លោកប្រាក់ សុខុន ថ្លែងអំណរគុណ សហរដ្ឋអាមេរិក ដែលបានគាំទ្រអាស៊ាន និងកម្ពុជាក្នុង ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
ភ្នំពេញ៖ នៅថ្ងៃទី៤សីហានេះ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិ បានចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិក អាស៊ាន-អូស្រ្តាលី អាស៊ាន-ឥណ្ឌា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១ តាមប្រព័ន្ធវីដេអូ។
លោកប្រាក់ សុខុន បានឲ្យដឹងថា លោកជំទាវរដ្ឋលេខាធិការ អ៊ាត សោភា និងជាឧត្តមមន្រ្តីអាស៊ាននៃកម្ពុជា បានចូលរួមជាតំណាងរបស់ខ្ញុំនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-រុស្សី។
សហរដ្ឋអាមេរិក អូស្ត្រាលី រុស្ស៊ី និងឥណ្ឌា គឺជាដៃគូដ៏សំខាន់របស់យើង ក្នុងការរួមចំណែកយ៉ាង សកម្មដល់ការអភិវឌ្ឍរបស់អាស៊ាន និងតំបន់អាស៊ីបូព៌ា។
លោកប្រាក់ សុខុន បានឆ្លៀតឱកាសថ្លែងអំណរគុណ សហរដ្ឋអាមេរិកដែលបានគាំទ្រអាស៊ាន និងកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោកប្រាក់ សុខុន ក៏បានសម្តែងការគាំទ្រ ចំពោះសំណើរបស់អូស្ត្រាលីក្នុងការដំឡើងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី ទៅភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ខណៈឆ្នាំនេះជាខួបអនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី និងឆ្នាំក្រោយនឹងក្លាយជាឆ្នាំ «មិត្តភាពអាស៊ាន-ឥណ្ឌា»។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១ យើងបានពិភាក្សា អំពីបញ្ហាជាច្រើនរួម ទាំងការខិតខំប្រឹងប្រែងរួមរបស់យើងក្នុងការកាត់បន្ថយផលប៉ះពាល់ និងកម្ចាត់ជំងឺកូវីដ-១៩ ឱ្យបានឆាប់បំផុត។ យើងក៏បានគូសបញ្ជាក់ជាថ្ មីនូវការប្តេជ្ញាចិត្តរបស់យើងដើម្បីធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុង និម្មាបនកម្មតំបន់ ដែលកំពុងតែវិវត្តយ៉ាងឆាប់រហ័ស៕