ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ៖ ណែនាំឱ្យមានការគិតគូរ អំពីអង្គភាពនីមួយៗ នៅថ្នាក់ក្រសួង តើមានតម្រូវការមន្រ្តីនគរបាលប៉ុន្មាននាក់ ឱ្យពិតប្រាកដ

264

 

ភ្នំពេញ ៖ សម្ដេចក្រឡាហោម បញ្ជាក់ថា កន្លងមក សម្តេចក៏បានណែនាំឱ្យមានការគិតគូរ អំពីអង្គភាពនីមួយៗនៅថ្នាក់ក្រសួង តើមានតម្រូវការមន្រ្តីនគរបាលប៉ុន្មាននាក់ ឱ្យពិតប្រាកដ ដើម្បីដាក់មន្រ្តីឱ្យសមល្មម ហើយរំលែកក្របខ័ណ្ឌនេះទៅឱ្យប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងអធិការដ្ឋាននគរបាលវិញ ។ សម្ដេចបានសង្កត់ធ្ងន់ថា ជាវិធានការកាត់បន្ថយ ការស្នើសុំក្របខ័ណ្ឌបន្ថែម សម្រាប់កងកម្លាំងនគរបាលជាតិពីរាជរដ្ឋាភិបាល ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបែបនេះ ក្នុងបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-up ចំនួន៨៧គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបែងចែកជូនអធិការដ្ឋាននគរបាល ក្រុង ស្រុក នៅព្រឹកថ្ងៃសុក្រ ទី៦ ខែសីហា ឆ្នាំ២០២១នេះ ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណជូន សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជានិច្ចជាកាលបានយកចិត្តទុកដាក់ជួយជ្រោមជ្រែង និងលើកទឹកចិត្តដល់កម្លាំងនគរបាលជាតិរបស់យើង ជាក់ស្ដែងនៅពេលនេះ រថយន្ត៨៧គ្រឿងនេះ គឺជាថយន្តដែលនាំចូលដោយពន្ធជាបន្ទុករបស់រដ្ឋដែលទទួលបានការឯកភាពពីសម្ដេចតេជោនាយករដ្ឋមន្រ្តី ។ សម្ដេចក៏បានថ្លែងកោតសរសើរចំពោះការធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់កម្លាំងនគរបាលជាតិក្នុងស្ថានភាពកូវីដ-១៩ ដ្បិតកម្លាំងមួយផ្នែកនៃមន្រ្តីរាជការអាចមានឱកាសស្នាក់នៅផ្ទះ តែសម្រាប់កម្លាំងនគរបាលជាតិស្ទើរទាំងអស់ បានចេញប្រតិបត្តិការគ្រប់ទីកន្លែង ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ពិសេសនៅតាមតំបន់ប្រឈមខ្ពស់ ដូចជាតំបន់ក្រហម តំបន់លឿងទុំជាដើម ។

ទន្ទឹមនឹងការថ្លែងកោតសរសើរដល់កងកម្លាំងនគរបាលជាតិ ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន សម្ដេចក្រឡាហោមក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះក្រុមគ្រួសារសពកងកម្លាំងនគរបាលជាតិ ដែលបានពលីជីវិតក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ប្រយុទ្ធប្រឆាំងងនឹងជំងឺកូវីដ-១៩ និងក្រុមគ្រួសារសពមន្រ្តីរាជការស៊ីវិល ដែលទទួលមរណភាពបដោយសារជំងឺឆ្លងនេះ។

ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩នេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាមកដល់ពេលនេះអត្រាឆ្លងជំងឺកូវីដ-១៩ លើពិភពលោកនៅតែស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ ខណៈប្រទេសកម្ពុជា និងបណ្ដាប្រទេសជាបន្តបន្ទាប់ បានរកឃើញវត្តមានមេរោកបំប្លែងខ្លួនថ្មី ដែលតា ។ សម្ដេចក្រឡាហោមបានបន្តក្នុងន័យដើមថា«ជាការពិតហើយយើងត្រូវគោរពតាមវិធានការសុខាភិបាល ប៉ុន្តែទន្ទឹមគ្នានេះយើងក៏ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចជាចាំបាច់ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ។ ខ្ញុំសូមកោតសរសើរ ដ្បិតជាក់ស្ដែងក្នុងរយៈពេលក្លងទៅនេះការបង្ក្រាបបទល្មើសបានទទួលលទ្ធផលយ៉ាងល្អប្រសើរ» ។

ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនក្នុងស្ថានភាពប្រឈមនេះ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា បទល្មើសនេះបានថយចុះបន្តិច ប៉ុន្តែក្រុមឧក្រិដ្ឋជននៅតែឆ្លៀតឱកាសលួចកែច្នៃ ផលិត និងនាំចូលសារធាតុញៀន អាភៀន ពីបណ្ដាប្រទេសជុំវិញ ពិសេសពីតំបន់ត្រីកោណមាសមកកម្ពុជា ធ្វើឱ្យមានការកែច្នៃ និងផលិតគ្រឿងញៀនកើនឡើងជាងពេលមុន ។ សម្ដេចបន្តថា«ចាប់តាំពីយុទ្ធនាការបង្ក្រាបគ្រឿងញៀនដំបូងឆ្នាំ២០១៧ មកដល់ពេលនេះ គិតទាំងអាភៀន និងសារធាតុគីមីផ្សុំ មានជាង ១១តោន ហើយក៏មិនដឹងថារួចផុតចេញពីយើងទៅប៉ុន្មានទៀតដែរ យ៉ាងណានេះគឺជាលទ្ធផលដែលកើតចេញពីឆន្ទៈមុះមុត នៃការបំពេញភារកិច្ចជារួមរបស់កងកម្លាំងនគរបាលជាតិ និងមន្រ្តីរាជការពាក់ព័ន្ធទាំអស់» ។

ទាក់ទងនឹងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ និងការផ្ដល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ ត្រូវបានចាត់ទុកថាជាថ្នាក់រដ្ឋបាលដែលនៅជិតប្រជាពលរដ្ឋបំផុត ពោលគឺបេសកកម្មរបស់ថ្នាក់ក្រោមជាតិនេះក៏មិនខុសពីថ្នាក់ជាតិដែរ ហើយរឹតតែសំខាន់ជាងថ្នាក់ជាតិទៅទៀត នៅត្រង់ថាពួកគាត់នៅគៀកនឹងប្រជាពលរដ្ឋ ប្រជាពលរដ្ឋអាចដឹងថាពួកគាត់ធ្វើល្អ និងមិនធ្វើល្អដោយងាយ ។ សម្ដេចបានបន្តថា «ដូច្នេះបានខ្ញុំលើកយោបល់ថានៅថ្នាក់ឃុំ យើងត្រូវផ្ដោតលើមុខសញ្ញា៤ គឺ ១.មេឃុំ ចៅសង្កាត់ ២.ស្មៀនឃុំ ស្មៀនសង្កាត់ ៣.ប្រធានប៉ុសិ៍តនគរបាលរដ្ឋបាល និងទី៤គឺមេភូមិ» ។

សម្ដេចបានបន្តថា «អ៊ីចឹងបានជាយើងត្រូវតែយកចិត្តទុកដាក់ឱ្យពួកគាត់ធ្វើការងារបម្រើប្រជាពលរដ្ឋឱ្យបានល្អ ដែលទាមទារការផ្ដល់នូវការណែនាំ ទិសដៅ គោលការណ៍ វិធានការនានា និងមធ្យោបាយធ្វើការ ដើម្បីមានលទ្ធភាព ដូចជាបើមិនទាន់មានអគារប៉ុស្តិ៍រដ្ឋបាលទេ យើងត្រូវធ្វើអគារជូនគាត់ ដ្បិតសម័យនេះមិនអាចធ្វើការក្រោមដើមឈើទៀតបានទេ។ តាមខ្ញុំដឹងយើងបានសាងសង់អគាររដ្ឋបាលប៉ុសិ៍តរដ្ឋបាលឃុំសង្កាត់បានច្រើនហើយ គឺនៅសល់តែប្រមាណ៨០កន្លែងទៀតទេ ក្នុងចំណោម ១.៦៦៤ឃុំ សង្កាត់» ។ យ៉ាងណាសម្ដេចបានគូសបញ្ជាក់ថា កិច្ចការដែលនៅសេសសល់ប្រមាណ៥០ភាគរយនោះ គឺការសាងសង់អគារដ្ឋបាលសាលាឃុំ សង្កាត់។

សម្ដេចក្រឡាហោមក៏បានលើកឡើងដែរអំពីការបណ្ដុះបណ្ដាលធនធានមនុស្ស ជាមន្រ្តីស្មៀនឃុំសង្កាត់ និងមន្រ្តីកងកម្លាំងនគរបាលនៅមូលដ្ឋាន ព្រមទាំងបានបន្ថែមថា អធិការដ្ឋាននគរបាល និងប៉ុសិ៍តនគរបាលរដ្ឋបាល ក្រសួងក៏នឹងមានការគិតគូរបន្ថែមទៀត ដូចជាការវិភាគក្របខណ្ឌ និងមុខងារឱ្យបានសមស្រប ដោយផ្អែកលើកត្តាភូមិសាស្រ្ត និងប្រជាសាស្រ្ត ពោលគឺផ្អែកលើចំនួនប្រជាពលរដ្ឋតិចឬច្រើន និងវិសាលភាពទឹកដីរដ្ឋបាលនោះធំឬតូច ឬមានភាពស្មុគស្មាញជាដើម ដើម្បីដាក់ពង្រាយបរិមាណកងកម្លាំងឱ្យត្រូវនឹងស្ថានភាពជាក់ស្ដែង ។ សម្ដេចទទួលស្គាល់ថា នៅភ្នំពេញ នគរបាលប៉ុស្តិ៍មានការខ្វះខាត និងទទួលខុសត្រូវបំពេញការងារច្រើន ដែលទាមទារឱ្យមានការគិតគូឡើងវិញ ។

សម្ដេចក្រឡាហោមក៏បានលើកឡើងថា កន្លងមក សម្ដេចក៏បានណែនាំឱ្យមានការគិតគូរអំពីអង្គភាពនីមួយៗនៅថ្នាក់ក្រសួង តើមានតម្រូវការមន្រ្តីនគរបាលប៉ុន្មាននាក់ ឱ្យពិតប្រាកដ ដើម្បីដាក់មន្រ្តីឱ្យសមល្មម ហើយរំលែកក្របខ័ណ្ឌនេះទៅឱ្យប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងអធិការដ្ឋាននគរបាលវិញ ។ ចំណុចនេះសម្ដេចបានសង្កត់ធ្ងន់ថា ជាវិធានការកាត់បន្ថយការស្នើសុំក្របខ័ណ្ឌបន្ថែមសម្រាប់កងកម្លាំងនគរបាលជាតិពីរាជរដ្ឋាភិបាល ។ សម្ដេចក៏បានបន្ថែមថា បញ្ហាដែលកំពុងដោះស្រាយនេះ មិនមែនកើតឡើងដោយសារកំហុសនរណាម្នាក់នោះទេ ពីព្រោះកម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្រ្ត ដែលរដ្ឋចាប់ផ្ដើមបំពេញការងារជាមួយនឹងភាពខ្វះខាតធនធានមនុស្ស ទើបបណ្ដាលឱ្យជួបស្ថានភាពខ្វះ តែសល់ ពោលគឺខ្វះអ្នកមានសមត្ថភាពធ្វើការ តែសល់អ្នកមិនមានសមត្ថភាពធ្វើការ ។

ពាក់ព័ន្ធនឹងការប្រគល់រថយន្តនៅថ្ងៃនេះវិញ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យអធិការដ្ឋាននគរបាលទាំងអស់ចូលរួមថែទាំរថយន្តនេះឱ្យបានល្អ ព្រោះជារថយន្តដែលបានចុះបញ្ជីជាទ្រព្យសម្បត្តិរួម ។ សម្ដេចក៏បានណែនាំឱ្យអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុគិតគូរការផ្ដល់ប្រេងឥន្ធនៈប្រើប្រាស់សម្រាប់រថយន្តនេះឱ្យបានល្អ និងបានសម្ដែងក្ដីសង្ឃឹមជឿជាក់ថា ទោះបីជាត្រូវបន្តប្រឈមមុខនឹងការរីករាលដាលជំងឺកូវីដ-១៩ ដែលមិនមានភាពប្រាកដប្រជាយ៉ាងណាក្ដី ថ្នាកដឹកនាំ មន្រ្តីរាជការស៊ីវិល និងកងកម្លាំងទាំងអស់ និងរួមគ្នាបន្តខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ដើម្បីបម្រើសេវាសាធារណៈជូន ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរថែមទៀត ។

យោងតាមរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ គិតចាប់តាំងពីឆ្នាំ២០១៩មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់អំណោយរថយន្ត Pikc-up ចំនួន៤លើក សរុប១៥៨គ្រឿង ដល់អង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងនោះរួមមាន ស្នងការដ្ឋាននគរបាលខេត្តចំនួន ២២គ្រឿង វរសេនាតូចនគរបាលការពារព្រំដែនចំណុះភូមិភាគ៤ និងភូមិភាគ៥ចំនួន ១៦គ្រឿង ក្រុមល្បាតត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោក លើផ្លូវជាតិលេខ៤ និងលេខ៥ ចំនួន ៤គ្រឿង អធិការដ្ឋាននគរបាលខណ្ឌ តាមរយៈស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ១៣គ្រឿង និងអធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌចំនួន១០៣គ្រឿង ។

ដោយឡែកនៅថ្ងៃនេះ ឯកឧត្តម អគ្គនាយក បានរាយការណ៍ជូនអង្គពិធីថា រថយន្តទាំង៨៧គ្រឿងនេះ នឹងប្រគល់ជូនអធិការដ្ឋាននគរបាលក្រុង ស្រុក ដែលពុំទាន់ទទួលបានរថយន្តទាំង ៨៧អធិការដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តចំនួន២៤ខេត្ត រួមមានខេត្តព្រៃវែង ៤គ្រឿង, បាត់ដំបង ៥គ្រឿង, បន្ទាយមានជ័យ ២គ្រឿង, ស្ទឹងត្រែង ២គ្រឿង, ពោធិ៍សាត់ ៤គ្រឿង, ព្រះវិហារ ៣គ្រឿង, កណ្ដាល ៥គ្រឿង, កំពង់ស្ពឺ ៥គ្រឿង, កំពង់ឆ្នាំង ៦គ្រឿង, កំពង់ចាម ៨គ្រឿង, ត្បូងឃ្មុំ ៤គ្រឿង, ក្រចេះ ១គ្រឿង, តាកែវ ៤គ្រឿង, កំពត ៤គ្រឿង, ព្រះសីហនុ ២គ្រឿង, កោះកុង ៣គ្រឿង, កំពង់ធំ ៧គ្រឿង, សៀមរាប ១០គ្រឿង, កែប២គ្រឿង, ឧត្តរមានជ័យ ១គ្រឿង, ប៉ៃលិន ១គ្រឿង, មណ្ឌលគិរី ១គ្រឿង, និងរតនគិរី ៣គ្រឿង សរុបពីឆ្នាំ២០១៩មក សម្ដេចក្រឡាហោមបានផ្ដល់ជូនរថយន្តចំនួន ៥លើក ស្មើនឹង២៤៥គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង