សមត្ថកិច្ចតាមឃាត់បានវិញ រថយន្តLexus RX330 ដែលបើកទៅបុករះកង់បី អូសទៅផ្ទប់ម៉ូតូ និងសម្ភារៈផ្ទះពលរដ្ឋ រួចបើករត់
ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តLexus RX330 មួយគ្រឿង ក្នុងល្បឿនលឿន បានរេចង្កូតទៅបុកកង់បី ចំពាក់កណ្តាលពេញទំហឹង អូសទៅផ្ទប់នឹងម៉ូតូមួយគ្រឿង និងសម្ភារៈផ្ទះពលរដ្ឋមួយចំនួន រងការខូចខាតយ៉ាងដំណំ ចំណែកឯរថយន្តបង្កបន្តល្បឿន បើករត់ទៅមុខចូលក្នុងបុរីលឹមឈាងហោ ត្រូវសមត្ថកិច្ចតាមឃាត់បានវិញ កាលពីវេលាម៉ោង ៧និង៥០ នាទីយប់ថ្ងៃទី៨ ខែសីហាឆ្នាំ ២០២១ ដែលស្ថិតនៅតាមបណ្ដោយផល្លូវ២១៧ ចំណុចនៅនិងស្តុបផ្សារថ្នល់បត់ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញកង់បីមួយគ្រឿង ពណ៌លឿងពាក់ផ្លាកលេខ ភ្នំពេញ1GU-9698 បានឈុបនៅជាប់ស្តុុបផ្សារថ្នល់បត់ ចូលទិញមាន់អាំង ខណៈពេលភ្លាមៗនោះដែរ ស្រាប់តែមានបុរសម្នាក់ បានបើករថយន្តម៉ាកLexus RX330 ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ2J-1731 បើកបរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុកកង់បី ដែលឈុបទិញមានអាំងចំពាក់កណ្តាលពេញទំហឹង បានអូសទៅមុខជាច្រើនម៉ែត្រ ផ្ទប់នឹងម៉ូតូសង់ការេមួយគ្រឿងទៀត និងសម្ភារៈផ្ទះពលរដ្ឋមួយចំនួន រងការខូចខាតបន្ទាប់មករថយន្តបង្ក បានបើករត់ចូលទៅបុរីលឹមឈាងហោ ត្រូវសមត្ថកិច្ចខណ្ឌដង្កោ ប្រដេញពីក្រោយតាមឃាត់បានវិញផងដែរ។ សំណាងល្អក្នុងហេតុការណ៍នេះ មិនបង្កឲ្យមាននាក់រងរបួសធ្ងន់នោះទេ រងការខូចខាតតែសម្ភារៈតែប៉ុណ្ណោះ។
សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ បានចុះមកដល់រួចបានធ្វើការការវាស់វែង យករថយន្តបង្កនិងកង់បី ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំឲ្យភាគីទាំងសងខាង ធ្វើការដោយស្រាយគ្នានៅពេលក្រោយ៕