ដាំដើមចំបុី និងដើមផ្កាលំអ បុស្សបុក រង្វង់មូលស្រុកគូលែន សម្រាប់តម្កល់រូបសំណាក់លោកឪសួង
ខេត្តព្រះវិហារ៖ មន្ត្រីជំនាញរួមជាមួយ លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារព្រមទាំងមន្ត្រីក្រោមឱវាទកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ បានរៀបចំដាំដើមចំបុី និងដើមផ្កាលំអ បុស្សប៉ុក នៅរង្វង់មូលស្រុកគូលែន សម្រាប់តម្កល់រូបសំណាក់លោកឪសួង (អ្នកសច្ចំភ្នំត្បែង) ។
ការតម្កល់រូបសំណាក់លោកឪសួង (អ្នកសច្ចំភ្នំត្បែង)និងការ ដាំដើមចំបុី និងដើមផ្កាលំអ បុស្សបុក រង្វង់មូលស្រុកគូលែននេះធ្វើឡើងក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្តនៅខេត្តព្រះវិហារកាន់តែច្រើនថែមទៀត ស្របពេលដែលផ្លូវជាច្រើនខ្សែទៅកាន់ខេត្តនេះ ល្អស្អាតងាយស្រួលក្នុងការធ្វើដំណើរនោះ។
លោកសំ លាងទ្រី ធ្លាប់បានមានប្រសាសន៍ហើយថា ការរៀបចំរូបសំណាក់នេះឡើង គ្រាន់តែជាការតំណាងអោយលោកឪសួង អ្នកមានបុណ្យបារមុី អ្នកសច្ចំភ្នំត្បែង ជាពិសេសគឺមានបំណងសូមអោយវិញ្ញាណក្ខ័ន្ធលោកតាមកសន្ធិនៅ ជាមួយប្រជាពលរដ្ឋខ្មែរគ្រប់រូប ដើម្បីរស់នៅជាខែ្មរតែមួយ ក្រោមម្លប់សន្តិភាព វឌ្ឍនភាព ដូចសម័យមហានគរ ។
លោកថា ក្នុងនាមរដ្ឋបាលខេត្តព្រះវិហារ លោកសូមថ្លែងអំណរ អរគុណយ៉ាងជ្រាលជ្រៅបំផុត និងទទួលយកនូវរាល់ការរិះគន់ដើម្បីស្ថាបនា ការផ្តល់មតិ ដែលជាការរួមចំណែកដ៏មានតម្លៃបំផុតសម្រាប់ជាតិខ្មែរយើង ៕






