តាមមាត្រា៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ តាមរយៈការសរសេរ និងអត្ថាធិប្បាយ ចោទប្រកាន់រាជរដ្ឋាភិបាលពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម។ លោកត្រូវបានតុលាការសម្រេចឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស ដើម្បីអនុវត្តទោស៕