ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច​ក្រឡាហោម ស​ ខេ​ង​ ៖​ ត្រូវ​បន្តការងារ​អប់រំ​ផ្សព្វផ្សាយ​ អំពី​ការ​អនុវត្ត​វិធានការ​«៣​កុំ​ ៣​ការពារ​»​ ពង្រឹង​ការ​អនុវត្ត​ច្បាប់​និង​វិធានការ​ និង​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ ឱ្យ​បាន​តាម​គោលការណ៍​ក្រសួងសុខាភិបាល​

73

 

​ភ្នំពេញ​ ៖​ ​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ផ្ដល់​អនុសាសន៍​ឱ្យ​បន្តការងារ​អប់រំ​ផ្សព្វផ្សាយ​អំពី​ការ​អនុវត្ត​វិធានការ​៣​កុំ​ ៣​ការពារ​ ពង្រឹង​ការ​អនុវត្ត​ច្បាប់​ និង​វិធានការ​ និង​ត្រូវ​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​តាម​គោលការណ៍​ក្រសួងសុខាភិបាល​ ។​

ជាមួយ​គ្នា​នេះ​ សម្ដេច​ក្រឡាហោម​ ឧបនាយករដ្ឋមន្ត្រី​ ក៏​បាន​ណែនាំ​ឱ្យ​មានការ​ផ្ដល់​ព័ត៌មាន​អំពី​សំណើ​ និង​សំណូមពរ​នានា​ដើម្បី​រៀប​ចំការ​សម្របសម្រួល​ ពិសេស​ជាមួយ​ក្រសួងសុខាភិបាល​ ហើយ​គ្រប់​អង្គភាព​ត្រូវធ្វើ​របាយការណ៍​ឱ្យ​ទៀងទាត់​ ។​

​នា​ឱកាស​នោះ​ដែរ​ សម្ដេច​ក្រឡាហោម​ ក៏​បាន​សម្ដែង​ការ​កោត​ស​សើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ឯកឧត្តម​រដ្ឋ​លេខា​ទទួល​បន្ទុក​ និង​ឯកឧត្តម​អគ្គនាយក​ពន្ធនាគារ​ ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩​ក្នុង​ពន្ធនាគារ​ ពិសេស​ការ​រៀបចំ​ចាក់​វ៉ាក់សាំង​ជូន​អ្នក​ជាប់​ឃុំ​ ។

នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ​ទី​២១​ ខែសីហា​ ឆ្នាំ​២០២១​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​តាមដាន​វឌ្ឍនភាព​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩​ របស់​ក្រសួងមហាផ្ទៃ​ តាម​ប្រព័ន្ធ​វី​ដេ​អូ​ Zoom​ ។​

​យោង​តាម​របាយការណ៍​របស់​ ឯកឧត្តម​ សេង​ យូ​អ៊ា​ន់​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុ​ភារ​ និង​ហិរញ្ញវត្ថុ​ គិត​ត្រឹម​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០២១​ ក្រសួងមហាផ្ទៃ​បាន​ទទួល​វ៉ាក់សាំង​ពី​ក្រសួងសុខាភិបាល​ ចំនួន​២០​លើក​ ស្មើនឹង​១០៧,៣២១​ដូ​ស​ និង​ទទួល​បាន​សម្ភារៈ​បរិក្ខារ​មួយ​ចំនួន​ទៀត​ ។​ ឯកឧត្តម​ អគ្គនាយក​បន្ត​ថា​ ក្រសួងមហាផ្ទៃ​ក៏​បាន​ទទួល​ជំនួយ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩​នេះ​ ផ្ដល់​ដោយ​ថ្នាក់ដឹកនាំ​ក្រសួង​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ អគ្គនាយកដ្ឋាន​ភស្តុ​ភារ​ និង​ហិរញ្ញវត្ថុ​ អគ្គនាយកដ្ឋាន​ និង​អង្គភាព​ចំណុះ​នានា​មួយ​ចំនួន​ទៀត​ មាន​ទាំង​ជំនួយ​ថវិកា​ និង​សម្ភារៈ​បរិក្ខារ​ ។​

​ឯកឧត្តម​បាន​បន្ថែម​ថា​ ក្រសួងមហាផ្ទៃ​ ក៏​បាន​ទទួល​ឧបករណ៍​តេស្ត​រហ័ស​ផ្ដល់​ដោយ​ក្រសួងសុខាភិបាល​ និង​ទទួល​បាន​ពី​ជំនួយ​ថ្នាក់ដឹកនាំ​ក្រសួង​ និង​សប្បុរសជន​ជា​បន្តបន្ទាប់​ ព្រមទាំង​បាន​បញ្ជា​ទិញ​ឧបករណ៍​តេស្ត​រហ័ស​នេះ​បន្ថែម​សម្រាប់​ការ​ប្រើប្រាស់​ផង​ដែរ​ ។​

​ពាក់ព័ន្ធ​នឹង​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ ឯកឧត្តម​ សេង​ យូ​អ៊ា​ន់​ បាន​បញ្ជាក់​ថា​ មក​ដល់​ពេល​នេះ​មាន​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ចំណុះ​ក្រសួងមហាផ្ទៃ​ ២.១៩៨​នាក់​ បាន​ឆ្លង​ជំងឺ​នេះ​ ក្នុង​នោះ​ជា​សះស្បើយ​ ១.៤៤១​នាក់​ កំពុង​ព្យាបាល​ ៧៣៦​នាក់​ និង​ស្លាប់​ ២១​នាក់​ ។​ ឯកឧត្តម​អគ្គនាយក​ ក៏​បាន​រាយការណ៍​ជូន​សម្ដេច​ ព្រមទាំង​អង្គប្រជុំ​ អំពី​ការ​បែងចែក​ជំនួយ​ថវិកា​ និង​សម្ភារៈ​ ដំណើរការ​ចាក់​វ៉ាក់សាំង​ និង​កិច្ចការ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​ការ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩​នៅ​ក្រសួងមហាផ្ទៃ​ ៕

អត្ថបទដែលជាប់ទាក់ទង