អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យ
ភ្នំពេញ ៖ សូមមាតា បិតា អាណាព្យាបាល របស់កុមារនិងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ទៅដល់អាយុក្រោម១៨ឆ្នាំ ត្រូវជំរុញកូន ចៅ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នា ដើម្បីជៀសផុតពីជំងឺដ៍កាចសាហាវនេះ ហើយសូមកុំបារម្ភថា ខ្លាចអស់វ៉ាក់សាំងអោយសោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល លោកបានគិតគូរខ្លាំងណាស់ ចំពោះកិច្ចការស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ និងកូន ចៅ របស់ប្រជាពលរដ្ឋ ដោយមិនអោយយកប្រាក់នោះឡើយ ហើយយុទ្ធនាការនេះធ្វើឡើង ដើម្បីបញ្ចប់ឫសគល់នៃជំងឺ កូវីដ-១៩ ។
នេះជាសារអំពាវនាវរបស់លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅគ្រាដែលលោក ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងចាក់វ៉ាក់ចំនួន៥ កន្លែងកាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ។
ទីតាំងទី១-នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ , ទីតាំងទី២-នៅមណ្ឌលសុខភាពនិរោធ, ទីតាំងទី៣-នៅមណ្ឌលសុខភាពព្រែកឯង, ទីតាំងទី៤-នៅមណ្ឌលសុខភាពក្បាលកោះ និងទីតាំងទី៥-នៅមណ្ឌលសុខភាពព្រែកថ្មី ។
ក្នុងការចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងទាំង៥នេះដែរ លោកអភិបាលខណ្ឌបានថ្លែងអំណរគុណក្រុមគ្រូពេទ្យ ក្រុមយុវជន ព្រមទាំងមាតា បិតា អាណាព្យាបាល កុមារនិងយុវវ័យ ទាំងអស់ ដែល បានចូលរួមដោយស្ម័គ្រចិត្តមកចាក់វាក់សាំង ដែលជាការរួមចំណែកក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល។ ព្រោះថាក្នុងដំណាក់កាលបច្ចុប្បន្ន ពិភពលោក ក៏ដូចជាកម្ពុជា កំពុងទទួលរងនូវការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ បម្លែងខ្លួនថ្មីមានឈ្មោះ (ដែលតា) ដែលមានការចំលងលឿនជាងមេរោគមុនៗ ធ្វើឲ្យអត្រាអ្នកឆ្លង និងស្លាប់កាន់តែមានចំនួនច្រើនឡើង។ ដូច្នេះ មានតែការចាក់វ៉ាក់សាំងទេ ដែលជាជម្រើសទី១ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្រ្គោះជីវិតមនុស្សមិនឱ្យឈឺធ្ងន់ធ្ងរ នៅពេលឆ្លងជំងឺកូវីដ-១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។
ជាមួយគ្នានេះ លោក ចេង មុនីរ៉ា បានបន្តថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ហើយថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូចជាការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា គឺមិនគិតថ្លៃនោះទេ ហើយអាជ្ញាធរមានសមត្ថកិច្ច នឹងមានចំណាត់ការទៅតាមផ្លូវច្បាប់ចំពោះមន្ត្រីណា មានការពាក់ព័ន្ធនឹងការទារលុយកាក់ពីក្មួយៗ ដែលវាធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល កុមារ-យុវវ័យ ដែលមានអាយុពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ហើយសូមកុំគិតថា មិនមានវ៉ាក់សាំងសម្រាប់ចាក់ ព្រោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីមកចាក់ជូនដល់បងប្អូនប្រជាពរដ្ឋ កុមារ និងយុវវ័យ អោយបានគ្រប់គ្នា ដើម្បីយើងអាចឈានទៅបើកដំណើរការសាលារៀន, ដំណើរការសេដ្ឋកិច្ច-សង្គមរបស់យើងឡើងវិញ ។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០១ សីហា មកដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ មានកុមារ-យុវវ័យ អាយុពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅទូទាំងខណ្ឌច្បារអំពៅ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១០.២៥៥នាក់ ក្នុងចំនួនសរុប ប្រមាណ ជិត២ម៉ឺននាក់ ។
ជាមួយគ្នានេះដែរមាតា បិតា អាណាព្យាបាល ក៏ដូចជាយុវវ័យ ដែលមក ចាក់វ៉ាក់សាំងបានគោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំងកូវីដ-១៩ ជាបន្តបន្ទាប់ ចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្កើតភាពសាំ និងដើម្បីទប់ស្កាត់ការចម្លង រាលដាលដល់ប្រជាពលរដ្ឋទូទាំងប្រទេស ៕