ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវតភ្ជាប់ទៅកាន់ តំបន់ព្រំដែនកម្ពុជា-ថៃ និងឡាវត្រូវបានជួសជុល និងកែលំអរឡើងវិញបានប្រមាណ៩០ភាគរយហើយ

113

ខេត្តព្រះវិហារ៖ ផ្លូវដែលជាខ្សែក្រវ៉ាត់ព្រំដែន ស្ថិតនៅក្នុងភូមិសាស្ត្រដែនដីនៃរដ្ឋបាលខេត្តព្រះវិហារ ពិសេស ផ្លូវក្រាលគ្រួសក្រហម ដែលតភ្ជាប់ទៅកាន់តំបន់ព្រំដែនកម្ពុជាថៃ និងឡាវ ដែលទទួលរងនូវការខូចខាត ដោយអន្លើរៗដោយសារជំនន់ទឹកភ្លៀង កន្លងមកនោះ ខណៈនេះត្រូវបានជួសជុល និងកែលំអរឡើងវិញបានប្រមាណ៩០ភាគរយហើយដើម្បីសម្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរបានរហ័ស និងប្រកបដោយសុវត្ថិភាព។

   ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថាជាច្រើនខែកន្លងមកនេះ លោកបានបញ្ជូនមន្ត្រីជំនាញ នាំយកគ្រឿងចក្រគ្រប់ប្រភេទ ចុះទៅកាន់ទីតាំងដែលត្រូវជួសជុល និងកៀសម្រួល

ផ្លូវតភ្ជាប់ទៅកាន់តំបន់ព្រំដែនកម្ពុជាថៃ និងឡាវ

ឲ្យមានភាពល្អប្រសើរឡើងវិញ ក្រោយជំនន់ទឹកភ្លៀង បានហូរច្រោះ និងកាត់ផ្តាច់ជាអន្លើរៗ នាពេលកន្លងមក ហើយបើគិតមកដល់ថ្ងៃទី១០សីហាឆ្នាំ២០២១នេះ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានជួសជុលនិងកែលំអផ្លូវតាមខ្សែបន្ទាត់ព្រំដែនទាំងនេះបានប្រមាណ៩០ភាគរយហើយ។

   លោក សំ លាងទ្រី បានបញ្ជាក់អោយដឹងផងដែរថា  ផ្លូវដែលរងការខូចខាតខ្លាំង ហើយត្រូវជួសជុលឡើងវិញមានផ្លូវជាតិលេខ៩៤ មានប្រវែង ៦៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកឆែប ឆ្ពោះទៅតំបន់ព្រំដែនកម្ពុជាឡាវ ,ផ្លូវជាតិលេខ៩៥ជាផ្លូវក្រាលគ្រួសាក្រហម មានប្រវែង ១៣គីឡូម៉ែត្រ តភ្ជាប់ពីស្រុកឆែប ឆ្ពោះទៅកាន់ស្រុកជ័យសែន ,ផ្លូវជាតិលេខ៦២ តភ្ជាប់ពីភូមិភ្នំដែក ឆ្ពោះទៅកាន់ភូមិស្វាយដំណាក់ ស្ថិតក្នុងឃុំរមណីយ ស្រុករវៀង និងផ្លូវជាតិលេខ៩២ ជាប្រភេទផ្លូវក្រាលគ្រួសក្រហម មានប្រវែងជាង ៨០គីឡូម៉ែត្រ តភ្ជាប់ពីព្រំប្រទល់ខេត្តស្ទឹងត្រែង និងព្រះវិហារ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជាឡាវ និងបន្តតភ្ជាប់ទៅកាន់តំបន់បន្ទាយស្រមោច ស្ថិតក្នុងស្រុកជាំក្សាន្ត នៃតំបន់ព្រំដែនកម្ពុជាថៃដោយធ្វើការជួសជុលឆ្លងកាត់ ឃុំកំពង់ស្រឡៅ១ និងកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ។

   លោកបានបញ្ជាក់ថា ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រវ៉ាត់ព្រំដែនដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងជាអន្លើៗកន្លងមក យើងបានការកែសម្រួល ដូចជាជួសជុល លុបគ្រលុក លុបផ្លូវសំបុកមាន់ និងការកាត់សម្អាតរុក្ខជាតិ ដោយម៉ាស៊ីនស្វ័យប្រវត្តិ ជាដើមដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផលកសិកម្ម ពីទីជនបទទៅកាន់ទីប្រជុំជន និងដើម្បីធានាសុខ សុវត្ថិភាព ធ្វើដំណើរបានរហ័ស ចំណាយពេលវេលាតិច ជូនប្រជាពលរដ្ឋនៅក្នុងតំបន់នីមួយៗ ពិសេស កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ ព្រំដែនកម្ពុជាថៃនិងកម្ពុជាឡាវ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ៕

 

អត្ថបទដែលជាប់ទាក់ទង