ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ប្រារព្ធពិធីអបអរសាទរ ទិវាបុណ្យឯករាជ្យឥណ្ឌាលើកទី៧៥ឆ្នាំ
ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិតទេវ្យានី ឧត្តម ខូប្រាកាឌេ ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាពប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ បានបង្ហូតទង់ជាតិដែលអមដោយការច្រៀងភ្លេងជាតិឥណ្ឌា ដេីម្បីប្រារព្ធពិធីអបអរសាទរទិវាបុណ្យឯករាជ្យឥណ្ឌាលើកទី៧៥ឆ្នាំ នៅស្ថានទូតឥណ្ឌា។
កម្មវិធីនេះត្រូវបានធ្វើឡើងដោយការអានសុន្ទរកថារបស់ប្រធានាធិបតីឥណ្ឌា ដោយឯកអគ្គរដ្ឋទូត និងមានការផ្សាយផ្ទាល់នៃកម្មវិធីវប្បធម៌ដែលធ្វើឡើងដោយសមាជិកសហគមន៍ឥណ្ឌានៅលើទំព័រផ្លូវការប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ស្ថានទូត។
ការប្រារព្ធខួបលើកទី៧៤ឆ្នាំ នៃការប្រារព្ធទិវាឯករាជ្យគឺជាផ្នែកដ៏សំខាន់ ជាពិសេសសម្រាប់កម្មវិធីដែលមានឈ្មោះថា «អាហ្សាឌី កា អមរិត ម៉ាហូដសាវ (Azadi ka Amrit Mahotsav)» ដែលប្រទេសឥណ្ឌារំកិលឆ្ពោះទៅរកការប្ររព្ធខួបលើកទី៧៥ឆ្នាំ នៃការទទួលបានឯករាជ្យនៅឆ្នាំក្រោយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ។
កម្មវិធីដែលមានឈ្មោះថា «អាហ្សាឌី កា អមរិត ម៉ាហូដសាវ (Azadi ka Amrit Mahotsav)» ត្រូវបានផ្តួចផ្តើមឡើងដោយលោក ណារិន្ទត្រា ម៉ូឌី នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២១ ហើយនឹងបន្តរហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ដោយសង្កត់ធ្ងន់លើសសរស្តម្ភចំនួន៥ មានទី១៖ ការតស៊ូសេរីភាព ទី២៖ គំនិតនានាសម្រាប់គម្រប់ខួប៧៥ឆ្នាំ ទី៣៖ សមិទ្ធផលនានាសម្រាប់គម្រប់ខួប៧៥ឆ្នាំ ទី៤៖ សកម្មភាពនានសម្រាប់គម្រប់ខួប៧៥ឆ្នាំ និងទី៥ ដំណោះស្រាយនានាសម្រាប់គម្រប់ខួប៧៥ឆ្នាំ ដែលសសរស្តម្ភទាំងអស់នេះជាកម្លាំងដឹកនាំ និងជំរុញឆ្ពោះទៅមុខដើម្បីរក្សានូវក្តីសុបិន និងភារកិច្ចទាំងឡាយនាពេលអនាគត។
ដោយផ្អែកលើគោលការណ៍សុខាភិបាល និងការរឹតត្បិតសម្រាប់ជួបជុំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កម្មវិធីទាំងមូលត្រូវបានធ្វើឡើងតាមអនឡាញ និងការផ្សាយផ្ទាល់តាមរយៈគេហទំព័រហ្វេសប៊ុករបស់ស្ថានទូត។