ពលរដ្ឋនិងអាជីវករជាង២០០នាក់ នៅផ្សារ៧មករា ក្រោយពិនិត្យយកសំណាក អវិជ្ជមានកូវីដ-១៩ទាំងអស់
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកលោកឯក ឃុនដឿន នៅព្រឹកថ្ងៃទី១៩ខែសីហានេះបានដឹកនាំមន្ត្រីនិងអាជ្ញាធរសង្កាត់ ចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងផ្សារ៧មករា ទល់មុខផ្សារទួលគោកក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក្រោយពីបានបិទខ្ទប់កាលពីយប់មិញ ដើម្បីពិនិត្យយកសំណាកបងប្អូនប្រជាពលរដ្ឋនិងអាជីវករ នៅព្រឹកថ្ងៃទី១៩សីហានេះ ដោយសារតែមានអ្នកមានវិជ្ជមានកូវីដ–១៩ បំប្លែងថ្មី ដែលតា(Delta) ចំនួន៣នាក់បានចេញ ចូលទិញឥវ៉ាន់ក្នុងផ្សារនេះ ។
ការត្រួតពិនិត្យទីតាំងយកសំណាក នៅផ្សារ៧ មករាពីសំណាក់លោកឯក ឃុនដឿននេះ ធ្វើឡើង ដើម្បីជម្រុញឲ្យក្រុមការងារយកចិត្តទុកដាក់លើការយកសំណាកការជំរុញឲ្យអនុវត្តនូវវិធាន សុខាភិបាលពិសេសគឺ ការអនុវត្តវិធាន ៣កុំនិង៣ការពាររបស់សម្ដេចតេជោហ៊ុន សែនក្នុងកិច្ចការពារទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ–១៩។
លោកឯក ឃុនដឿនបានបញ្ជាក់ឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋនិងអាជីវករដែលបានយកសំណាកនៅផ្សារ ៧មករានេះ មានចំនួនប្រមាណជាង២០០នាក់ ហើយការបង្កើតអោយមានការពិនិត្យយកសំណាកនេះ គឺដោយសារតែ មានបងប្អូនប្រជាពលរដ្ឋចំនួន៣នាក់មានវិជ្ជមានកូវីដ–១៩ បំប្លែងថ្មី ប្រភេទដែលតា(Delta) ។
លោកឯក ឃុនដឿន បានមានប្រសាសន៍បន្តថា ដោយមានការយកចិត្តទុកដាក់ពីលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទួលគោក សហការជាមួយនឹងគ្រូពេទ្យ ចុះពិនិត្យយកសំណាកបងប្អូនអាជីវករទាំងអស់នៅក្នុងផ្សារខាងលើ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ–១៩ ពីបុគ្គលមួយទៅបុគ្គលមួយទៀត។
ក្នុងឱកាសដែល លោកឯក ឃុនដឿន ក៏បានធ្វើការណែនាំឲ្យអាជ្ញាធរ បន្តណែនាំទៅបងប្អូនប្រជាពលរដ្ឋបន្ថែមទៀត ជុំវិញ ការអនុវត្តឱ្យបាននូវវិធានរបស់ក្រសួងសុខាភិបាល ការណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញ ពិសេសអនុវត្តវិធាន ៣កុំនិង៣ការពាររបស់សម្ដេចតេជោហ៊ុនសែន។
លោកបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋនិងអាជីវករទាំងអស់ក្រៅពីយកសំណាកនៅទីតាំងខាងលើ បងប្អូនអាចទៅយកសំណាងនៅវិទ្យាល័យបាក់ទូក មួយទីតាំងទៀត ។ លោកក៏បានបញ្ជាក់ទៀតថា ក្រោយពីការយកសំណាកនៅទីតាំងផ្សារ៧មករានេះរួចរាល់ នៅរសៀលថ្ងៃទី១៩សីហានេះ អាជ្ញាធរខណ្ឌទួលគោកនិងសហការជាមួយក្រុមគ្រូពេទ្យចុះយកសំណាកបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ៥សង្កាត់បឹងសាឡាងខណ្ឌទួលគោកបន្តទៀត ដោយសារតែពួកគាត់បានពាក់ព័ន្ធទៅនិងអ្នកមានវិជ្ជមានកូវីដ–១៩ បំប្លែងថ្មី ប្រភេទដែលតា(Delta)ដែរ។
លោកឯក ឃុនដឿន បានបញ្ជាក់នៅរសៀលម៉ោងជាង១២នេះថា ក្រោយការពិនិត្យយកសំណាកពលរដ្ឋនិងអាជីវករជាង២០០នាក់នៅផ្សារ៧មករានេះ គឺអវិជ្ជាមានទាំងអស់៕