សម្តេចក្រឡាហោម ស ខេង ប្រគល់រថយន្ត ចំនួន៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្ត
ភ្នំពេញ ៖ ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-Up ចំនួន ៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តចំនួន២៣ ដោយមានការចូលរួមពី រដ្ឋលេខាធិការ, អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គលេខាធិការ, អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល, អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណជា ១១០រូប។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ បានធ្វើសេចក្ដីរាយការណ៍ដោយសង្ខបថា គិតចាប់ឆ្នាំ២០១៩មក សម្តេចក្រឡាហោម ស ខេង បានផ្តល់អំណោយដ៏ថ្លៃថ្លានូវរថយន្ត Pick-Up ចំនួន៤លើក សរុប១៥៨គ្រឿង ជូនដល់អង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិរួមកហើយ។
ឯកឧត្តម បានបន្ថែមថា ដោយហេតុថា អធិការដ្ឋាននគរបាលក្រុង-ស្រុកចំនួន៨៧ទៀត នៅពុំទាន់ទទួលបានរថយន្តដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោមនៅឡើយ ទើបព្រឹកនេះ សម្តេចក្រឡាហោម បានផ្ដល់រថយន្តម៉ាក Ford Ranger Pick-UP XLT 3.2L ចំនួន៨៧គ្រឿងបន្ថែមទៀត ដើម្បីបង្គ្រប់ជូនដល់អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៨៧ នៃស្នងការដ្ឋាននគរបាលខេត្តចំនួន២៣ ដែលមិនទាន់ទទួលបានរថយន្ត។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ផ្ដាំផ្ញើ និងណែនាំដល់ស្នងការដ្ឋាននគរបាលខេត្តថា ត្រូវប្រើប្រាស់រថយន្ដនេះឱ្យត្រឹមត្រូវបំផុត និងថែទាំរថយន្ដឱ្យប្រើប្រាស់យូរ អង្វែង ក្នុងការបំពេញបេសកម្មជូនប្រជាពលរដ្ឋ។ សម្ដេច បានថ្លែងអំណរគុណ ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែជួយជ្រោមជ្រែង និងយកចិត្តទុកដាក់ដល់ កម្លាំងនគរបាលជាតិ។
ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ក៏បានសង្កេតឃើញថា អ្នកចូលរួមកម្មវិធីទទួលរថយន្ដនាពេលនេះ បានគោរពអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលយ៉ាងត្រឹមត្រូវបំផុត។ សម្ដេច បន្ដថា បញ្ហានេះដោយសារមានចាំបាច់ ក្នុងការផ្ដល់សេវាធារណៈជូនប្រជាពលរដ្ឋទូទាំងប្រទេស ដូច្នេះហើយទើប សម្ដេចសម្រេចរៀបចំពិធីប្រគល់រថយន្ដ ជូនស្នងការដ្ឋាននគរបាលខេត្តនាពេលនេះ ដើម្បីឱ្យសមត្ថកិច្ចយកទៅបំពេញការងាររបស់ខ្លួន ជាពិសេសនោះបម្រើប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម បានកោតសសើរចំពោះកម្លាំងនគរបាលជាតិទាំងអស់ ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។ សម្ដេច ក៏បានចូលរួមរំលែកទុក្ខចំពោះកម្លាំងនគរបាល បានពលីជីវិតក្នុងបេសកកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវិដ-១៩ ក៏ដូចជា ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព មន្ដ្រីរាជការស៊ីវិល នៃក្រសួងមហាផ្ទៃដែលទទួលមរណៈភាពដោយជំងឺកូវីដ-១៩។
សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្នជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលនៅឡើយទេ ទាំងនៅប្រទេសកម្ពុជា និងពិភពលោក ដូច្នេះ កម្លាំងនគរបាលជាតិទាំងអស់ បន្ដចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩បន្ថែមទៀត៕