លួចបើកភោជនីយដ្ឋាន បង្កប់KTV នៅទួលគោកឃាត់ខ្លួនមនុស្សប្រុស ស្រី ១៣នាក់ ពិនិត្យយកសំណាកអវិជ្ជមាន
ភ្នំពេញ៖ អនុវត្តទៅតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ប្រធានគណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោកឯក ឃុន ដឿន បានចុះធ្វើការ បង្ក្រាបភោជនីយដ្ឋានលួចបង្កប់KTVមួយកន្លែង ដោយឃាត់ខ្លួនមនុស្ស ប្រុស ស្រីជាក់ស្តែងចំនួន១៣នាក់ ខណៈដែលពួកគេលួចបើកទទួលភ្ញៀវផ្គើនទៅនិងវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ប្រត្តិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង៩និង០៧យប់ថ្ងៃព្រហស្បតិ៏ ទី៥ ខែសីហា ឆ្នាំ២០២១ នៅភោជនីយដ្ឋានផ្ទះផាត ធី មានអាស័យដ្ឋាន ផ្ទះលេខ២០៣ ផ្លូវលេខ២៦១កែង១៣៨ ក្រុម២២ ភូមិ៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកឯក ឃុនដឿន បានអោយដឹងថា ក្រោយពីទទួលបានព័ត៌មានថា ទីតាំងខាងលើបានផ្គើនទៅនឹងបំរាមរបស់រដ្ឋបាលរាជធានីភ្នំពេញ និងដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ គណ:បញ្ជាការឯកភាពខណ្ឌទួលគោក នៅយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២១ និង៧នាទី បានចុះដល់ទីតាំងជាក់ស្តែង ឃើញថាបានលួចបេីកទទួលភ្ញៀវ ចូលហូបចុក ដោយរៀបចំតុ កៅអី លក់ស្រាបៀរ មានបុគ្គលិកទទួលភ្ញៀវចំនួន ៨នាក់ស្រី៤នាក់ និងមានភ្ញៀវម្នាក់ប្រុស ចូលច្រៀង កាខាអូខេ មួយបន្ទប់ ដែលមានអ្នកបំរេី៣នាក់ ក្នុងនោះមេការស្រីម្នាក់ អ្នកកំដរស្រី ២នាក់ ។ ជាមួយគ្នានោះ ក៏មានលោក អៀ ឆវុធ ភេទប្រុស អាយុ៤០ឆ្នាំ ជាថៅកែ ក៏នៅចាំចាត់ចែងផងដែរ ។
ក្នុងប្រតិបត្តការណ៍កម្លាំងមានសមត្ថកិច្ចឃាត់ខ្លួនមនុស្ស១៣នាក់ ស្រី ៧នាក់ ក្នុងនោះមាន អ្នកបំរេី៨នាក់ ស្រី៤នាក់ ភ្ញៀវ១ម្នាក់ប្រុស អ្នកកំដរ និងអ្នកបំរេីក្នុងបន្ទប់ចំនួន៣នាក់រួមទាំងថៅកែ១ នាក់ ។
គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយលោក ឯក ឃុនដឿន ជាអភិបាលខណ្ឌទួលគោក បានឃាត់ខ្លួនអ្នកខាងលេីបញ្ជូនទៅអធិការនគរបាលខណ្ឌ ដេីម្បីចាត់ចែងតាមច្បាប់ ។ ប៉ន្តែមុនពេលប្រមូលយកអ្នកទាំងអស់ទៅអធិការខណ្ឌ ក៏បានយកសំណាកជាមុន ជាលទ្ធផលសំណាក១៣នាក់ ស្រី៧នាក់ អវិជ្ជមានទាំងអស់។
ក្រុមការងារបានសម្រេចបិទភោនីយដ្ឋានខាងលេីជាបណ្តោះអាសន្ន ៕