ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៥ ខែដំបូងឆ្នាំនេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រុមមន្ត្រីឧទ្យានុរក្ស ដកអន្ទាក់ចេញចំនួនជាង ១០,០០០អន្ទាក់

161

 

ភ្នំពេញ ៖ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃWildlife Alliance Cambodia នៅថ្ងៃទី២០ខែសីហា ឆ្នាំ២០២១នេះ បានចេញរបាយការណ៍មួយថា តើអ្នកដឹងទេ៖​​​ ក្នុងរយៈពេល ៥ ខែដំបូងក្នុងឆ្នាំនេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រុមមន្ត្រីឧទ្យានុរក្ស របស់ក្រសួងបរិស្ថាន បានដកអន្ទាក់ចេញចំនួនជាង ១០,០០០អន្ទាក់? ការសម្លាប់នៃអន្ទាក់ ពួកគេដូចជាជញ្ជាំង នៃការស្លាប់របស់សត្វនៅក្នុងព្រៃ រួមទាំងប្រភេទសត្វ ដែលរងការគំរាមកំហែងផងដែរ។

លោកនេត ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានសរសេរសារលើផេកហ្វេសប៊ុកផ្លូវការថា ព្រៃឈើជាជម្រកសត្វព្រៃ ដែលចាំបាច់ត្រូវការពារនិងអភិរក្ស អន្ទាក់គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃ ដែលចាំបាច់ត្រូវបន្តការអនុវត្តច្បាប់ប្រឆាំង នឹងជនល្មើស និងដោះអន្ទាក់ចេញពីព្រៃធម្មជាតិ
ស្ថានភាពសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិត្រូវបានអ្នក ជំនាញវាយតម្លៃថាមានភាពប្រសើរឡើងមួយកម្រិត ទោះបីជានិន្នាការនៃការបាត់បង់ជីវៈចម្រុះ នៅតែមានហានីភ័យ។ ប្រភេទសត្វកម្រមួយចំនួនមានកំណើនឡើង ហើយតំបន់ខ្លះមានចំនួននៅឋិតថេរ និងខ្លះមានការថយចុះ។ កំណើនវត្តមានសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិនេះ ដោយសារតែលទ្ធផលនៃការការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើដែលជាជម្រករបស់ពពួលសត្វព្រៃមានភាពប្រសើរឡើង ការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព។ នេះគឺដោយសារតែកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងមន្ត្រីជំនាញ អង្គការដៃគូ ដៃគូអភិវឌ្ឍន៍ និងសហគមន៍តំបន់ការពារធម្មជាតិ ក្នុងការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិ។

លោកបន្តថា អន្ទាក់ និងកាំភ្លើងកែច្នៃ ដែលជាឃាតកលាក់មុខសម្លាប់សត្វ ត្រូវបានមន្ត្រីឧទ្យានុរក្ស សត្តរក្ស និងប្រជាសហគមន៍តំបន់ការពារធម្មជាតិ បានចូលរួមដោះ ប្រមូលយក និងកម្ទេចចោល។ សត្វព្រៃជាច្រើនពាន់ក្បាលត្រូវបានជួយសង្គ្រោះនិងដោះលែងចូលក្នុងព្រៃធម្មជាតិវិញ ហើយសត្វព្រៃមួុយចំនួន ដែលមានសុខភាពមិនល្អ ក្រសួងបរិស្ថានបានសហការ ជាមួយដៃគូរដើម្បីថែរក្សាព្យាបាល ឱ្យជាមានសុខភាពល្អ ទើបប្រលែងចូលក្នុងព្រៃធម្មជាតិ ដែលជាទីសុវត្ថិភាព។ ឆ្នាំ២០២០ កន្លងទៅ អន្ទាក់ជិត ៥០០០០ ត្រូវបានដោះចេញពីក្នុងតំបន់ព្រៃអភិរក្ស។

ក្នុងនាមស្ថាប័នអ្នកអភិរក្សធនធានធម្មជាតិ និងអង្គការដៃគូដែល​ បានសហការគ្នាក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ក្រសួងបរិស្ថានពិតជាមានមោទកភាព ដែលឃើញវត្តមានសត្វព្រៃមួយចំនួនកើនឡើង ខ្លះនៅមានចំនួនថេរ នៅក្នុងតំបន់ការពារធម្មជាតិ។ នេះគឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងរួមគ្នា ពីសំណាក់មន្ត្រីនៃក្រសួងបរិស្ថាន អង្គការដៃគូ ដៃគូអភិវឌ្ឍន៍ សហគមន៍តំបន់ការពារធម្មជាតិ និងស្ថាប័នពាក់ព័ន្ធនានាដែលបានពួតដៃគ្នា ក្នុងការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ ដោយឈរលើមូលដ្ឋានអនុវត្តច្បាប់ជាធរមាន ការរួមគ្នាទទួលខុសត្រូវ និងជាកិច្ចសហការប្រកបដោយភាពស្មោះត្រង់ និងស្ថាបនា។

សូមអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមទាំងអស់គ្នា ដើម្បីបញ្ឈប់ការបរបាគញ់សត្វព្រៃ ការដាក់អន្ទាក់ចាប់សត្វព្រៃ បញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃគ្រប់ប្រភេទ ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជា ឲ្យនៅស្ថិតស្ថេរ សម្រាប់អនាគតយើង និងកូនចៅយើងទាំងអស់។
សកម្មភាពទាំងនេះ នឹងជួយការពារទាំងសុខភាព សុខុមាលភាពរបស់មនុស្ស និងសត្វ ជីវៈចម្រុះ ព្រមបរិស្ថានទាំងអស់ ដែលនៅជុំវិញយើង ក៏ដូចជាចូលរួមទប់ស្កាត់ ហានិភ័យនៃការបាត់បង់ជីវៈចម្រុះ និង ការ ប្រែប្រួលអាកាសធាតុ ជា ដើម។ ដើម្បីអនាគតមនុស្សជាតិ យើងត្រូវរួមគ្នាការពារនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃ៕

អត្ថបទដែលជាប់ទាក់ទង