ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី ជូនដំណឹងពីការចាក់វ៉ាក់សាំងដូសទី៣ ដល់ថ្នាក់ដឹកនាំ មន្ដ្រីសុខាភិបាល និងមន្ដ្រីរាជការចំណុះរដ្ឋបាលរាជធានីភ្នំពេញ

72

 

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងអាស្ដ្រាហ្សេនីកា ដូសជំរុញ ឬដូសទី៣ ជូនដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ មន្ដ្រីសុខាភិបាល និងបុគ្គលិក នៃរដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលខណ្ឌទាំង១៤, រដ្ឋបាលសង្កាត់ទាំង១០៥, មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ដ្រីសុខាភិបាលជួរមុខវិស័យឯកជន នៅរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់លោក-លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រី សុខាភិបាល និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាព ជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីសុខាភិបាលជួរមុខវិស័យឯកជន នៅរាជធានីភ្នំពេញឲ្យបានជ្រាបថា ក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និងកសាងខឿនសុខុមាលភាពសាធារណៈ ប្រឆាំងនឹង ជំងឺរាតត្បាតសកលកូវីដ-១៩ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ គន្លឹះ និងវិធានការប្រកបដោយប្រសិទ្ធភាព ជាពិសេសការខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បី ការពារអាយុជីវិតរបស់ប្រជាជន ក្នុងនោះ សម្រាប់មូលដ្ឋានរាជធានីភ្នំពេញ មន្ត្រីបម្រើសេវាសាធារណៈជួរមុខ និង ប្រជាពលរដ្ឋមានអាយុពី ១៨ ឆ្នាំឡើងទៅ បានទទួលវ៉ាក់សាំងដូសទី១ និងដូសទី២ រួចរាល់ស្ទើរតែ ១០០% និង កំពុងបន្តយុទ្ធនាការចាក់ជូនកុមារ-យុវវ័យមានអាយុពី ១២ ឆ្នាំ ដល់អាយុក្រោម ១៨ ឆ្នាំ សម្រេចបានជិត ២០ម៉ឺននាក់ បន្ថែមទៀត សំដៅបង្កើតឱ្យបាននូវភាពស៊ាំសហគមន៍ ឈានទៅបើកដំណើរការឡើងវិញលើគ្រប់វិស័យ និងការ រស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី។

យ៉ាងណាមិញ ស្ថិតក្នុងបរិការណ៍នៃការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បណ្តាលមក ពីមេរោគបំប្លែងខ្លួនថ្មី ជាពិសេសមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ដែលបាននឹងកំពុងវាយលុកយ៉ាងសកម្ម តាមបណ្តាទីក្រុង នៃប្រទេសក្នុងតំបន់អាស៊ាន រួមទាំងរាជធានីភ្នំពេញ និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចដាក់ចេញបន្ថែមនូវ “យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូស ទី៣ ឬ ដូសជំរុញ” ជូនដល់មន្ត្រីបម្រើសេវាសាធារណៈជួរមុខទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅបង្កើន ឬ ភាពស៊ាំសហគមន៍ឱ្យកាន់តែរឹងមាំ និងជាការគិតគូរបន្ថែមដល់សុខុមាលភាពរបស់ប្រតិបត្តិករជួរមុខ ដើម្បីកាត់ បន្ថយកម្រិតហានិភ័យ និងអត្រានៃការឆ្លងចូលក្នុងសហគមន៍ ឲ្យបានជាអតិបរមា។

ក្នុងន័យនេះ ដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ នាយករដ្ឋមន្តី អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ នឹង ដំណើរការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ដូសជំរុញ ឬ ដូសទី៣ ជូនដល់លោក-លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីសុខាភិបាល និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ៦៩ អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីសុខាភិបាលជួរមុខវិស័យឯកជន នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ តាមកម្មវិធី និងទីកន្លែងដែលបានកំណត់ជូនក្នុងឧបសម្ព័ន្ធន សេចក្តីជូនដំណឹងនេះ (ជូនភ្ជាប់តារាងឧបសម្ព័ន្ធ)។

ចំពោះឯកសារតម្រូវចាំបាច់ដែលត្រូវភ្ជាប់មកជាមួយ រួមមាន (១) ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ (២) ប័ណ្ណ សម្គាល់ខ្លួនមន្ត្រីរាជការ-បុគ្គលិក, ប័ណ្ណ ឬ ឯកសារបញ្ជាក់អត្តសញ្ញាណការងារនៅមន្ទីរពេទ្យ គ្លីនីក ឬវិស័យ ឯកជន និង (៣) អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬ ឯកសារដែលបានប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងដូសទី១ ព្រម ទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវ៉ាក់សាំងដូសជំរុញ ឬ ដូសទី៣ ពោលគឺធានានូវគម្លាតរយៈពេល ០៦ (ប្រាំមួយ) ខែ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងដូសទី១ ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើលោក-លោកស្រី ដែលជាប្រធានអង្គភាព-ស្ថាប័ន នីមួយៗ ត្រូវប្រើប្រាស់យន្តការផ្ទៃក្នុងដើម្បីជំរុញ លើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលជូនដល់មន្ត្រីរាជការ មន្ត្រី សុខាភិបាល និងបុគ្គលិកក្រោមឱវាទទាំងអស់ ដែលគ្រប់លក្ខខណ្ឌនៃការទទួលចាក់វ៉ាក់សាំងដូសជំរុញ ឬ ដួស ទី៣ ឱ្យទៅទទួលវ៉ាក់សាំង កុំបីខាន។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹក និងអំពាវនាវដល់លោក-លោកស្រីដែលអញ្ជើញ ទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬ ដូសទី៣ ត្រូវប្រកាន់ខ្ជាប់ឲ្យបានជាដាច់ខាតនូវការរក្សាគម្លាត សុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់ ហើយសូមចូលរួម អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមលោក-លោកស្រី ដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រី សុខាភិបាល និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ និងមន្ទីរ អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីសុខាភិបាលជួរមុខវិស័យឯកជន នៅរាជធានីភ្នំពេញ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តការងារនេះ ឲ្យមានប្រសិទ្ធភាព និងទទួលលទ្ធផលល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង