គំនិតឡឺកឺ ៖ ស្គាល់មិត្តនៅពេលណា ?
ភ្នំពេញ៖ វាជារឿងនៅក្នុងសៀវភៅគតិលោក របស់យើងទេ តែវាមានចរឹតអប់រំ ដើម្បីឲ្យយើងបានស្គាល់ថា នរណាជាមិត្តពិតប្រាកដ ហើយនរណាជាមិត្តលើបបូរមាត់ ឬ ហៅថាជាមិត្ត១០ មិនបានមួយយួរ ។
នៅក្នុងភូមិមួយមានបុរសម្នាក់ បានសម្លាប់សត្វគោមួយក្បាល ដោយមិនឲ្យមិត្តភ័ក្ដិរបស់គាត់ បានដឹងនោះទេ តែគាត់មានកូនស្រីមួយរូប ជាអ្នកមានប្រាជ្ញា វាងវៃខ្លាំងណាស់ ។
នៅថ្ងៃសម្លាប់គោនោះ បន្ទាប់ពីចម្អិនសាច់របស់វាឆ្អិនហើយនោះ គាត់បានប្រើកូនស្រីគាត់ ឲ្យហៅមិត្តភ័ក្ដិទាំងអស់ របស់គាត់នៅក្នុងភូមិមកទទួលទានទាំងអស់គ្នា ។
កូនស្រីរបស់គាត់ បានដើរកាត់ភូមិគ្រប់ច្រកល្ហក ដោយស្រែកថា បងប្អូនអ៊ើយមេត្តា ជួយខ្ញុំផងភ្លើងឆេះផ្ទះហើយ ។ពេលនោះមានអ្នកភូមិប្រមាណជាង១០នាក់ប៉ុណ្ណោះ បានមកដល់ផ្ទះ បុរសដែលកាប់គោនោះ ។ បុរសជាម្ចាស់ផ្ទះបានអញ្ជើញភ្ញៀវទាំងអស់ ឲ្យចូលរួមបរិភោគនិង ក្រេបរសជាតិសុរា យ៉ាងសប្បាយរីករាយ ។
បន្ទាប់ពិធីជប់លៀងចប់ អ្នកភូមិទាំងជាង១០នាក់នោះ បានលាត្រឡប់ទៅវិញ ជាមួយនឹងភាសាអរគុណ យ៉ាងជ្រាលជ្រៅ ។បន្ទាប់ពីភ្ញៀវចេញអស់ បុរសរូបនោះ បានសួរទៅកូនស្រីថា ភ្ញៀវដែលមកបរិភោគសាច់គោ សុទ្ធតែមិនមែនជាមិត្តភ័ក្ដិ របស់គាត់ទាំងអស់ ។កូនស្រីក៏តបថា ខ្ញុំមិនបានហៅពួកគេ មកបរិភោគសាច់គោទេ គឺខ្ញុំកុហកគេថា ផ្ទះយើងត្រូវភ្លើងឆេះ ។
មិត្តភ័ក្ដិរបស់ពុក គ្រាន់តែឭខ្ញុំហៅថា ផ្ទះយើងត្រូវភ្លើងឆេះ គេបបួលគ្នាចូលក្នុងផ្ទះ ហើយបិទទ្វារសម្ងំ ដោយគ្មាននរណា មកជួយយើងឡើយ ។ អ្នកដែលមកនេះ គឺគេមិនមែនមកបរិភោគសាច់គោទេ គឺគេមកជួយពន្លត់ភ្លើង ដែលឆេះផ្ទះយើង ។ ពួកគេពិតជាមិត្តភ័ក្ដិ ដែលគួរឲ្យគោរពខ្លាំងណាស់ពុក ។
បុរសនោះក៏តបថា កូនស្រីពុកពិតជាឆ្លាតមែន ! បើកូនមិនប្រើវិធីនេះទេម្ល៉េះ ពុកនឹងត្រូវរាប់អានមិត្តភ័ក្ដិ ក្លែងក្លាយរហូតតែម្ដងហើយហ្នាកូនស្រី ។ សុំទោសមនុស្សឡឺកឺ ចូលចិត្តតែលើកយករឿងប្លែកៗ មកចែកគ្នាហិត តែបែបនេះរាល់ដងហ្នឹង ហ្នា ៕