ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផលរំខានចំបង បង្កឡើងដោយ ជំងឺកូវីដ-១៩ មានន័យថា កម្ពុជាត្រូវស្វែងរកធនធានថ្មីៗ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច

62

ភ្នំពេញ ៖ ជំងឺកូវីដ-១៩ បានបង្កផលរំខានជាខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ម្ពុជា មានន័យថាកម្ពុជាត្រូវស្វែងរកធនធានថ្មីៗ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

កាលពីម្សិលមិញ ថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០២១ ឯកអគ្គរាជទូតអូស្ត្រាលី Pablo Kang បានបង្ហាញសង្ខេបជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីកម្មវិធីជំនួយថ្មីៗរបស់អូស្រ្តាលី ក្នុងប្រទេសកម្ពុជា ក្រោមភាពជាដៃគូមេគង្គ-អូស្ត្រាលី ដែលមានគោលបំណងប្រើប្រាស់ឱកាសថ្មីៗ និងគ្រប់គ្រងហានិភ័យ ដើម្បីពង្រឹងភាពរឹងមាំ និងការស្តារឡើងវិញពីជំងឺកូវីដ-១៩ របស់កម្ពុជា។ នេះរួមបញ្ចូលទាំងការគាំទ្របន្ថែម ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្ម និងជំរុញកំណើននៃវិស័យកែច្នៃកសិផល ដោយការគាំទ្រដល់ការបង្កើតឧទ្យានឧស្សាហកម្មម្ហូបអាហារអាភី (AIPs) តំបន់ឧស្សាហកម្មដែលមានឧបករណ៍ប្រើប្រាស់កែច្នៃរួមគ្នា។

បើតាមសេចក្តីប្រកាសព័ត៌មាន ថ្ងៃទី១៨ខែសីហានេះ ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ឯកឧត្តម Pablo Kang បានបង្ហាញសង្ខេបជូនចំពោះ ឯក ឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីកម្មវិធី ជំនួយថ្មីៗរបស់អូស្ត្រាលី ក្នុងប្រទេសកម្ពុជា ក្រោមភាពជាដៃគូមេគង្គ-អូស្ត្រាលី។

ក្រោមភាពជាដៃគូមេគង្គ-អូស្ត្រាលី ប្រទេសអូស្ត្រាលីនឹងផ្ដល់នូវធនធានថ្មី ដើម្បីគាំទ្រការធ្វើទំនើបនីយកម្មដល់ វិស័យកសិកម្មកម្ពុជា និងការអភិវឌ្ឍឧស្សាហកម្មកែច្នៃកិសិផល ដែលជាធាតុសំខាន់នៃយុទ្ធសាស្ត្រស្តារសេដ្ឋ កិច្ចកម្ពុជាឡើងវិញ។

កំឡុងកិច្ចប្រជុំ ឯកអគ្គរាជទូត និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចូលរួមជាធ្វើជាសាក្សីទៅលើការចុះហត្ថលេខាអនុស្សារណៈនៃការយោគយល់គ្នា រវាង កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) និង ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ស្តីពីការផ្តល់ការគាំទ្រក្នុងការបង្កើតសួនឧស្សាហកម្មកសិចំណីអាហារ (AIP)។

ឯកអគ្គរាជទូតPablo Kang បានលើកឡើងថា “ផលរំខានចំបងបង្កឡើងដោយជំងឺកូវីដ-១៩ មានន័យថា កម្ពុជាត្រូវស្វែងរកធនធានថ្មីៗ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។ តាមរយៈភាព ជាដៃគូរមេគង្គ-អូស្ត្រាលី ពួកយើងមានសេចក្តីរីករាយ ក្នុងការជួយគាំទ្រកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្ដួចផ្ដើមដំណើរ ការវិស័យកែច្នៃកសិផល ដែលនៅមានភាពក្មេងខ្ចីនៅឡើយ ប៉ុន្តែមានសក្តានុពលពិត ដើម្បីជំរុញការស្តារសេដ្ឋ កិច្ចកម្ពុជាឡើងវិញ”។

ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ CAVAC នឹងផ្តល់ការគាំទ្របច្ចេកទេស និងថវិកាជួយទៅដល់ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដើម្បីបង្កើត និងអនុវត្តគំរូសេដ្ឋកិច្ចសមស្របមួយ សម្រាប់សួនឧស្សាហកម្មកសិ ចំណីអាហារ (AIP)។ AIP គឺជាតំបន់ឧស្សាហកម្ម ដែលផ្តោតលើការកែច្នៃកសិផលដោយមានសេវាផ្តល់ជូនរួមជាលក្ខណៈ “ច្រកចេញ-ចូលតែមួយ” អនុលោមតាមបទប្បញ្ញត្តិ និងសណ្ឋានផ្សេងៗ ដូចជាការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងគ្រឿងបរិក្ខារធ្វើតេស្តសាកល្បងរួម។ កិច្ចការនេះ បង្កើតអោយមានសុគតភាព និងអាចពង្រីក ដើម្បីជួយដល់កម្ពុជាប្រកួតប្រជែងជាមួយ ស្ថាប័នកែច្នៃកសិចំណីអាហារ នៅក្នុងប្រទេសជិតខាង។

ជំនួយរបស់ CAVAC នឹងបញ្ចូលការសិក្សាពេញលេញមួយអំពីលទ្ធភាពនៃការបង្កើតគម្រោង និងការសិក្សាទី តាំងពាណិជ្ជកម្មជាក់លាក់ រួមមានការវិភាគលើផលប្រយោជន៍ដែលកសិករទទួលបាននៅតាមតំបន់ក្បែរទី តាំងគម្រោង និងអនុសាសន៍សម្រាប់ក្របខណ្ឌបញ្ញត្តិ ដែលផ្តល់អំណោយផលល្អជាងគេ។ កិច្ចការនេះផងដែរ នឹងត្រូវបន្ថែមទៅលើការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំ និងប្រព្រឹត្តទៅនៃយុទ្ធនាការអន្តរជាតិ ក្នុង ការទាក់ទាញវិនិយោគទុនលើវិស័យកសិចំណីអាហារ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “អាទិភាពចំពោះមុខរបស់រដ្ឋាភិបាល គឺប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ និង ការកសាងសមត្ថភាពកម្ពុជា ដើម្បីអាចរស់នៅជាមួយ ជំងឺកូវីដ-១៩ ក្នុងរយៈពេលមធ្យម និង វែង។”

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា “អំឡុងពេលនេះ រាជរដ្ឋាភិបាលកំពុង រៀបចំផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដោយផ្តោតលើគោលការណ៍គន្លឹះចំនួនបីគឺ ការងើប ឡើងវិញ កំណែទម្រង់ និង ភាពធន់ (៣Rs) ដែលផ្តោតលើការគាំទ្រវិស័យអាទិភាពជាច្រើន ជាពិសេសវិស័យ ដែលរងផលប៉ះពាល់ខ្លាំងដោយវិបត្តិជំងឺកូវីដ-១៩។”

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ជំនួយហិរញ្ញវត្ថុ និង បច្ចេកទេសរបស់រដ្ឋាភិបាលអូស្ត្រាលី គឺនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចឱ្យបាននូវ អាទិភាពគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលនឹងរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងអនុវត្តផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ។

ភាពជាដៃគូមេគង្គ-អូស្ត្រាលី គឺជាកញ្ចប់ថវិកាជំនួយចំនួន ២៣២ លានដុល្លារអូស្ត្រាលី សម្រាប់រយៈពេល៤ឆ្នាំ ដើម្បីជួយដល់ការស្ដារសេដ្ឋកិច្ចឡើងវិញ ក្នុងអនុតំបន់ទន្លេមេគង្គពីជំងឺកូវីដ-១៩ និងបង្កើតភាពធន់ចំពោះ សេដ្ឋកិច្ច និងបរិស្ថានក្នុងតំបន់ តាមរយៈភាពជាដៃគូមេគង្គ-អូស្ត្រាលី ប្រទេសអូស្ត្រាលីបានផ្តួចផ្តើម សកម្មភាពថ្មីៗមួយចំនួន រួមមានថាមពលកកើតឡើងវិញ ធនធានទឹក ការការពារអ្នកប្រើប្រាស់ អាហារូបករណ៍ សន្តិសុខបច្ចេកវិទ្យា និងការពង្រឹងវិនិយោគទុន។ ចំណែកនៃថវិកាដំបូងចំនួន ៥,៥ លានដុល្លារអូស្ត្រាលី (៤ លានដុល្លារសហរដ្ឋអាមេរិក) ត្រូវបានចំណាយសម្រាប់សកម្មភាព នៅកម្ពុជា ក្នុងខែមិថុនា ឆ្នាំ២០២១ ជាមួយនឹងចំណែកផ្សេងៗទៀតកំពុងត្រូវបានរៀបចំ សម្រាប់ឆ្នាំ២០២១-២០២២ បន្ថែមលើកម្មវិធីជំនួយទាំងអស់ បច្ចុប្បន្នប្រមាណ ៦៦លានដុល្លារអូស្ត្រាលី (៤៨លានដុល្លារសហរដ្ឋអាមេរិក)៕

អត្ថបទដែលជាប់ទាក់ទង