ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-វៀតណាម សហការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ បទល្មើសគ្រឿងញៀន អំពើជួញដូរ និងរត់ពន្ធមនុស្សឆ្លងដែន

55

 

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើអត្ថបទបំពេញបន្ថែមទៅលើផែនការសហប្រតិបត្តិការឆ្នាំ២០២០ ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមប្រព័ន្ធវីដេអូ។

ស្របតាមស្មារតីនៃទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងថ្នាក់ដឹកនាំគ្រប់កម្រិតនៃ ប្រទេសទាំងពីរ កម្ពុជា-វៀតណាម សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ប្រកបដោយលទ្ធផលជាផ្លែផ្កាក្នុងការងារថែរក្សាបានយ៉ាងរឹងមាំនូវសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ទោះបីស្ថិតក្នុងស្ថានភាពប្រឈមនាពេលបច្ចុប្បន្ន ដែលបង្កឡើងដោយជំងឺកូវីដ-១៩។

ភាគីទាំងពីរក៏បានកត់សម្គាល់នូវលទ្ធផល និងសមិទ្ធផលសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការ ក្នុងរយៈពេលជាង១ឆ្នាំកន្លងទៅនេះ ក្នុងនោះរួមមាន៖ ការជួយគាំទ្រគ្នាទៅវិញមក ក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺកូវីដ-១៩ ការជួយឧបត្ថម្ភគាំទ្រផ្នែកសម្ភារបច្ចេកទេស ការងារកសាងសមត្ថភាពកងកម្លាំង ការផ្លាស់ប្តូរទស្សនកិច្ចប្រតិភូជំនាញ និងកិច្ចសហការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន អំពើជួញដូរ និងរត់ពន្ធមនុស្សឆ្លងដែន។

ទន្ទឹមនេះ សម្តេចក្រឡាហោម ស ខេង និងឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម ក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជិតស្និទ្ធរវាងអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនៃបណ្តាខេត្តជាប់ព្រំដែន ដែលតែងជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺកូវីដ-១៩ និងការថែរក្សាបរិយាកាសសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនបានល្អប្រសើរ ដែលរួមចំណែកបង្កលក្ខខណ្ឌសមស្របដល់ការប្រកបជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាបម្រើដល់ការអភិវឌ្ឍសង្គមជាតិ និងផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជននៃប្រទេសទាំងពីរ ។

ដើម្បីបន្តអនុវត្តនូវយន្តការសហប្រតិបត្តិការប្រចាំឆ្នាំទ្វេភាគីរវាងក្រសួងទាំងពីរ ដែលបានអាក់ខាន អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ ដោយសារស្ថានភាពប្រឈមដ៏ស្មុគស្មាញបង្កឡើងដោយជំងឺកូវីដ-១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានចុះហត្ថលេខាលើអត្ថបទបំពេញបន្ថែមទៅលើខ្លឹមសារនៃផែនការសហប្រតិបត្តិការឆ្នាំ២០២០ សម្រាប់អនុវត្តបន្តជាផែនការសហប្រតិបត្តិការឆ្នាំ២០២១ រវាងក្រសួងទាំងពីរ និងបានឯកភាពយកចិត្តទុកដាក់បន្តអនុវត្តកិច្ចការសំខាន់ៗមួយចំនួនបន្ថែមទៀត រួមមាន៖បង្កើនកិច្ចសហការធានាសន្តិសុខតាមព្រំដែន តាមរយៈការជំរុញវិធានការបង្ការ និងទប់ស្កាត់ការចេញ-ចូលឆ្លងដែនខុសច្បាប់ ព្រមទាំងបន្តកិច្ចសហការរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពតំបន់ព្រំដែន ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ, បង្កើនកិច្ចសហការបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ប្រព្រឹត្តដោយបុគ្គល ឬបទល្មើសមានអង្គការចាត់តាំង ជាពិសេសបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ដោយអនុលោមតាមច្បាប់នៃប្រទេសនីមួយៗ និងការបន្តកិច្ចសហការជិតស្និទ្ធ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងការជួយគាំទ្រគ្នាទៅវិញទៅមក លើការងារថែរក្សាសន្តិសុខ សុវត្ថិភាព បម្រើឲ្យការប្រារព្ធនូវព្រឹត្តការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ ដែលប្រទេសទាំងពីរត្រូវរៀបចំ ឬធ្វើជាម្ចាស់ផ្ទះ។

សូមជម្រាបជូនថា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះប្តូរវេន រៀបចំកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ២០២១ ដើម្បីពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ រវាងក្រសួងមហាផ្ទៃ កម្ពុជា និងក្រសួងនគរបាលវៀតណាម។ ក៏ប៉ុន្តែដោយសារស្ថានភាពប្រឈមនៃជំងឺកូវីដ-១៩ កិច្ចប្រជុំប្រចាំឆ្នាំ២០២១នេះ ត្រូវបានលើកមកប្រារព្ធធ្វើតាមប្រព័ន្ធវីដេអូវិញ ៕

អត្ថបទដែលជាប់ទាក់ទង