មន្ត្រី៣រូប សហព័ន្ធកីឡា លើកទម្ងន់កម្ពុជា ចូលរួមមហាសន្និបាត របស់សហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ (IWF) តាមរយៈZoomនាថ្ងៃទី២៨ សីហា
ភ្នំពេញ៖សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាត្រៀមបញ្ជូនមន្ត្រី៣រូបទៅចូលរួមមហាសន្និបាតរបស់សហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ (IWF) តាមរយៈZoom នៅទីក្រុងដូហា ប្រទេសកាតាមានរយៈពេល៤ថ្ងៃដែលចាប់ពីថ្ងៃទី២៨រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។
លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានមានប្រសាសន៍តាមអនឡាញថា លោក និងមន្ត្រី២នាក់ទទៀតនឹងចូលរួមមហាសន្និបាតរបស់សហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ (IWF) តាមរយៈZoom នាថ្ងៃទី២៨ សីហាពីប្រទេសកម្ពុជាទៅដោយសារមេរោគ covid-19 យើងមិនអាចចូលរួមនៅទីក្រុងដូហា ប្រទេសកាតាដោយផ្ទាល់បានឡើយ។
សម្រាប់មន្ត្រី៣នាក់រួមមានរួបលោកផ្ទាល់ លោក អ៊ិត ហ៊ុនលី មន្រ្តីទំនាក់ទំនងអន្តរជាតិ និងកញ្ញា ហាន ស្រីនិច រដ្ឋបាលរបស់សហព័ន្ធ។ ក្នុងនោះសហព័ន្ធមានគោលបំណងឲ្យសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ (IWF)ជួយកីឡាលើកទម្ងន់កម្ពុជាផ្នែកគ្រូបង្វឹក និងអាជ្ញាកណ្តាល និងសម្ភារៈមួយចំនួនពាក់ព័ន្ធកីឡាលើកទម្ងន់។
លោកបានបន្តថា សហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ (IWF)ធ្លាប់ជួយឧបត្ថម្ភសម្ភារៈមួយចំនួនដែលមានតថ្លៃចំនួន៦ពាន់ដុល្លារម្តងហើយ។ ជាពិសេសព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 202៣ លើកទី៣២ នៅកម្ពុជានោះ ទើបចង់ឲ្យ IWFជួយផ្នែកបច្ចេកទេសច្រើនជាង។