ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនម្នាក់ជិះម៉ូតូបុករថយន្តកុងតឺន័រ បត់ឆ្លងផ្លូវ ចូលក្រោមកង់រថយន្ត កិនបែកស្លាប់

50

 

ភ្នំពេញ ÷ យុវជនម្នាក់ជិះម៉ូតូលឿនពេក ខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូត ទៅបុកចំពាក់កណ្ដាលរថយន្តកុងតឺន័រ បើកបត់ឆ្លងផ្លូវ បណ្ដាលឱ្យចូលក្រោមកង់កិនបែកខួរ ស្លាប់ក្នុងថ្លុកឈាម។ ចំណែកតៃកុងរថយន្តបង្ករត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចំណុចជាប់វិទ្យាល័យពងទឹក ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ហ៊ុន សាន្តម៉ៅ ភេទប្រុស អាយុជា២០ឆ្នាំ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រ មួយគ្រឿង ក្បាលពណ៌ត្រួយចេកពាក់ផ្លាកលេខ ភ្នំពេញ 3E- 7550 បើកបរដោយបុរសម្នាក់ ចេញពីក្រុមហ៊ុនអិលវ៉ាយ សុីឡូជេស្ទិក និងត្រេនស្ពត ក្នុងទិសដៅពីត្បូង មកជើកឡើងផ្លូវជាតិលេខ៣ បម្រុងបត់ឆ្វេង ខណៈបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូ ម៉ាកហុងដាទ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅពាក់ផ្លាកលេខ តាកែវ 1V-6531 ជិះតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន បានជ្រុលទៅបុកចំពាក់កណ្តាល រថយន្តកុងតឺន័រ បណ្តាលឲ្យចូលក្រោមកង់កិនបែកខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម បន្ទាប់មកក៏បានពលរដ្ឋនៅកន្លែងកើតហេតុ រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យភ្លាមៗផងដែរ៕​

អត្ថបទដែលជាប់ទាក់ទង