ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្នុងករណីពីរខុសគ្នា ដែលក្លែងខ្លួន ជាមន្ត្រីអបពទៅទារលុយពីជនរងគ្រោះ

78

ភ្នំពេញ ៖ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានថា ក្នុងរយៈពេលពីរថ្ងៃ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) បានឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្នុងករណីពីរខុសគ្នា ដែលក្លែងខ្លួនជាមន្ត្រី អ.ប.ព ទៅទារលុយពីជនរងគ្រោះ។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា កន្លងមកនេះមានលេចឮព័ត៌មាន ជាបន្តបន្ទាប់ នៅកន្លែងនេះ នៅកន្លែងនោះថា មានមន្ត្រី អ.ប.ព ទូរស័ព្ទទៅដើម្បីសុំលុយ ឬក៏ទារប្រាក់ជាថ្នូរនឹងការបិទបាំងនូវអំពើពុករលួយ។ ព័ត៌មានចុងក្រោយ គឺមានអំពើទារលុយនេះ រហូតដល់ប៉ះមកលើអ្នកគ្រូនាយិកាសាលា និងមុខសញ្ញាមួយចំនួនទៀត។

អ.ប.ព បានប្រមូលកម្លាំងធ្វើប្រតិបត្តិការយ៉ាងរហ័ស រហូតប្រមូលបានភស្តុតាងរឹងមាំជាក់លាក់ លើករណីពីរខុសគ្នា ដែលករណីមួយ ក្លែងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អ្នកនោះ គឺជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅទី១ ឯករណីទី ២ យើងមានការហួសចិត្ត ដែលជានាយកសាលាមួយរូបតាំងពីឆ្នាំ ២០១៥ មក បែរជាប្រព្រឹត្តអំពើមកលើនាយកសាលាដូចគ្នា មកលើគ្រូបង្រៀន ជាពិសេសមកលើនាយករងរបស់ខ្លួន និងមកលើគ្រូរបស់ខ្លួនបីបួននាក់។ មុននឹងបញ្ជូនទៅតុលាការ អ.ប.ព. បានរកគ្រប់វិធីដើម្បីឱ្យជនល្មើសទាំង ២ ករណីនេះ សងលុយមកដល់អ្នករងគ្រោះ បានយ៉ាងមានប្រសិទ្ធភាព។
ខាងក្រោមនេះ គឺជាព័ត៌មានលម្អិតពាក់ព័ន្ធនឹងករណីទាំង២ ខាងលើ និងរូបថតជនសង្ស័យ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ករណីក្លែងឋានៈជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងឆបោកមានសា្ថនទម្ងន់ទោសដើម្បីទារប្រាក់ពីជនរងគ្រោះ (ជនសង្ស័យ អ៊ុំ សេដ្ឋី មុខរបរ នាយកសាលាបឋមសិក្សា ហ៊ុន សែន ចម្រើនជាតិ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២១)។

អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ឈ្មោះ អ៊ុំ សេដ្ឋី ភេទប្រុស អាយុ៤០ឆ្នាំ មុខងារ នាយកសាលាបឋមសិក្សា ហ៊ុន សែន ចម្រើនជាតិ បានក្លែងឋានៈជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីជំរិតទារប្រាក់ពីជនរងគ្រោះជាច្រើននាក់ ក្នុងនោះរួមមានទាំងលោកគ្រូ-អ្នកគ្រូនៅក្រោមឱវាទរបស់ខ្លួនផ្ទាល់ និងខ្លះទៀតជានាយិកាផងដែរ។ ឈ្មោះ អ៊ុំ សេដ្ឋីបានបំភិតបំភ័យជនរងគ្រោះទាំងនោះតាមទូរស័ព្ទ (071 99 71 013) ដោយបានប្រាប់ទៅជនរងគ្រោះទាំងនោះថា ត្រូវគេបានប្តឹងមកកាន់ អ.ប.ព. ហើយពេលនេះសំណុំរឿងកំពុងនៅក្នុងដៃរបស់ខ្លួន (អ៊ុំ សេដ្ឋី) ប្រសិនបើខ្លួនចុះហត្ថលេខាបញ្ជូនសំណុំរឿងជូន ឯកឧត្តមប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នោះ ជនរងគ្រោះអាចប្រឈមមុខនឹងតុលាការ បាត់បង់តួនាទីជាគ្រូ ហើយត្រូវចាប់ខ្លួនដល់ផ្ទះជាដើម។ ក្នុងអំពើនេះឈ្មោះ អ៊ុំ សេដ្ឋី បានបង្ខំឲ្យជនរងគ្រោះវេរប្រាក់តាមប្រព័ន្ធ Wing ចាប់ពី ៥០០ដុល្លារ ទៅ ១,០០០ដុល្លារ ។

អ.ប.ព. បានតាមដានយ៉ាងគៀក ដោយឈ្មោះ អ៊ុំ សេដ្ឋី ទារប្រាក់បានសម្រេចចំនួន ៤ដង សរុបចំនួន ១៩០០ដុល្លារ និង ២.០០០.០០០រៀល ចាប់តាំងពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១ ហើយក៏ត្រូវបាន មន្ត្រីនគរបាលយុត្តិធម៌ អ.ប.ព. នាំខ្លួនពីបញ្ជរបើកប្រាក់វីងមួយកន្លែងមក អ.ប.ព. ដើម្បីស្តាប់ចម្លើយ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ។

អំពើរបស់ជនសង្ស័យ អ៊ុំ សេដ្ឋី ដែលបានក្លែងឋានៈជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងឆបោកមានស្ថាន ទម្ងន់ទោស ដើម្បីជំរិតទារប្រាក់ពីជនរងគ្រោះជាច្រើននាក់ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស កិត្យានុភាព និងជំនឿទុក ចិត្តរបស់ប្រជាជន ព្រមទាំងមហាជនមកលើ អ.ប.ព. ។

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនជនសង្ស័យឈ្មោះ អ៊ុំ សេដ្ឋី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២១ ដើម្បីបន្តនីតិវិធីច្បាប់។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអង្គភាពបឆាំងអំពើពុករលួយ ករណីក្លែងឋានៈជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងឆបោកមានស្ថានទម្ងន់ទោសស្តីពីដើម្បីទារប្រាក់ពីជនរងគ្រោះ (ជនសង្ស័យ ហ៊ឹម ភាព មុខរបរ រត់ម៉ូតូឌុប និងជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅទី១ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២១)។

អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ឈ្មោះ ហ៊ឹម ភាព ហៅ ជា សុភាព ហៅ ជា ភាព ហៅ ជា សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរ អ្នករត់ម៉ូតូឌុប និងជាអតីតសមាជិក ក្រុមប្រឹក្សាសង្កាត់ចោមចៅទី១ បានថ្លែងឋានៈជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីជំរិតទារប្រាក់ពីជនរងគ្រោះជាច្រើន នាក់។ ឈ្មោះ ហ៊ឹម ភាព បានបំភិតបំភ័យជនរងគ្រោះទាំងនោះតាមទូរស័ព្ទ (061 940 464) ដោយបានប្រើឈ្មោះថ្នាក់ដឹកនាំ អ.ប.ព. និងបានអះអាងថា ខ្លួន (ហ៊ឹម ភាព) មានឋានៈជា អនុប្រធាន អ.ប.ព. បានប្រាប់ទៅជនរងគ្រោះទាំងនោះថា ត្រូវគេ បានប្តឹងមកកាន់ អ.ប.ព. ប៉ុន្តែខ្លួន (ហ៊ឹម ភាព) អាចជួយសម្រួល ឬ បិទពាក្យប្តឹងបាន ហើយឈ្មោះ ហ៊ឹម ភាព នេះ ក៏បានទារ ប្រាក់ពីជនរងគ្រោះ ដោយឲ្យជនរងគ្រោះវេរតាមវីងមកខ្លួន (ហ៊ឹម ភាព) ។

បន្ទាប់ពីទទួលបានព័ត៌មានករណីថខាងលើ អ.ប.ព. បានតាមដានយ៉ាងគៀក ដោយឈ្មោះ ហ៊ឹម ភាព ទារប្រាក់បាន សម្រេចចំនួន ៤ដង ដែលមានទឹកប្រាក់សរុបចំនួន ៥០០ដុល្លារ និង ៧០០.០០០រៀល ចាប់តាំងពីថ្ងៃទី ០៦ ដល់ថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២១ ហើយក៏ត្រូវបាន អ.ប.ព. នាំខ្លួនឈ្មោះនេះពីបញ្ជរបើកប្រាក់វឹងមួយកន្លែងនៅក្នុងខណ្ឌពោធិ៍សែនជ័យ មក អ.ប.ព. ដើម្បីស្តាប់ចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

អំពើរបស់ជនសង្ស័យ ហ៊ឹម ភាព ហៅ ជា សុភាព ហៅ ជា ភាព ហៅ ជា សុវណ្ណារិទ្ធ ដែលធ្លាប់ជាប់ពន្ធនាគារក្នុង ឆ្នាំ ២០១១ ម្ដង ហើយមិនរាងចាល បានក្លែងឋានៈជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងឆបោកមានស្ថានទម្ងន់ទោស ដើម្បីជំរិតទារប្រាក់ពីជនរងគ្រោះជាច្រើននាក់ ហើយធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស កិត្យានុភាព និងជំនឿទុកចិត្តរបស់ ប្រជាជន ព្រមទាំងមហាជនមកលើ អ.ប.ព. ។

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនជនសង្ស័យឈ្មោះ ហ៊ឹម ភាព ហៅ ជា សុភាព ហៅ ជា ភាព ហៅ ដា សុវណ្ណារិទ្ធ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២១ ដើម្បីបន្តនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង