រដ្ឋាភិបាលសម្រេច ដកហូតកំពង់ផែទេសចរណ៍ ចុងឃ្នៀសពីក្រុមហ៊ុន ស៊ូ ជីង មកដាក់ជា សម្បត្តិរបស់រដ្ឋវិញ
សៀមរាប៖ យោងតាមផេកហ្វេសប៊ុក របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអោយដឹងថា រាជរដ្ឋាភិបាលកម្ពុជាបាន សម្រេចលុបចោលនូវ គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ ចុងឃ្នៀស របស់ក្រុមហ៊ុន ស៊ូ ជីង មកធ្វើជាសម្បត្តិរបស់រដ្ឋទាំងអស់ បន្ទាប់ពីទីស្ដីការគណ:រដ្ឋមន្រ្តី ចុះហត្ថលេខាលើលិខិតសម្រេចកាលថ្ងៃទី២៩ ខែកក្កដាកន្លងទៅ .
ដែលខ្លឹមសារក្នុងសេចក្តីសម្រេចនោះ ចែងថា ត្រូវបានដកហូតទីតាំងវិនិយោគទាំងស្រុង របស់ក្រុមហ៊ុនមួយនេះ ប្រគល់ឲ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរគ្រប់គ្រងជាបណ្ដោះអាសន្ន។
លោក លី សំរិទ្ធិ អ្នកនាំពាក្យរដ្ឋបាលខេត្ត និងជាអភិបាលរងខេត្តរៀមរាប បានបញ្ជាក់នៅថ្ងៃទី១១ ខែសីហានេះថា ចំពោះសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការដក់ហូតកំពង់ផែទេសចរណ៍នៅតំបន់ចុងឃ្នៀស ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន ស៊ូ ជីង ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ គ្រប់គ្រងជាបណ្ដោះអាសន្នសិននោះ ខាងរដ្ឋបាលខេត្តបានទទួលហើយ ដោយនៅរងចាំតែការអនុវត្តប៉ុណ្ណោះ ដោយមិនទាន់កំណត់បានពីការអនុវត្តនៅពេលណា ឬថ្ងៃណានោះបានឡើយ៕