ពលរដ្ឋមកទទួលសេវាសាធារណៈ នៅមន្ទីរសាធារណការ ខេត្តព្រះវិហារ ត្រូវធ្វើតេស្ដរហ័សរកកូវីដ-១៩រាល់ថ្ងៃ ព្រឹកម៉ិញរកឃើញ វិជ្ជមានម្នាក់
ព្រះវិហារ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើតេស្ត រកមេរោគកូវីដ–១៩ ជារៀងរាល់ថ្ងៃចំពោះប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណៈ ពីមន្ទីរនេះ ហើយថ្នាក់ដឹកនាំ បុគ្គលិកនៅក្នុងមន្ទីរក៏ត្រូវធ្វើតេសរកមេរោគកូវីដ–១៩ ក្នុង២សប្តាហ៍ម្តងផងដែរ ដើម្បីទប់ស្កាត់អោយបានពីការរីករាលដាលនៃជម្ងឺនេះ ខណៈដែលជម្ងឺនេះបាននឹងកំពុងរីករាលដាលយ៉ាងខ្លាំងមិនមានការថមថយសោះ មិនថានៅរាជធានីឬនៅតាមបណ្តាលខេត្តឡើយ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានប្រើប្រាស់ឧបករណ៍តេស្ដរហ័ស រកអង់ទីហ្សែនកូវីដ–១៩(Ag Rapid Test Device) រកឃេីញមានវិជ្ជមានកូវីដ–១៩ ចំនួន ០១នាក់(មកពីខេត្តស្វាយរៀង) ដែលបានចូលមកទទួលសេវាសាធារណ:ក្នុងមន្ទីរ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា នៅថ្ងៃ២៨កក្កដា មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើតេស្ដរកអង់ទីហ្សែនកូវីដ–១៩ សរុបបានចំនួន ១៣នាក់ ស្រី០នាក់ក្នុងនោះ មានមន្ត្រីជាប់កិច្ចសន្យាចំនួន ០២នាក់ផងដែរ រីឯលទ្ធផលអវិជ្ជមានទាំងអស់ ដោយក្នុងនោះបានប្រើប្រាស់ឧបករណ៍តេស្ដរហ័ស រកអង់ទីហ្សែនកូវីដ–១៩(Ag Rapid Test Device) និងសម្ភារផ្សេងៗដែលជាការឧបត្ថមផ្ទាល់របស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក ប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារ។
លោកសំ លាងទ្រីបានបន្តអោយដឹងផងដែរថា សំរាប់ប្រជាពលរដ្ឋ ដែលមកទទួលសេវាសាធារណៈនៅមន្ទីរសាធារណការ ខេត្តព្រះវិហារ ត្រូវតែធ្វើតេស្ដរហ័សរកកូវីដ–១៩រាល់ថ្ងៃ ទើបអនុញ្ញាត្តិអោយចូល។ចំណែក ថ្នាក់ដឹកនាំបុគ្គលិកនៅក្នុងមន្ទីរក៏ត្រូវធ្វើតេសរកមេរោគកូវីដ–១៩ក្នុង២សប្តាហ៍ម្តងផងដែរ។
លោកបញ្ជាក់ថា គិតមកដល់ត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារបានធ្វើតេស្តរហ័សកូវីដ–១៩ សរុបបានចំនួន១៣១នាក់ ស្រី ២២នាក់ ជាលទ្ធផលអវិជ្ជមានទាំងអស់។ តែសម្រាប់នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានធ្វើតេស្ដរហ័ស រកឃេីញមានវិជ្ជមានកូវីដ–១៩ ចំនួន ០១នាក់ ខណៈដែលគាត់មកទទួលសេវាសាធារណ:ដែលមាន ឈ្មោះ ធុង រដ្ឋា ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិទទារ ឃុំចេក ក្រុងស្វាយរៀងខេត្តស្វាយរៀង បច្ចុន្នប្បមន្ទីរបានរាយការណ៌ជូនអាជ្ញាធរមានសម្ត្ថកិច្ច ពាក់ព័ន្ធ និងមន្ទីរសុខាភិបាលខេត្តព្រះវិហារដើម្បីធ្វើការយកសំណាកបន្ថែម និងព្យាបាល៕