ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្កើតតំបន់ការពារធម្មជាតិថ្មីចំនួន៤ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងលុបចោលអាជ្ញាប័ណ្ណកកាយភ្នំណា ដែលមានភាពមិនប្រក្រតី

105


កំពត៖ តំបន់ការពារធម្មជាតិថ្មីៗចំនួន៤ រួមមាន៖ ១- ភ្នំក្បាលរមាស-ភ្នំឈ្ងោក ស្ថិតក្នុងស្រុកទឹកឈូ, ២- ភ្នំដំរី-ភ្នំផ្អាវ ស្ថិតក្នុងស្រុកកំពង់ត្រាច, ៣- ភ្នំកំពង់ត្រាច ស្ថិតក្នុងស្រុកកំពង់ត្រាច, និង៤- ភ្នំល្អាង ស្ថិតក្នុងស្រុកទឹកឈូ ត្រូវបង្កើតតំបន់ការពារធម្មជាតិ។

រដ្ឋបាលខេត្តកំពត បានបញ្ជាក់ថា ក្នុងគោលបំណងជួយរក្សាលំនឹងបរិស្ថាន លើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន តាមរយៈការបង្កើតសេវាកម្មទេសចរណ៍ ធម្មជាតិ វប្បធម៌ ជំនឿ និងមានតម្លៃមហាសាលផ្សេងៗទៀត ដែលជាមូលហេតុត្រូវរក្សាការពារ អភិរក្សធនធានធម្មជាតិ ជាការចាំបាច់សម្រាប់ប្រយោជន៍នាពេលបច្ចុប្បន្ន និងអនាគត នៅសាលាខេត្តកំពត នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្តល់យោបល់លើការកំណត់បង្កើតតំបន់ការពារធម្មជាតិចំនួន៤ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត ក្នុងនោះរួមមាន៖១.ភ្នំក្បាលរមាស-ភ្នំឈ្ងោក ស្ថិតក្នុងស្រុកទឹកឈូ ២.ភ្នំដំរី-ភ្នំផ្អាវ ស្ថិតក្នុងស្រុកកំពង់ត្រាច ៣.ភ្នំកំពង់ត្រាច ស្ថិតក្នុងស្រុកកំពង់ត្រាច ៤.ភ្នំល្អាង ស្ថិតក្នុងស្រុកទឹកឈូ។

អភិបាលខេត្តកំពត ឲ្យលុបចោលអាជ្ញាប័ណ្ណកកាយភ្នំណា ដែលមានភាពមិនប្រក្រតី និងផ្អាកចេញអាជ្ញាប័ណ្ណទាំងអស់មួយរយៈសិន។

លោកអភិបាលខេត្ត ជាវ តាយ ក៏បានណែនាំត្រួតពិនិត្យឡើងវិញរាល់អាជ្ញាប័ណ្ណ ដែលចេញដោយរដ្ឋបាលខេត្តកំពត ហើយចាប់តាំងពីររូបលោក ចូលមកកាន់តំណែងជាអភិបាលខេត្តកំពតមក មិនដែលបានចេញអាជ្ញាប័ណ្ណណាមួយ ឲ្យបុគ្គលណាម្នាក់កកាយភ្នំនោះទេ ហើយលោកនឹងផ្អាកអាជ្ញាប័ណ្ណ ឬលុបចោលទាំងស្រុង ប្រសិនបើក្រោយការត្រួតពិនិត្យឃើញមានភាពមិនប្រក្រតី។

ពាក់ព័ន្ធនឹងការចេញអាជ្ញាប័ណ្ណរបស់រដ្ឋបាលខេត្ត លោកកំពុងមានវិធានការ ផ្អាកមួយរយៈរាល់អាជ្ញាប័ណ្ណទាំងអស់ ដើម្បីសិក្សាត្រួតពិនិត្យ ឬលុបចោលទាំងស្រុង ដើម្បីរក្សាការពារ កុំឲ្យមានបញ្ហាកើតឡើង នៅពេលការអនុវត្តអាជ្ញាប័ណ្ណទាំងនោះ៕

អត្ថបទដែលជាប់ទាក់ទង