ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សារលើក្រុងព្រះសីហនុអាជ្ញាធរខេត្ត នឹងបើកឲ្យដំណើរការអាជីវកម្មឡើងវិញនៅថ្ងៃស្អែក ទី ១១ ខែសីហាឆ្នាំ ២០២១ បន្ទាប់ពីយកសំណាកសាជាថ្មីរួចរាល់

56

ខេត្តព្រះសីហនុ ៖ ផ្សារលើក្រុងព្រះសីហនុនឹងបើកឲ្យដំណើរការឡើងវិញនៅថ្ងៃស្អែកបន្ទាប់ពី ធ្វើតេស្តយកសំណាក រកមើលជំងឺកូវីដ១៩ ដល់អាជីវករលក់ដូរជាង ១ពាន់ ៦ រយនាក់រួចរាល់ នៅរសៀលថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២១ នេះ ឯកឧត្តមគួច ចំរើន អភិបាល ខេត្តព្រះសីហនុរួមជាមួយនឹងគណៈកម្មការ អនុគណៈកម្មការចុះពិនិត្យមើលនៅបរិវេណផ្សារលើ ក្រុងព្រះសីហនុដែលបានបិទអស់រយៈពេលជាច្រើនខែដោយមានការ ផ្ទុះឡើងនូវជំងឺកូវីដ១៩ ផ្ដើមចេញពីទីប្រជុំជនផ្សារ អាជ្ញាធរខេត្តបានផ្អាកជាបណ្ដោះអាសន្ន។
ដូចនេះដើម្បីមុនដាក់ឲ្យដំណើរការឡើងវិញ ឯកឧត្តមអភិបាលខេត្តរួមជាមួយនិងក្រុមការងារបានចុះពិនិត្យមើលអំពីការរៀបចំ កែលម្អតូបលក់ដូរ ទីធ្លា កំលាតសុវត្ថិភាព ឱ្យមានស្តង់ដារ ដើម្បីដំណើរការ អាជីវកម្មលក់ដូរ ឡើងវិញប្រកបដោយសុវត្ថិភាពកាត់បន្ថយ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
ហើយក្នុងឱកាសចុះពិនិត្យផ្សារ នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះបងប្អូនអាជីវករដែលបានចូលរួមសហការជាមួយនឹងអាជ្ញាធរ ក្រុង ខេត្ត ក៏ដូចជាគណៈកម្មការផ្សារដើម្បីចូលរួម ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តយកសំណាកបានគ្រប់ៗគ្នា ដូចនេះមុនដាក់ឲ្យដំណើរការឡើងវិញ កុំអោយឆ្លងជំងឺកូវីដ១៩ នៅក្នុងទីប្រជុំជនផ្សារ សូមបងប្អូនអាជីវករ ផ្សារលើទាំងអស់មកយកសំណាកសាជាថ្មីចាប់ពីថ្ងៃទី១១ ខែសីហាឆ្នាំ ២០២១ ស្អែកនេះតទៅ ទើបអាជ្ញាធរឲ្យដំណើរការអាជីវកម្មលក់ដូរឡើងវិញជាធម្មតា។
ដូចនេះចំពោះអាជីវករលក់ដូរទាំងអស់ ត្រូវអនុវត្តតាមវិធានការរបស់ ក្រុមការងារគណៈកម្មការអនុគណៈកម្មការនឹង អ្នកគ្រប់គ្រងផ្សារ ដែលបានកំណត់គឺ ត្រូវអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាលរក្សាគម្លាតសុវត្ថិភាពនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺ ៣កុំ៣ ការពារឲ្យបានជាប់ជាប្រចាំ។
ចំពោះការបើកផ្សារទូទាំងខេត្តព្រះសីហនុ ឡើងវិញ ដែលបានបិទកន្លងមក ជំហានដំបូងគឺបើកដំណើរការពីផ្សារលើក្រុងព្រះសីហនុ ចំពោះផ្សារផ្សេងៗទៀតគឺអាស្រ័យទៅលើ ការរៀបចំនិងអនុវត្តបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមការងារគណៈកម្មការនិងអនុគណៈកម្មការចុះវាយតម្លៃបើគ្រប់លក្ខន្តិកៈនឹងបើកឲ្យដំណើរការជាធម្មតាឡើងវិញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង