ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ព្រមានម្ចាស់ទីតាំងបើកល្បែងស៊ីសង បើនៅតែគឃ្លើនផ្តល់ទីតាំងប្រព្រឹត្តបទល្មើសល្បែងស៊ីសងបន្តទៀត ផ្ទុយពីកិច្ចសន្យា នឹងត្រូវអនុវត្តវិធានការច្បាប់
ខេត្តព្រៃវែង ៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងជាពិសេសបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មេត្តាទទួលជ្រាបអំពីខ្លឹមសារនៃសារព័ត៌មាន KH PLUS News បានចុះថតធ្វើការអត្ថាធិប្បាយផ្សាយផ្ទាល់ (Live) លើបណ្តាញទំនាក់ទំនងសង្គមដោយបានអះអាងថា នៅចំណុចភូមិ ព្រៃគុយ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានលេងល្បែងប្រជល់មាន និងអាប៉ោង យ៉ាងគគ្រឹគគគ្រេង និងបង្កហិង្សាវាយតប់ទៅលើអ្នកសារព័ត៌មានផងដែរ ។
បន្ទាប់ពីបានទទួលព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាអោយកម្លាំងជំនាញខេត្ត ដឹកនាំដោយលោកវរសេនីយ៏ឯក នៅ ហាច ស្នងការរង សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ធ្វើការស្រាវជ្រាវ ទទួលបានលទ្ធផលដូចខាងក្រោម ៖
នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ច បានអញ្ជើញប្រជាពលរដ្ឋចំនួន០២នាក់ (ឈ្មោះឆុន តឹក ភេទប្រុសនិងឈ្មោះ ឡុង ពុធ ភេទប្រុស) ដែលទាំងពីរនាក់បានបំភ្លឺអះអាងថា មានមនុស្សប្រហែល១០នាក់ជួបជុំគ្នា មានបំណងរៀបចំលេងល្បែងប្រជល់មាន់ ប៉ុន្តែពុំសម្រេចដោយសារក្រុមសារព័ត៌មាន បានចុះមកដល់ធ្វើការថតផ្សាយផ្ទាល់ ខណៈនោះក្រុមមនុស្សទាំងនោះ បានបំបែកគ្នាចេញពីទីតាំងនោះតែម្តង។
តាមការស្រាវជ្រាវរកឃើញថា កន្លងមក ម្ចាស់ផ្ទះឈ្មោះ ព្រាប សារ៉េត និងប្រពន្ធឈ្មោះ ជា មករា ធ្លាប់បានផ្តល់ទីតាំងលេងល្បែងប្រជល់មាន់ និងអាប៉ោងប្រាកដមែន ហើយម្ចាស់ទីតាំងនេះ ធ្លាប់ត្រូវបានសមត្ថកិច្ចចុះទៅធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យានៅចំពោះមុខអាជ្ញាធរមូលដ្ឋានទៀតផង។
អំឡុងពេលដែលក្រុមអ្នកសារព័ត៌មានចុះដល់កន្លែងកើតហេតុ ត្រូវបានអ្នកភូមិប្រមាណជា ១០នាក់ ធ្វើការរារាំង ដោយពុំអនុញ្ញាតឲ្យធ្វើការថតរូបភាពសកម្មភាពនោះឡើយ ប៉ុន្តែពុំបានប្រព្រឹត្តអំពើហិង្សាបង្ករបួសស្នាមនោះទេ ។
ពាក់ព័ន្ធករណីនេះ លោកអធិការនគរបាលស្រុកកំពង់ត្របែក ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានអញ្ជើញក្រុមអ្នកសារព័ត៌មាន KH PLUS News និងម្ចាស់ផ្ទះមកធ្វើការពន្យល់ណែនាំ សម្របសម្រួល ដោយភាគីទាំងពីរ បានទទួលយកការព្រមព្រៀងសះជា មិនប្រកាន់ជំហរប្តឹងផ្តល់គ្នានោះទេ និងបានធ្វើការសុំទោសគ្នាទៅវិញទៅមកដោយសន្តិវិធី។
កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត នឹងបន្តស្រាវជ្រាវករណីខាងលើបន្ថែមទៀត ក្នុងករណីរកឃើញភស្តុតាង អាចដាក់បន្ទុកលើក្រុមអ្នកញៀនល្បែងទាំងនោះ នឹងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីឈានដល់ការអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់។ ដោយឡែក ចំពោះម្ចាស់ទីតាំងខាងលើ បើនៅតែគឃ្លើនផ្តល់ទីតាំងប្រព្រឹត្តបទល្មើសល្បែងស៊ីសងបន្តទៀតផ្ទុយពីកិច្ចសន្យា នឹងត្រូវអនុវត្តវិធានការច្បាប់តែម្តង។
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គម ដែលតែងសហការផ្តល់នូវព័ត៌មាន ឬតម្រុយនៃសកម្មភាពល្មើសនានា នៅក្នុងភូមិសាស្ត្រទឹកដីនៃខេត្តព្រៃវែង៕