ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលចក្រភពអង់គ្លេស

63

 

ភ្នំពេញ ៖ នៅរសៀល ថ្ងៃព្រហស្បតិ៍ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការជំងឺកូវី-១៩ ដែលជាជំនួយរបស់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលចក្រភពអង់គ្លេសចំនួន៤១៥,០០០ ដូស។

ឯកអគ្គរាជទូតស្តីទីអង់គ្លេសប្រចាំនៅកម្ពុជា បានលើកឡើងថា ជំងឺរាតត្បាតកូវីដ-១៩ ជាបញ្ហារបស់សកលលោកដែលទាមទារ ឱ្យមានដំណោះស្រាយជាសកល។ ដូច្នេះហើយបានជាចក្រភពអង់គ្លេស កំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធជាសកលប្រឆាំងនឹងជំងឺកូវីដ១៩។ លោកបានគូសបញ្ជាក់ថា លោកពិតជារីករាយចំពោះ ការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកបានបង្ហាញការរំពឹងថា វ៉ាក់សាំងជាជំនួយនេះ នឹងជួយពង្រីក និងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសកម្ពុជា។

លោកឯកអគ្គរាជទូតស្តីទីអង់គ្លេសប្រចាំនៅកម្ពុជា បានថ្លែងបន្តថា វ៉ាក់សាំងជំនួយរបស់អង់គ្លេសនេះ នឹងជួយដល់សហគមន៍ក្នុងមូលដ្ឋាន ដើម្បីចាប់ផ្តើមអាជីវកម្ម ការពារសេវាកម្មសុខភាព និងស្តារជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាឡើងវិញ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍និងអរគុណចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋ នៃចក្រភពអង់គ្លេសដែល បានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ជូនដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាចំនួន៤១៥,០០០ដូស ប្រភេទវ៉ាក់សាំង AstraZeneca ដែលជាជំនួយសប្បុរសធម៌ដ៏ថ្លៃថ្លា និងជាសន្តានចិត្តជួយគ្នាក្នុងគ្រាលំបាក ក្នុងបរិការណ៍ដែលវ៉ាក់សាំងគឺជាទំនិញយុទ្ធសាស្ត្រគន្លឹះ និងមានតម្រូវការខ្ពស់ក្នុងសមរភូមិប្រយុទ្ធ នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅគ្រប់ទិសទីនៃពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ដោយសារតែមេរោគ Covid-19 បានបន្តវិវត្ត និងបំប្លែងខ្លួនឥតឈប់ឈរ ទៅជាប្រភេទមេរោគកន្លែងថ្មី ជាពិសេសមេរោគប្រភេទDelta ដែលបាន និងកំពុងឆ្លងរាលដាលយ៉ាងខ្លាំង នៅបណ្ដាប្រទេសនានា ក៏ដូចជានៅកម្ពុជាផងដែរនោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបិទខេត្តមួយចំនួន និងតំបន់ខ្លះក្នុងរាជធានីភ្នំពេញ និងដាក់ចេញនូវយុទ្ធនាការ ពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ។
សម្ដេចតេជោបានមានប្រសាសន៍ទៀតថា ដោយយល់យ៉ាងច្បាស់អំពីអត្ថប្រយោជន៍ នៃការចាក់វ៉ាក់សាំងរាជរដ្ឋាភិបាលបានខិតខំនឹងព្យាយាម ស្វែងរកវ៉ាក់សាំងតាមយន្តការដែលមានជាតិ ទ្វេភាគីក្តីជាពហុភាគីក្តី ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋ។ ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២១ កម្ពុជាបានចាប់ផ្ដើមចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ហើយចាប់ពីថ្ងៃទី១ ខែសីហា២០២១ កម្ពុជាក៏បានសម្រេចបោះមួយជំហានទៀត គឺការចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារនិងយុវវ័យអាយុចាប់ពី១២ ដល់ក្រោម១៨ឆ្នាំដែលមានប្រមាណ ជាង២លាននាក់បន្ថែមទៀត ។

សម្តេចជោបានមានប្រសាសន៍បញ្ជាក់ថា វ៉ាក់សាំងដែលជាជំនួយមនុស្សធម៌ ដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលនៃចក្រភពអង់គ្លេសនេះ នឹងត្រូវប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសនោះទី៣ ឬដូសជុំវិញ ។ សម្ដេចក៏ស្នើដល់ចក្រភពអង់គ្លេស ផ្ដល់ជំនួយមនុស្សធម៌ជាវ៉ាក់សាំងជាបន្តទៀត ក៏ដូចជាជួយសម្របសម្រួលដល់កម្ពុជា ក្នុងការបញ្ជាទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀតសម្រាប់បំពេញសេចក្តីត្រូវការ ចាំបាច់នាពេលខាងមុខ ។

មុននឹងបញ្ចប់ សម្ដេចតេជោក៏នៅតែអំពាវនាវ ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមសហការយ៉ាងសកម្ម និងពេញលេងជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនិងជម្ងឺ Covid-19 ដោយត្រូវអនុវត្តកាន់ខ្ជាប់នូវវិធានការសុខាភិបាល ជាពិសេសវិធានការ៣ កុំ ៣ការពារ និងចូលរួមក្នុងយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការកូវីត-១៩ ដើម្បីសុវត្ថិភាពសុខភាព ដូចជាសុខុមាលភាព របស់យើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង